មនុស្ស ផ្លូវ អគ្គិសនី និងទឹក ត្រូវបានកំណត់ ក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និតិកាលទី៦ នៃរដ្ឋសភា

ខេត្តស្ទឹងត្រែង ៖ វិស័យអទិភាព៤ រួមមាន មនុស្ស ផ្លូវ ភ្លើងនិងទឹក ត្រូវបានកំណត់ក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និតិកាលទី៦នៃរដ្ឋសភា ដែកកំពុងត្រូវបានអនុម័តយ៉ាងខ្ជាប់ខ្ជួន ។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងពិធីសម្ភោធដាក់ឲ្យដំណើរការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតនៅក្នុងខេត្តស្ទឹងត្រែង ក្នុងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។

ឯកឧត្តម បន្តថា ៖ ផ្តើមចេញពីនេះ វិស័យទឹកស្អាត គឺនៅតែជាវិស័យអទិភាពមួយដែលត្រូវបន្តយកចិត្តទុកដាក់ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺពង្រីកវិសាលភាពនៃការផ្គត់ផ្គង់ទឹកស្អាតនៅក្នុងទីក្រុង ទីប្រជុំជនឲ្យបាន៩០%នៅឆ្នាំ២០២៣ និង១០០% ត្រឹមឆ្នាំ២០២៥ សម្រាប់បម្រើសេចក្តីត្រូវការរបស់ប្រជាជន តាមរយៈការអភិវឌ្ឍន៍ពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ទាំងផ្នែកសាធារណៈ និងផ្នែកឯកជនឈរលើលក្ខខណ្ឌ៤យ៉ាងគឺៈទឹកត្រូវតែមានគុណភាព ទឹកត្រូវតែមានសុវត្ថិភាព ទឹកត្រូវតែមាននិរន្តរភាព និងទឹកត្រូវតែមានថ្លៃសមរម្យ ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ៖ ដោយទទួលបានកម្ចីឥណទានពីធនាគាអភិវឌ្ឍន៍អាស៊ី(ADB)ជាង ៣៥លានដុល្លារសម្រាប់ប្រើប្រាស់លើ ៧កន្លែង ក្នុងនោះខេត្តស្ទឹងត្រែងទទួលបានប្រមាណ ១៥លានដុល្លារ ក្នុងការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតដើម្បីផ្គត់ផ្គង់ដល់ការប្រើប្រាស់ ។

លោក អ៊ែនថូនី ហ្គៀល ( Anthony Gill ) ប្រធានស្តីទីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានមានប្រសាសន៍ថា ៖ ធនាគារអភិវឌ្ឍន៍អាស៊ី ពិតជាមានកិត្តិយសដែលបានជាដៃគូរជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ។ភាពជាដៃគូនេះ គឺកើតមានឡើងជាយូរណាស់មកហើយ ពោលគឺចាប់តាំងពីថ្នាក់ដឹកនាំមុនៗមកម៉្លេះ យើងខ្ញុំមានការប្តេជ្ញាចិត្តយ៉ាងមុតមាំដូចឯកឧត្តមទេសរដ្ឋមន្រ្តីផងដែរ ក្នុងការឈានទៅសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដោយធ្វើយ៉ាងណាឲ្យប្រជាជនទាំងអស់ទទួលបានទឹកស្អាតប្រើប្រាស់ ។

សូមបញ្ជាក់ថាៈរោងចក្រប្រព្រឹត្តកម្មទឹកស្អាតនេះ មានសមត្ថភាពអាចផ្គត់ផ្គង់ទឹកស្អាតមានសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង ប្រមាណ ១២០០០ម៉ែត្រគីប ក្នុង១ថ្ងៃ និងត្រូវបានតភ្ជាប់ជូនប្រជាពលរដ្ឋចំនួន ៤៦០០គ្រួសារ និងផ្តល់ជាប្រយោជន៍ដោយផ្ទាល់ដល់ប្រជាពលរដ្ឋចំនួន ១៦៥០០នាក់ផងដែរក្នុងខេត្តស្ទឹងត្រែង ៕ ដេង ម៉ាវិន (ស្ទឹងត្រែង)

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner