ប្រព័ន្ធប្រឡាយបង្ហូរទឹកនៅក្រុងព្រះសីហនុ កំពុងត្រូវបានយកចិត្តទុកដាក់ស្តា និងកែលម្អ ឲ្យបានល្អប្រសើរឡើងវិញ ដើម្បីដោះស្រាយបញ្ហាជន់លិច
ប្រព័ន្ធប្រឡាយបង្ហូរទឹក នៅក្រុងព្រះសីហនុ កំពុងត្រូវបានយកចិត្តទុកដាក់ស្តា និងកែលម្អឲ្យបានល្អប្រសើរឡើងវិញ ដើម្បីដោះស្រាយបញ្ហាជន់លិច។ ករណីនេះ អាជ្ញាធរកំពុងមានការលំបាកក្នុងការដោះស្រាយខ្លះដែរ ព្រោះអូរប្រឡាយភាគច្រើន ត្រូវគេរំលោភសង់ផ្ទះស្នាក់នៅ ឬធ្វើរបងហ៊ុមព័ទ្ធយកជាកម្មសិទ្ធិ។
ខេត្តព្រះសីហនុ ក្រោយរងការជន់លិចយ៉ាងដំណំនៃជំនន់ទឹកភ្លៀង ក្រុមការងារជាតិ និងថ្នាក់ខេត្ត កំពុងស្ទុះស្ទារកែលម្អប្រព័ន្ធប្រឡាយបង្ហូរទឹកនៅក្នុងក្រុងព្រះសីហនុឡើងវិញជាបន្ទាន់។ ក្នុងនោះ វត្តមានឧបនាយករដ្ឋមន្រ្តី ឯកឧត្តម ជា សុផារ៉ា ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ឯកឧត្តមប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្ត/ក្រុងព្រះសីហនុ រួមជាមួយនឹងអាជ្ញាធរខេត្ត/ក្រុងផងដែរ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩នេះ ឯកឧត្តម តឹក រ៉េតសំរេច ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយមូលដ្ឋានក្រុងព្រះសីហនុ បានអញ្ជើញប្រកាសបើកឲ្យអនុវត្តន៍គម្រោងស្ដា និងកែលម្អប្រឡាយជំហាន១ក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខណៈតំបន់នេះ តែងរងការជន់លិចជាបន្តបន្ទាប់ ក្រោយពេលមានភ្លៀងដែលប្រើប្រាស់ថវិកាក្រសួងបរិស្ថានផ្ទាល់។
ស្របពេលជាមួយគ្នានេះ នៅរសៀលថ្ងៃដដែលនេះដែរ អភិបាលខេត្តព្រះសីហនុ ក៏បានចុះបញ្ជាឲ្យកាយប្រឡាយបង្ហូរទឹកនៅទីតាំងខាងក្រោយឆ្នេរអូឈើទាលជាប់នឹងអាងចម្រោះទឹកស្អុយក្រុងព្រះសីហនុ។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ពេលនេះគ្រឿងចក្រជាង១០គ្រឿង បាននឹងកំពុងបញ្ជូនមកខេត្តព្រះសីហនុ ដើម្បីធ្វើការកាយជាបន្ទាន់ក្នុងការបើកមុខទឹកឲ្យហូរបានលឿន។ ចំពោះមុខនេះ ប្រឡាយ(អូរ១) គឺជាចំណុចគោលដែលត្រូវកែលម្អមុនគេ។ ឯកឧត្តម គួច ចំរើន បានគូសបញ្ជាក់ថា “ដើម្បីរំដោះការជន់លិចក្នុងក្រុងព្រះសីហនុ ចាំបាច់ណាស់ ត្រូវធ្វើការស្តាប្រព័ន្ធប្រឡាយនេះឡើងវិញ បើទោះបីជាពេលនេះស្ថានភាពទឹកជំនន់ ត្រូវបានស្រកចុះអស់ទៅវិញហើយក្តី តែដើម្បីធានាកុំឲ្យមានការជន់លិចថ្ងៃក្រោយទៀត យើងត្រូវតែកាយអត់មាននៅស្ទាក់ស្ទើរទៀតទេ”។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា “ទោះយើងកាយតែ មិនកាយប៉ះពាល់ដល់ដីកម្មសិទ្ធិរបស់ប្រជាពលរដ្ឋនោះទេ គឺកាយស្របទៅតាមនិយាមការដែលមន្ត្រីជំនាញបានកំណត់ត្រឹមត្រូវ”។
ដោយឡែកប្រជាពលរដ្ឋ ដែលបានសង់សំណង់រំលោភលើអូ ឬធ្វើរបងព័ទ្ធយកដីចំណីអូររដ្ឋបាលខេត្តកំពុងពិចារណារកដំណោះស្រាយ។ ចំពោះមុខនេះ ក្រុមការងារមិនទាន់កាយផ្ទះដែលសង់លើអូរឡើយដោយរង់ចាំពិនិត្យផលប៉ះពាល់ច្បាស់លាស់សិន។ ណាមួយពេលនេះ រដ្ឋមិនទាន់បានដោះស្រាយផលប៉ះពាល់នៅឡើយដែរ។ ទន្ទឹមនេះ ឯកឧត្តម គួច ចំរើន ស្នើសុំឲ្យអ្នកដែលរំលោភអូរទាំងអស់ត្រូវរួមសហការជាមួយអាជ្ញាធរ ដើម្បីកែលម្អប្រព័ន្ធប្រឡាយឲ្យមានភាពល្អប្រសើរ ដើម្បីកុំឱ្យមានការជន់លិចទៀត។ ជាមួយនេះ ក៏បានណែនាំឱ្យមន្ត្រីជំនាញត្រូវលែងកំណត់និយាមការអូរប្រឡាយទាំងអស់នៅក្នុងក្រុងព្រះសីហនុឲ្យបានច្បាស់លាស់៕ម.ន ដោយៈ សាវ៉ុន