ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៧ បច្ចប្បន្នខេត្តកែបមាន ១០ គណបក្ស ដាក់ពាក្យឈរឈ្មោះបោះឆ្នោត

ខេត្តកែប៖ បច្ចប្បន្នមានគណបក្សនយោបាយចំនួន ១០គណបក្សហើយ ដែលបានដាក់ពាក្យឈរឈ្មោះ ចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៅក្នុងខេត្តកែបដែលដំណើរការបោះឆ្នោតនឹងប្រព្រឹត្តិទៅនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុននេះ។

នេះបើយោងតាមការលើកឡើងរបស់ លោក គីវ សាឌុំ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកែប ក្នុងកិច្ចប្រជុំស្តីពីការសហការងារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ សាធារណៈ និងចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោតនារសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ នៅសាលាខេត្តកែប ។

លោក គីវ សាឌុំ បានបញ្ជាក់ថា គណបក្សនយោបាយដែលបានដាក់បេក្ខជន ឱ្យឈរឈ្មោះទាំងនោះ មានគណបក្សប្រជាជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ គណបក្សធម្មាធិបតេយ្យ គណបក្សសញ្ជាតិកម្ពុជា គណបក្សខ្មែរតែមួយ គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សស្រ្តីដើម្បីស្រ្តី គណបក្សខ្មែរឈប់ក្រ និងគណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា។

ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប និងជាប្រធានលេខាធិការដ្ឋាននៃគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតខេត្តចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤ បានបញ្ជាក់ក្នុងកិច្ចប្រជុំថា ដើម្បីឲ្យដំណើរការបោះឆ្នោតប្រព្រឹត្តទៅក្នុងបរិយាកាសសន្តិសុខល្អប្រសើរ ធានាបាននូវសណ្តាប់ធ្នាប់របៀបរៀបរយ និងសុវត្ថិភាពសង្គម គ្មានការបំភិតបំភ័យ គ្មានការគំរាមកំហែង និងគ្មានអំពើហឹង្សា រដ្ឋបាលខេត្ត និងគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកែប បានដាក់ចេញនូវផែនការអន្តរស្ថាប័នការពារការបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ រួចរាល់។

គួរបញ្ជាក់ដែរថា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ក្នុងនោះខេត្តកែប មានអ្នកចុះឈ្មោះបោះឆ្នោតសរុប ២៨,១៩៨នាក់ និងមានការិយាល័យបោះឆ្នោតសុរបចំនួន ៦៩ ការិយាល័យ ៕ Sila Sarin

ads banner