ឯកឧត្តម វង្សី វិស្សុត៖ ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព គឺជាកត្តាសំខាន់មិនអាចខ្វះបាន ក្នុងការអភិវឌ្ឍវិស័យឯកជន

ភ្នំពេញ៖ ឯកឧត្តម វង្សី វិស្សុត បានថ្លែងថា ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព គឺជាកត្តាសំខាន់មិនអាចខ្វះបាន សម្រាប់លើកស្ទួយសហគ្រិនភាព និងជាសសរស្តម្ភ នៃការអភិវឌ្ឍវិស័យឯកជន ដែលជាកម្លាំងចលករ ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច, ការបង្កើតតម្លៃបន្ថែម, ការបង្កើតការងារ, ការបង្កើនប្រសិទ្ធភាព សេដ្ឋកិច្ច និង ជាប្រភពនៃនាវានុវត្តន៍ ។

ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តី ប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិអភិវឌ្ឍសហគ្រិនភាព បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលចង់ឃើញធុរកិច្ចបង្កើតថ្មី (Start-up) រីកលូតលាស់ក្លាយ ទៅជាសហគ្រាសធុនតូច និងមធ្យម (SMEs), ចង់ឃើញសហគ្រាសធុនតូច (Micro Enterprises) រីកលូតលាស់ក្លាយទៅជាសហគ្រាសធុនមធ្យម (Medium Enterprises), និងចង់ឃើញសហគ្រាសធុនមធ្យមរីកចម្រើនលូតលាស់អភិវឌ្ឍន៍ខ្លួនទៅជាសហគ្រាសធុនធំ ព្រមទាំងចង់ឃើញសហគ្រាសទាំងនោះ ជួយបង្កើតតម្លៃបន្ថែមឱ្យបានកាន់តែច្រើនក្នុងសេដ្ឋកិច្ចជាតិ និងបង្កើនសមត្ថភាពប្រកួតប្រជែងឱ្យកាន់តែខ្លាំងក្លា។

ការថ្លែងបែបនេះរបស់ឯកឧត្តម វង្សី វិស្សុត ធ្វើឡើងនាឱកាសចូលរួមកម្មវិធី “ថ្ងៃបណ្តាញទំនាក់ទំនងប្រព័ន្ធអេកូឡូស៊ី” នៅសណ្ឋាគារ ហៃយ៉ាត់រីជិនស៊ី ភ្នំពេញ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ដែលរៀបចំឡើងដោយសហគ្រិនខ្មែរ ជាស្ថាប័នបង្កើតឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់ជាវេទិកាជូនដល់ដៃគូចូលរួមទាំងអស់ ក្នុងការផ្សារភ្ជាប់បណ្តាញទំនាក់ទំនង និងបើកកិច្ចពិភាក្សាដើម្បីបង្កើតបានយុទ្ធសាស្រ្តដ៏កាន់តែរឹងមាំ សម្រាប់ការអនុវត្តគម្រោងនាពេលអនាគត។

ការកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពតម្រូវឱ្យមានកិច្ចខិតខំប្រឹងប្រែង ក្នុងការចូលរួមសម្របសម្រួល ដើម្បីជាការបង្ហាញផ្លូវ និង បង្កើតកិច្ចសហប្រតិបត្តិការឲ្យស្របតាមតម្រូវការរបស់អ្នកពាក់ព័ន្ធទាំងអស់ក្នុងប្រព័ន្ធអេកូឡូស៊ី។ ដូចច្នេះ អ្នកតំណាងប្រហែល ១២០នាក់ ដែលមានមកពីស្ថាប័នរាជរដ្ឋាភិបាល ស្ថានទូត ស្ថាប័នគាំទ្រវិស័យសហគ្រិនភាព (ESOs) ស្ថាប័នហិរញ្ញវត្ថុ សមាគមបណ្តាញធុរកិច្ច និងអ្នកពាក់ព័ន្ធដ៏ទៃងទៀតបានចូលរួមក្នុងកម្មវិធីនេះ។ សហគ្រិនខ្មែរមានតួនាទីជាថ្នាលជាតិតែងតែបំពេញបាននូវបេសកកម្មដែលជម្រុញឲ្យអាជីវកម្មមានភាពរីកចម្រើន និងគាំទ្ររាល់សកម្មភាពក្នុងវិស័យសហគ្រិនភាព។

សូមជម្រាបថា សហគ្រិនខ្មែរក៏បាននិងកំពុងធ្វើការជាមួយដៃគូជាច្រើន រួមមានក្រុមវិនិយោគទុន ស្ថាប័នហិរញ្ញវត្ថុ និង ស្ថាប័នអនុវត្តគម្រោងផ្សេងៗទៀត ក្នុងការរៀបចំគម្រោងគាំទ្រដល់អាជីវកម្មទៅតាមដំណាក់កាល។ ក្រៅពីសកម្មភាពពង្រីកបណ្តាញទំនាក់ទំនង សហគ្រិនខ្មែរ មានកម្មវិធីជាច្រើនទៀតរួមមាន៖ កម្មវិធីពន្លឿនអាជីវកម្ម, កម្មវិធីប្រកួតប្រជែងពានរង្វាន់ថ្នាក់ជាតិប្រចាំឆ្នាំ, កញ្ចប់ថវិកាជំនួយអភិវឌ្ឍន៍ទីផ្សារនាំចេញ, ការវិនិយោគ, ការពិគ្រោះយោបល់ និងការណែនាំសម្រាប់អាជីវកម្ម៕

អត្ថបទ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner