ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យលើកលែងទោសឱ្យទណ្ឌិតចំនួន១៤រូប ដែលជាអតីតមន្ត្រី និងសកម្មជនគណបក្សប្រឆាំង

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យលើកលែងទោសឲ្យទណ្ឌិតចំនួន១៤រូប ដែលជាអតីតមន្ត្រី និងសកម្មជនគណបក្សប្រឆាំង។ នេះបើយោងតាមព្រះរាជក្រឹត្យត្រាស់បង្គាប់លើកលែងទោសឱ្យទណ្ឌិតចំនួន១៤រូប ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។

គួររម្លឹកឱ្យដឹងថា កាលពីកន្លងទៅ លោក គង់ ម៉ាស់ អតីតសមាជិកក្រុមការងារប្រចាំខេត្តស្វាយរៀង និងជាមន្ត្រីទទួលបន្ទុកកិច្ចការបោះឆ្នោត និងនីតុកម្ម នៃអតីតគណបក្សសង្គ្រោះជាតិ និងសកម្មជនក្រុមប្រឆាំងចំនួន៩នាក់ ដែលកំពុងជាប់នៅក្នុងពន្ធនាគារព្រៃសបានចេញវីដេអូ និងធ្វើលិខិតសុំទោសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបានសារភាពកំហុសរបស់ពួកគេដែលជឿតាមការញុះញង់របស់ក្រុមជនក្បត់ជាតិ។ អតីតមន្ត្រី និងសកម្មជនក្រុមប្រឆាំងទាំង១០នាក់ ក៏ត្រូវបានព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យលើកលែងទោសផងដែរ៕
ដោយ៖ពលជ័យ

ads banner