ប្រកាសដាក់ឲ្យអនុវត្តន៍គម្រោងស្តា និងកែលម្អប្រព័ន្ធរំដោះទឹកភ្លៀងជំហានទី១ នៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
នាព្រឹកថ្ងៃអាទិត្យ ទី១១ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម តឹករ៉េត សំរេច ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយក្រុងព្រះសីហនុ និងជាតំណាងឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ បានអញ្ជើញប្រកាសដាក់ឲ្យដំណើរការគម្រោងស្តា និងកែលម្អប្រព័ន្ធរំដោះទឹកភ្លៀង ជំហានទី១ នៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តមអភិបាលរងខេត្ត លោកអភិបាលក្រុង ប្រធានមន្ទីរខេត្ត ថ្នាក់ដឹកនាំក្រុង អាជ្ញាធរពាក់ព័ន្ធ ព្រមទាំងសមាជិកសមាជិកាក្រុមការងារ និងប្រជាពលរដ្ឋដែលមានលំនៅដ្ឋាននៅភូមិ៥ សង្កាត់លេខ៤។
នាឱកាសនេះ ឯកឧត្តមបានជម្រាបជូនបងប្អូនប្រជាពលរដ្ឋអំពីសារសំខាន់នៃគម្រោងនេះ ដែលនឹងជួយ សម្រួល និងបង្កើនល្បឿននៃលំហូរទឹកភ្លៀង និងកាត់បន្ថយការជន់លិចផ្ទះសម្បែងរបស់ពួកគាត់ដោយសារជំនន់ទឹកភ្លៀងនាពេលខាងមុខ។ ឯកឧត្តមបានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមសហការ និងគាំទ្រគម្រោងនេះ ដើម្បីឲ្យមានដំណើរការទៅមុខដោយរលូន និងទទួលបានជោគជ័យតាមផែនការ។
សូមបញ្ជាក់ជូនថា គម្រោងស្តា និងកែលម្អប្រព័ន្ធរំដោះជំនន់ទឹកភ្លៀង ជំហានទី១នេះ គឺជាលទ្ធផលនៃការសិក្សារួមគ្នា រវាងក្រុមការងារថ្នាក់កណ្តាលចុះជួយក្រុងព្រះសីហនុ និងមន្ទីរជំនាញពាក់ព័ន្ធនានា នៅក្នុងខេត្ត ព្រមទាំងមានការចូលរួមគាំទ្រដោយរដ្ឋបាលខេត្ត និងក្រុងព្រះសីហនុផងដែរ។ គម្រោងនេះ ប្រើប្រាស់ថវិការបស់ក្រសួងបរិស្ថាន អនុវត្តន៍ការងារដោយក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ និងមាន៣ផ្នែកសំខាន់គឺ៖
-ទី១៖ ការកាយប្រឡាយរំដោះទឹកថ្មីមួយខ្សែ តាមបណ្តោយផ្លូវពីភូមិ៥ ភ្ជាប់មកផ្លូវ៨១៨ (អូរម្លប់តាប៉ាង) ប្រវែង៦៨០ម៉ែត្រ ដើម្បីបើកមុខទឹក។
-ទី២៖ ដាក់លូ ពីអូរ៤ (ផ្លូវ៨១៨) មកអូរ៥ (ផ្លូវភូមិ៥) ប្រវែង៥៩០ម៉ែត្រ និង
– ទី៣៖ បោះបង្គោលព្រំអូរ និងស្តាអូរឈើទាល ពីស្ពានម្លប់តាប៉ាង មកដល់ស្ថានីយច្រោះសម្អាតទឹកប្រវែង ២,១៥០ម៉ែត្រ។ បន្ទាប់ពីកែលម្អប្រឡាយនេះចប់នឹងដាក់ផែនការស្តានៅភូមិផ្សេងទៀតផងដែរ។
ឆ្លៀតឱកាសនោះដែរ ឯកឧត្តមមានប្រសាសន៍ផ្តាំផ្ញើដល់អាជ្ញាធរក្រុង ព្រះសីហនុ និងសង្កាត់លេខ៤ ថា នៅក្នុងកាល:ទេស:បច្ចុប្បន្ននេះ សូមបង្កើនសកម្មភាពបម្រើប្រជាពលរដ្ឋឲ្យកាន់តែសកម្មថែមទៀត ឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងធ្វើការពន្យល់ប្រជាពលរដ្ឋឲ្យបានយល់ ព្រោះពួកគាត់គឺជាប្រជាពលរដ្ឋរបស់យើង ហើយពួកគាត់អាចមានកំហុសតិចតួចដោយសារពួកគាត់មិនទាន់ទទួលបានព័ត៌មានគ្រប់គ្រាន់ ឬការយល់ដឹងរបស់ពួកគាត់នៅមានកម្រិត ដែលទាមទារឲ្យយើងជាអាជ្ញាធរផ្តល់ព័ត៌មាន និងពន្យល់បន្ថែម។ ឯកឧត្តមក៏បានលើកទឹកចិត្តឲ្យអាជ្ញាធរ និងប្រជាពលរដ្ឋយោគយល់គ្នា រួមសហការគ្នា និងគោរពគ្នាទៅវិញទៅមក ដើម្បីជំរុញការអភិវឌ្ឍភូមិសង្កាត់ និងក្រុងព្រះសីហនុ និងដើម្បីផលប្រយោជន៍រួម របស់យើងទាំងអស់គ្នា។
ក្រោយពិធីប្រកាសដាក់ឲ្យដំណើរការតាមសំណូមពររបស់ប្រជាពលរដ្ឋ ភូមិ៥ នៃសង្កាត់លេខ៤ ឯកឧត្តម តឹករ៉េត សំរេច រួមជាមួយអ្នកចូលរួម បានចុះទៅពិនិត្យទីតាំងប្រឡាយដែលរួមតូចចង្អៀត និងពិនិត្យ ស្ថានភាពផ្ទះប្រជាពលរដ្ឋដែលរងគ្រោះលិចលង់ ដោយសារជំនន់ទឹកភ្លៀង កាលពីថ្ងៃទី៩សីហាកន្លងទៅនេះ។ បងប្អូនប្រជាពលរដ្ឋមានអារម្មណ៍កក់ក្តៅ និងរីករាយដែលថ្នាក់ដឹកនាំបានចុះទៅពិនិត្យផ្ទាល់ដល់ទីតាំង ព្រមទាំងស្តាប់ការលំបាក និងបញ្ហាប្រឈមរបស់ពួកគាត់។ ពួកគាត់យល់ព្រមចូលរួមសហការ និងគាំទ្រគម្រោងស្តា និងកែលម្អប្រព័ន្ធរំដោះទឹកភ្លៀងនៅភូមិ៥ សង្កាត់លេខ៤នេះ៕ម.ន