យុវជនវៀតណាម កោតសសើរ សម្តេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសមានសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ

ភ្នំពេញ ៖ ឯកឧត្តម ប៊ុយ ក្វាងហ៊ុយ (Bui Quang Huy) សមាជិកបំរុង នៃគណ:កម្មធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម លេខាធិការទី ១ នៃមជ្ឈិមសហព័ន្ធយុវជនកុម្មុយនីស្តវៀតណាម និងជាប្រធានគណ:កម្មាធិការជាតិស្តីពីយុវជនវៀតណាម បានអបអរសាទរ និងកោតសសើរចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំប្រទេសឲ្យទទួលបានសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ ។

ឯកឧត្តម ប៊ុយ ក្វាងហ៊ុយ បានលើកឡើងបែបនេះ ខណៈ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឲ្យគណៈប្រតិភូយុវជនមជ្ឈិមសហព័ន្ធយុវជនកុម្មុយនីស្តវៀតណាម ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមាន ៧មករា នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ។

ឯកឧត្តម ប៊ុយ ក្វាងហ៊ុយ បន្តថា សម្តេចតេជោ ហ៊ុន សែន គ្រប់គ្រងបានយ៉ាងល្អនូវជំងឺកូវីដ-១៩ ដែលធានាបាននូវសុខុមាលភាពប្រជាជន, ការដឹកនាំដោយជោគជ័យនូវកិច្ចប្រជុំកំពូលអាស៊ាន, កិច្ចប្រជុំអាយប៉ា ជាពិសេស ការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងឆ្ពោះទៅរៀបចំការប្រកួតកីឡាប៉ារាហ្គេម នាពេលឆាប់ៗនេះ។

នៅក្នុងជំនួបនោះ សម្ដេចកិត្តិសង្គហបណ្ឌិត បានថ្លែងនូវការអបអរសាទរ និងស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្នុងការប្រារព្ធខួបទី ៥៦ឆ្នាំ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ។ សម្តេច ក៏បានថ្លែងនូវការកោតសសើរដល់យុវជនទាំងពីរប្រទេស និងបានផ្តាំផ្ញើឲ្យយុវជនជំនាន់ក្រោយ ត្រូវរៀនសូត្រពីយុវជនជំនាន់មុន តាមរយៈ នៃការផ្លាស់ប្តូរបទពិសោធន៍ គ្នាទៅវិញទៅមក ជាពិសេស ក្នុងការចាប់យកនូវចំណុចល្អ ដើម្បីរួមចំណែកក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេស ក្រោមដំបូលនៃសុខសន្តិភាព។ សម្ដេចកិត្តិសង្គហបណ្ឌិត សង្ឃឹមថា ទស្សនកិច្ចនេះ នឹងជួយពង្រឹងថែមទៀតទំនាក់ទំនងល្អប្រសើររវាងប្រទេសទាំងពីរ បក្សទាំងពីរ និងយុវជនទាំងពីរកាន់តែរឹងមាំ និងស្ថិតស្ថេរជាអមតៈ ៕ដោយ ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner