សហគមន៍តំបន់ការពារធម្មជាតិបឹងកាឆាង ប្រកាសស្វែងរកដៃគូអភិវឌ្ឍន៍តំបន់ទេសចរណ៍
កោះកុង៖ សហគមន៍បឹងកាឆាង ជាសហគមន៍មួយស្ថិតនៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោប ក្នុងភូមិបឹងកាឆាង ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ សហគមន៍តំបន់ការពារធម្មជាតិនាទិសនិរតីនៃប្រទេសកម្ពុជាមួយនេះ មានមានផ្ទៃដីសរុប ៧២៨ហិកតា សម្បូរទៅសក្តានុពលទេសចរណ៍ និងព្រៃកោងកាងជាជួរៗ រំលេចចេញជាទេសភាពស្រស់ត្រកាល។
ទោះបីជាសម្បូរទៅដោយសក្តានុពលទេសចរណ៍យ៉ាងណាក្តី ប៉ុន្តែសហគមន៍ និងប្រជាសហគមន៍ទាំងមូល មិនទាន់អាចបង្កើនជីវភាពរបស់ខ្លួនពីវិស័យមួយនេះបាននៅឡើយទេ ដោយសារសក្តានុពលទាំងនោះមិនទាន់ត្រូវបានកែច្នៃទៅជាទិសដៅទេសចរណ៍ពេញលេញ និងម្យ៉ាងដោយសារកង្វះដៃគូរអភិវឌ្ឍន៍។
លោក ឡន រិទ្ធ ប្រធានសហគមន៍តំបន់ការពារធម្មជាតិបឹងកាឆាង បានឱ្យដឹងថា សហគមន៍តំបន់ការពារធម្មជាតិបឹងកាឆាង មានសក្ដានុពលទេសចរណ៍ជាច្រើន ប៉ុន្តែសហគមន៍មិនទាន់ទទួលបានដៃគូក្នុងការជួយអភិវឌ្ឍន៍សក្ដានុពលទាំងនោះនៅឡើយទេ។លោកបន្តថា នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិបឹងកាឆាង របស់យើ់ង មានសក្ដានុពលទេសចរណ៍ជាច្រើនដូចជា ព្រៃកោងកាងជាជួរៗ មានដៃព្រែក កន្លែងស្ទូចត្រី រាវខ្ចង រាវងាវ ហើយយើងមានឆ្នេរខ្សាច់រហូតដល់ ៦គីឡូមែត្រជាងឯណោះ»។
លោក ឡន រិទ្ធ សម្រាប់សកម្មភាពទេសចរបច្ចុប្បន្ននេះ សហគមន៍អាចទទួលបានភ្ញៀវទេសចរមកទស្សនាតាមរយៈទស្សនកិច្ចប៉ុណ្ណោះ ពោលគឺមិនទាន់មានទេសចរដែលមកកម្សាន្តជាលក្ខណៈឯកជននៅឡើយទេ ដោយសារសហគមន៍មិនទាន់មានលទ្ធភាពរៀបចំកន្លែងដែលសមស្របនៅឡើយ។
ប្រធានសហគមន៍តំបន់ការពារធម្មជាតិបឹងកាឆាង បន្តថា៖ «ដូច្នេះហើយ ខ្ញុំចង់សំណូមពរស្វែងរកដៃគូដើម្បីអភិវឌ្ឍន៍តំបន់ទេសចរណ៍របស់យើង បើយើងមានទេសចរណ៍ វាជាផ្នែក១ ជួយបង្កើនចំណូលដល់ប្រជាពលរដ្ឋរបស់យើងថែម មួយកម្រិតទៀត»។
គួរជម្រាបថា សហគមន៍តំបន់ការពារធម្មជាតិបឹងកាឆាង មានប្រជាពលរដ្ឋរស់នៅចំនួន១៤៩គ្រួសារ ដោយភាគច្រើនបានពឹងផ្អែកទៅលើមុខរបរមួយចំនួនដូចជា មុខរបរនេសាទ ការកែច្នៃបង្គាក្រៀម ការចិញ្ចឹមត្រីស្ពុង ការចិញ្ចឹមក្ដាម កម្មកររោងចក្រ ហើយក្នុងនោះក៏មានមន្ត្រីរាជការប្រមាណ ៣ភាគរយ។
លោក ឡន រិទ្ធ បញ្ជាក់ថា «សព្វថ្ងៃនេះប្រជាសហគមន៍យើងពឹងផ្អែកខ្លាំងបំផុតទៅលើការនេសាទត្រី នៅខាងក្រៅ និងក្នុងព្រែក បកក្ដាម បកបង្គា និងពលរដ្ឋមួយចំនួនទៀតគាត់ធ្វើការរោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង ដោយក្នុងសហគមន៍នេះមាន យុវជនក៏ដូចជាស្ត្រីដែលមានគ្រួសាររួចចំនួន ៣៧គ្រួសារដែលគាត់ធ្វើការរោងចក្រ»។
បច្ចុប្បន្ន សហគមន៍តំបន់ការពារធម្មជាតិបឹងកាឆាងមាន សាលាចំនួនមួយខ្នង ដែលបង្រៀនពីថ្នាក់ទី ១ដល់ថ្នាក់ទី៦ លុះពេលចូលដល់វិទ្យាល័យសិស្សានុសិស្សត្រូវបន្តទៅរៀននៅវិទ្យាល័យបាក់ខ្លង ខណៈមន្ទីរពេទ្យគឺមិនមាននៅឡើយទេ។
លោក ឡន រិទ្ធ ក៏បានថ្លែងឱ្យដឹងពីសកម្មភាពសំខាន់ៗមួយចំនួន គឺការពង្រឹងការការពារ អភិរក្សធនធានធម្មជាតិ នៅលើផ្ទៃដី ៧២៨ហិកតារបស់សហគមន៍មួយនេះ។ក្នុងសកម្មភាពសំខាន់ៗទាំងនោះមានដូចជា សកម្មភាពសន្សំប្រាក់រួមគ្នា ដែលសព្វថ្ងៃនេះមានទន់ក្បែរ ៥០០លានរៀលទៅហើយ នៅក្នុងនោះទៀតមានសកម្មភាពសាកអាគុយសម្រាប់ប្រជាពលរដ្ឋក្នុងភូមិដែលជាជំនួយពីគម្រោងធនាគារអភិវឌ្ឍន៍អាស៊ី( ADB) សកម្មភាពគម្រោងតភ្ជាប់ទឹកស្អាត និងរបរចិញ្ចឹមក្ដាមថ្មជាសហគមន៍ ឬហៅថាស្រែក្តាម។
សម្រាប់សកម្មភាពចិញ្ចឹមក្ដាមថ្ម គឺជាសកម្មភាពចម្បងមួយសម្រាប់សហគមន៍ ប៉ុន្តែដោយសារការរង់ចាំ ធ្វើទំនប់ តាមគម្រោងទើបរបរសំខាន់មួយនេះត្រូវបានផ្អាកក្នុងរយៈពេលខ្លី។
ប្រធានសហគមន៍បានបញ្ជាក់ ៖ «ដោយសារថវិកាគម្រោងជិតទម្លាក់មកដែរ ទើបយើងរង់ចាំជីកទំនប់ទប់ទឹកឲ្យបានវិញ យើងមានទ្វាទឹក យើងមានអីទៅ អញ្ចឹងទឹកដែលល្អយើងទុក ទឹកមិនល្អយើងបង្ហូរចោលតែម្ដង ចំពោះរាល់ថ្ងៃទឹកវាសេរីពេក បើយើងដាក់ក្ដាមទៅវាមិនជាខាតអីនោះទេ ប៉ុន្តែវាចំណេញតិចខ្លាំងពេក»។
ដោយឡែកសម្រាប់ សកម្មភាពសន្សំប្រាក់ លោកប្រធានសហគមន៍បានប្រាប់ថា វាជាការសន្សំដោយស្ម័គ្រចិត្តរបស់ប្រជាសហគមន៍ ពោលគឺទៅតាមលទ្ធភាព ហើយក្នុង១ឆ្នាំ សហគមន៍នឹងចែកភាគលាភ ឬការប្រាក់ត្រលប់ទៅប្រជាសហគមន៍វិញ ក្នុងរង្វង់ ០.៧ភាគរយ។
លោក ឡន រិទ្ធ បានបញ្ជាក់ថា ៖ «យើងបានប្រយោជន៍ច្រើនណាស់ពីការសន្សំប្រាក់នេះ កាលណាយើងមានក្រុមសន្សំនេះ វាជួយឱ្យសហគមន៍របស់យើងមានភាពរឹងមាំ ដោយសារយើងមានចំណូលគ្រប់គ្រាន់ដើម្បីពង្រីកមុខរបរជូនដល់ពួកគាត់ ម្យ៉ាងវាជួយពង្រឹងសាមគ្គីភាព ជួយគ្នាម្នាក់ម្ដង»។
មិនតែប៉ុណ្ណោះប្រាក់សន្សំនេះ ក៏ជួយដល់សហគមន៍ក្នុងការល្បាតព្រៃ ជួយអ្នកក្រីក្រ ជួយអ្នកសម្រាកនៅមន្ទីរពេទ្យ អ្នករងរបួសស្នាម និងពិធីបុណ្យសពជាដើម៕
ដោយ៖ស្រ៊ុន សិរីវឌ្ឍនៈ