ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញចែកសញ្ញាបត្រដល់និស្សិត និងសម្ពោធទីតាំងថ្មីនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញចែកសញ្ញាបត្រដល់និស្សិត ដែលបានបញ្ចប់ការសិក្សា និងសម្ពោធទីតាំងថ្មីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញចែកសញ្ញាបត្រដល់និស្សិត និងសម្ពោធទីតាំងថ្មីនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

និស្សិតបញ្ចប់ការសិក្សា ហើយទទួលសញ្ញាបត្រនៅពេលនេះមានចំនួន ៨៨៨នាក់ (នារី ៣៨៦នាក់ ស្មើ ៤៣.៤៧%) ក្នុងនោះមួយរូបជាជនពិការ (ថ្លង់) បានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០២០-២០២១ និង២០២១-២០២២ ដោយជោគជ័យ។ ក្នុងចំណោមនោះ មាននិសិ្សតចំនួន ៨នាក់ (នារី ៥នាក់) បានបញ្ចប់ការសិក្សាបរិញ្ញាបត្រពីគម្រោងមនុស្សសាស្ត្រ ដែលជាសហប្រតិបត្តិការរវាងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ជាមួយវិទ្យាស្ថានភាសា និងអារ្យធម៌បូព៌ាប្រទេស ហៅកាត់ថា (INALCO) នៃប្រទេសបារាំង។

បច្ចុប្បន្ន សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈមានក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង មន្ត្រីរាជការ សាស្ត្រាចារ្យ គ្រូ និងបុគ្គលិក សរុបចំនួន ៣៣១នាក់ ( នារី ៩១នាក់ ស្មើ ២៧.៤៩%) ក្នុងនោះ មានបុគ្គលិកពិការ ចំនួន ៣នាក់។ ក្នុងឆ្នាំសិក្សា២០២២-២០២៣នេះ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ កំពុងបណ្តុះបណ្តាលនិស្សិត លើជំនាញទាំង ៥មហាវិទ្យាល័យ សរុបចំនួន ២,៦៨៥នាក់ (នារី ១,១៩៤នាក់ ស្មើ ៤៤.៤៧%) ក្នុងនោះ ព្រះសង្ឃចំនួន ១០អង្គ និងនិស្សិតពិការ ចំនួន ៦នាក់ (ស្រី ៣នាក់)។

ដោយឡែកសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ គឺជាគ្រឹះស្ថានឧត្តមសិក្សារដ្ឋតែមួយគត់ ដែល ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហើយបានដើរតួនាទីយ៉ាងសកម្មក្នុងការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យសិល្បៈ វប្បធម៌ ដែលជាអត្តសញ្ញាណជាតិ។

អនុក្រឹត្យចុះថ្ងៃទី៥ ខែតុលា ឆ្នាំ១៩៨៨ បានបង្កើតជាសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈឡើងវិញ ដោយចែកជាប្រាំមហាវិទ្យាល័យរួមមាន៖ មហាវិទ្យាល័យ បុរាណវិទ្យា មហាវិទ្យាល័យស្ថាបត្យកម្មនិងនគរោបនីយវិទ្យា មហាវិទ្យាល័យសិល្បៈសូនរូប មហាវិទ្យាល័យតូរ្យតន្ត្រី មហាវិទ្យាល័យសិល្បៈនាដសាស្ត្រ។ លុះខែឧសភា ឆ្នាំ២០២០ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានក្លាយជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ហើយក៏បានបង្កើតអង្គភាពក្រោមឱវាទមួយទៀត គឺមជ្ឈមណ្ឌលស្រាវជ្រាវវប្បធម៌ និងនវានុវត្តន៍ ដែលមានតួនាទីស្រាវជ្រាវ ចងក្រង បោះពុម្ព និងផ្សព្វផ្សាយអំពី សិល្បៈ និងវប្បធម៌ខ្មែរ។

ចាប់តាំងពីការរស់រាននៃជីវិតទី២ឡើងវិញ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានបណ្តុះបណ្តាលធនធានមនុស្សសរុបចំនួន ៤,៥១៦នាក់ (នារី ១៤០៩នាក់ ស្មើ ៣០.២%) លើមុខជំនាញទាំង ៥របស់ខ្លួន។ ធនធានមនុស្សខាងលើនេះ បច្ចុប្បន្នកំពុងបំពេញការងារនៅតាមស្ថាប័នជាតិនានា វិស័យឯកជន អង្គការ សមាគមនានា និងមួយចំនួនបន្តការសិក្សានៅឯបរទេស រីឯអ្នកខ្លះទៀតបានក្លាយជាគ្រូកំពុងបង្ហាត់បង្រៀនដល់និស្សិតជំនាន់ក្រោយ ដែលជាអ្នកបន្តវេន។

សូមបញ្ជាក់ថា ដោយផ្តើមចេញពីការពិនិត្យឃើញពីកំណើនឥតឈប់ឈរ នៃតម្រូវការសិក្សា ក្នុងវិស័យសិល្បៈវប្បធម៌របស់និស្សិតពីគ្រប់មជ្ឈដ្ឋាន សម្តេចតេជោ ហ៊ុន សែន តាមរយៈសាលារាជធានីភ្នំពេញ បានធ្វើសម្បទានដីមួយកន្លែង ជូនក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានទីតាំងស្ថិតនៅតំបន់អភិវឌ្ឍជ្រោយចង្វារ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ទំហំសរុបប្រមាណ ៤ហិកតា ដែលក្នុងនោះ ដីជាង ៣ហិកតា សម្រាប់សាងសង់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈថ្មី និងជិត ១ហិកតាទៀត សម្រាប់សាងសង់មជ្ឈមណ្ឌលវប្បធម៌។

កិច្ចដំណើរការ នៃការកសាងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈថ្មីជាជំហានដំបូង គឺការសាងសង់អគារសិក្សាអគារ «ខ» ដំណាក់កាលទី១ ដែលបានចាប់ផ្តើមបញ្ចុះបឋមសិលា នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧ និងបានបញ្ចប់នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ដោយមានការឧបត្ថម្ភថវិកាពីរាជរដ្ឋាភិបាលចំនួន ១២លានដុល្លារ។

អគារ «ខ» នេះ មានទំហំសរុបចំនួន ៤៧,០០០ម៉ែត្រក្រឡា ដែលមានបណ្តោយប្រវែង ១៩៦ម៉ែត្រ ទទឹងប្រវែង ៤៥ម៉ែត្រ កម្ពស់ ៤ជាន់ ចែកចេញជា ១២៣បន្ទប់។ ក្រៅពីនេះ មានចំណតរថយន្តក្រោមដី ១ជាន់ ដែលអាចចតរថយន្តបានចំនួន ២០៤គ្រឿង និងម៉ូតូចំនួន ៥០០គ្រឿង។ ក្រុមហ៊ុនដែលទទួលការងារសាងសង់អគារ «ខ»នេះ គឺក្រុមហ៊ុន PT &C Engineering Co.LTD.។

ចំណែកផ្ទៃដីទំហំជិតមួយហិកតាទៀត នឹងត្រូវអភិវឌ្ឍសាងសង់ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលសិល្បៈកម្ពុជា-កូរ៉េ ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជាមួយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ នៃសាធារណរដ្ឋកូរ៉េ ក្នុងគម្រោងថវិកាប្រមាណ ៥.៣លានដុល្លារ។

មជ្ឈមណ្ឌលនេះ ផ្តោតទៅលើការបណ្តុះបណ្តាលសិល្បៈ ផ្នែកតូរ្យតន្ត្រី សិល្បៈនាដសាស្រ្ត និងសិល្បៈសូនរូប ហើយការសាងសង់នឹងត្រូវចាប់ ផ្តើមក្នុងពេលខាងមុខនេះ ដោយគ្រោងបញ្ចប់នៅអំឡុងឆ្នាំ២០២៤ ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner