ទឹកទន្លេសេកុង និងទន្លេមេគង្គ ចាប់ផ្ដើមឡើងបន្តិចហើយ ខណៈនៅខេត្តរតនគិរី បានស្រកចុះ

ទឹកទន្លេសេកុង និងទន្លេមេគង្គ បានហក់ឡើងបន្តិចម្តងៗ ខណ:ភូមិមួយចំនួនក្នុងស្រុកសេសាន ត្រូវបានវាយប្រហារពីទឹកជំនន់។ បើតាមការឲ្យដឹងពីក្រុមការងារនាយកដ្ឋានជលសាស្រ្ត និងការងារទន្លេ នៃក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយមន្ត្រីជំនាញនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្ទឹងត្រែង ក្រោយពីបានចុះពិនិត្យស្ថានភាពទឹកទន្លេសេកុង និងទន្លេមេគង្គ លទ្ធផលបានបង្ហាញថា កម្ពស់ទឹក នៅទន្លេមេគង្គ និងសេកុង ទឹកបានហក់ឡើងនៅកម្រិតទាបពុំទាន់ឈានដល់កម្រិតប្រកាស់អាសន្ននៅឡើយទេ បើតាមកម្រិតទឹកនៅស្ថានីយ៍ជលសាស្រ្តខេត្តស្ទឹងត្រែង គឺទឹកឡើងត្រឹមកម្រិតកម្ពស់៦,៦៥ម៉ែត្រ។

ដោយឡែកនៅស្រុកសេសាន ទឹកជំនន់ពីទន្លេស្រែពក បានជន់លិចហេដ្ឋារចនាសម្ព័ន្ធ និងភូមិករណ៍ ដីស្រែរបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងភូមិក្របីជ្រុំ ឃុំក្បាលរមាស នៃស្រុកសេសាន បានបណ្តាលឲ្យខូចខាតផ្លូវលំក្រាលគ្រួសក្រហម ប្រវែង៤៥០ម៉ែត្រ លិចស្ពានឈើក្បាលបេតុងប្រវែង៣០ម៉ែត្រ សាលារៀនបឋមសិក្សា១ខ្នងមាន៥បន្ទប់ ថ្នាក់មត្តេយ្យសហគមន៍១ខ្នង ផ្ទះចំនួន៣០ក្នុងចំណោម២៧០ខ្នងក្នុងនោះដែរមានប្រជាពលរដ្ឋ៤គ្រួសារត្រូវបានជម្លៀសចេញពីលំនៅដ្ឋាន ទៅរកទីទួលមានសុវត្ថិភាព។ ចំណែកដីស្រែ និងសន្ទូងសំណាប សរុបប្រមាណ៤០០ហិកតា ត្រូវបានលិចលង់។ រីឯនៅចំណុចអូរគគីរ ស្ថិតក្នុងភូមិក្បាលរមាសថ្មី មានចំនួន២៥គ្រួសារ និងស្រែ១៨ហិកតា ត្រូវបានជន់លិច។ ខណ:ដែលស្ថានភាពទឹកជំនន់ កំពុងវាយប្រហារភូមិករណ៍របស់បងប្អូនប្រជាពលរដ្ឋនៅស្រុកសេសាន អាជ្ញាធរខេត្តស្ទឹងត្រែង ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មិនថានៅស្រុកសេសាន ជាពិសេសប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាននៅប្របនឹងដងទន្លេសេកុង និងមេគង្គ សូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះផលប៉ះពាល់នានាដែលបង្កឡើងពីគ្រោះទឹកជំនន់ ដោយបង្កើនការប្រុងប្រយ័ត្នចំពោះកុមារតូចៗផ្ទះសម្បែង ទ្រព្យសម្បត្តិ យានយន្ត និងសត្វចិញ្ចឹមនានា ត្រូវនាំយកទៅទុកនៅទីទួលដែលមានសុវត្ថិភាព។

ជាមួយគ្នានេះ មន្ទីរធនធានទឹក និងឧតុនិយមខេត្តស្ទឹងត្រែង ក៏បានណែនាំឲ្យប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេមេគង្គ ក៏ដូចជាតំបន់ទំនាប សូមគិតគូរប្រមូលកសិផលឲ្យបានទាន់ពេលវេលា និងយក
ចិត្តទុកដាក់ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner