ក្រសួងកសិកម្ម ស្នើសុំឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ និងគិតគូរពីអាទិភាពរបស់ខ្លួន នៅក្នុងការដំឡើងប្រព័ន្ធសូឡា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងកសិកម្ម​បានបញ្ជាក់ថា ការប្រើប្រាស់ថាមពលសូឡានៅក្នុងវិស័យកសិកម្មចាប់ផ្ដើមមានកំណើននៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈដែលក្រសួងស្នើសុំឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់និងគិតគូរពីអាទិភាពរបស់ខ្លួ​ន នៅក្នុងការដំឡើងប្រព័ន្ធសូឡានេះ។

កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់​ឱ្យដឹងនៅថ្ងៃទី​២២ ខែឧសភា ឆ្នាំ ២០២៣ ថា ជាការពិតការបោះទុនដំបូងសម្រាប់ដំឡើងប្រព័ន្ធសូឡានៅក្នុងវិស័យកសិកម្មត្រូវចំណាយច្រើន។ ក្នុងន័យនេះ ក្រសួងក​សិកម្មស្នើសុំឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ និងគិតគូរពីអាទិភាពរបស់ខ្លួន នៅក្នុងការដំឡើងប្រព័ន្ធសូឡា។

កញ្ញាបន្តថា ៖ «​ប្រជាកសិករដែលមិនមានលទ្ធភាពដំឡើងប្រព័ន្ធហ្សូឡាសម្រាប់ប្រើប្រាស់នៅក្នុងការផលិតកសិផលរប​ស់ខ្លួន និងកំពុងតែប្រើប្រាស់ថាមពលអគ្គិសនី អាចចុះឈ្មោះនៅអគ្គិសនីកម្ពុជា ដើម្បីស្នើសុំការប្រើប្រាស់ថាមពលអគ្គិសនីស​ម្រាប់វិស័យកសិកម្មដែលមានតម្លៃថោកជាងថ្លៃអគ្គិសនីប្រើប្រាស់ធម្មតា»។​

ទាក់ទងនឹងការប្រើប្រាស់សូឡានេះ លោក វ៉ា រុតសាន ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម​និងជាអ្នកដែលមានជំនាញលើការស្រា​វជ្រាវច្រើន ពីដំណាំគ្រប់ប្រភេទ បានឱ្យដឹ​ងថា លោកបានទៅមើលស្ថានីយបូមទឹកដាក់ស្រែប្រាំង ដើរដោយសូឡា នៅឃុំបាធាយ ស្រុកបាធាយ ខែត្រកំពង់ចាម។

លោកបានបញ្ជាក់ថា ​​តាមរបាយការណ៍ផ្ទាល់មាត់ដែលទទួ​លបាន​ពីក្រុមហ៊ុនSOGY ដែលជាម្ចាស់ស្ថានីយបានប្រាប់ថាពីមុនកសិករត្រូវចំណាយពី៥៥ ម៉ឺនរៀលទៅ ៦០ម៉ឺនរៀលក្នុងមួយរដូវសម្រាប់ថ្លៃបូមទឹកដាក់ស្រែក្នុងមួយហិកតា តែពេលនេះក​សិ​ករចំណាយតែ ៣៥ ម៉ឺន ទៅ៤៥ម៉ឺនរៀលតែប៉ុណ្ណោះ ហើយមានទឹកប្រើគ្រប់គ្រាន់មិនរអាក់រអួលឡើយ។ លោកយល់ថាការធ្វើ​បែបនេះអាចកាត់បន្ថយថ្លៃដើមផលិតកម្មបានយ៉ាងល្អ។

ចំណែកប្រធានសមាគមមៀនប៉ៃលិន លោក សួស ស៊ីយ៉ាត បានប្រាប់ដែរ​ថា ការប្រើប្រាស់ថាមពលសូឡាពិតជាចំ​ណេ​ញច្រើនមែនហើយ ប៉ុន្តែកសិករ ឬម្ចាស់ត្រូវការចំណាយទុនច្រើន នៅពេលវិនិយោគលើកដំបូង។

លោកបាន​ឱ្យដឹងថា​ កន្លងទៅ មានការណែនាំច្រើនដែរពីមន្រ្តីជំនញរបស់ក្រសួងកសិកម្ម​ តែងតែណែនាំដល់សមាគម ក​សិកររបស់លោក​ដែរ ចំ​ពោះអត្ថប្រយោជន៍នៃការប្រើប្រាស់ថាមពលសូឡានេះ ប៉ុន្តែដោយសារតែការខាតបង់នាឆ្នាំកន្លងទៅ ក​សិករ​ភាគច្រើនមិនមានលទ្ធភាពក្នុងការប្រើប្រាស់។

បើតាមលោក សួស ស៊ីយ៉ាត ការដាំដុះមៀនប៉ៃលិន នៅខេត្តប៉ៃលិន ជួបបញ្ហាខ្លះទាក់ទងប្រព័ន្ធធារាសាស្រ្តដែរ ដែលសព្វថ្ងៃកំពុងស្នើក្រសួងស្ថាប័នពាក់គិតគូរលើបញ្ហាធារាសាស្រ្តនេះ។

លោក វណ្ណ ឬទ្ធី ប្រធាននាយកដ្ឋាននាំចេញ នៃក្រុមហ៊ុន អង្គរហ្រ្គីន បានប្រាប់ឱ្យដឹងដែរ​ថា ការ​ប្រើប្រាស់ថាមពលសូឡា ស​ម្រាប់ការបូមទឹកស្រោចស្រពដំណាំ ពិតជាបានផ្តល់ផលប្រយោជន៍ច្រើនណាស់ និងទទួលបានផលចំណេញច្រើន ប៉ុន្តែក​សិ​ករត្រូវការ​ដើមទុនច្រើនក្នុងការវិនិយោគលើកដំបូង។

លោកបានបន្ថែមថា តាមដែលលោកសង្កេតមើល ការប្រើប្រាស់ថាមពលសូឡា របស់​ប្រជាកសិករ ឬម្ចាស់ចម្ការស្វាយ ជាដៃគូ រ​បស់ក្រុមហ៊ុន គឺនៅមានកម្រិតនៅឡើយ និងចាប់ផ្តើមមានការចាប់អារម្មណ៍ច្រើន​ ប៉ុន្តែពួកគាត់នៅខ្វះលទ្ធភាព។

លោក វណ្ណ ឬទ្ធី ប្រាប់ថា ៖ «ការប្រើប្រាស់ថាមពលសូឡានេះ វាត្រូវដើមទុនច្រើន ហើយវាមានតម្លៃថ្លៃ ហើយកសិករភាគច្រើន មិនមានលទ្ធភាពវិនិយោគមុនទេ ព្រោះថា តម្លៃដែលបានពីការលក់ផលិតផលកសិករតិចតួច មិនទាន់មានលទ្ធភាពក្នុងការចំណាយនៅឡើយ។ ចំពោះកម្ចីវិញ យើងឃើញថាកសិករសុទ្ធតែត្រូវការកម្ចី ប៉ុន្តែដោយសារកសិករភាគច្រើនសុទ្ធតែមានបំ​ណុលរួចទៅហើយ ដូចនេះទើបគាត់ពិបាកក្នុងការទទួលបានកម្ចីបន្ថែមទៀត»។

សូមជម្រាបថា កម្ពុជា មិនត្រឹមមានការប្រើប្រាស់ផ្ទាំងសូឡានោះទេ តែក៏ជាប្រទេសដែលផលិតបន្ទះសូឡាផងដែរ បើយោង​តាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្ម បានបង្ហាញថា កម្ពុជា បាននាំចេញផ្ទាំងសូឡា ម៉ូឌុល និងគ្រឿងបំណែករបស់វា ស​ម្រេ​ចបានក្នុងទំហំទឹកប្រាក់១១៧៤,៣៨ លានដុល្លារ ដោយគិត ចាប់ពីខែមករា ឆ្នាំ២០២២ ដល់ ខែមករា ឆ្នាំ២០២៣ ដោ​យបាននាំចេញទៅកាន់ប្រទេសចិន, កោះតៃវ៉ាន់, ថៃ, សហរដ្ឋអាមេរិក, វៀតណាម, ក្រុងហុងកុង, ឥណ្ឌា, បង់ក្លាដេស, អ៊ុយហ្គ​ង់ដា, កូវ៉ែត, ​ម៉ាឡេស៊ី និងបណ្តាប្រទេសមួយចំនួនទៀត៕

ដោយ៖វណ្ណ សុជាតា

ads banner