​កង​ទ័ព​ជើង​ទឹក​ស្រី​លង្កា ​រក​ឃើញ​សាក​សព​ ១៤ ​នាក់​ នៅ​ក្នុង​ទូក​ចិន​ដែល​ក្រឡាប់​លិច​កាល​ពី​សប្ដាហ៍​មុន​

កង​ទ័ព​ជើង​ទឹក​​របស់​ប្រទេស​ស្រី​លង្កា​ បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ​ទី​ ២៤ ខែ​ឧសភា​ថា​ ខ្លួន​បាន​រក​​​ឃើញ​សាក​សព​ចំនួន​ ១៤ នាក់បន្ថែម​ទៀត​​ នៅ​ក្នុងទូក​​​នេសាទ​របស់​ចិន​ ដែល​​ក្រឡាប់​លិច​កាល​ពី​​សប្តាហ៍​មុន​ ដោយ​មាន​អ្នក​ជិះជនជាតិផ្សេងគ្នា​ ៣៩ នាក់​។ ​នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់​ងារ​សារព័ត៌មាន​ AFP។

​​ការ​រក​ឃើញ​នេះ​កើត​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​ការ​ស៊ើប​អង្កេត​បឋម​​របស់​ក្រសួង​ដឹក​ជញ្ជូន​ចិន ​បាន​សន្និដ្ឋាន​ថា​ អ្នក​ជិះ​ទូក​ដែល​លិច​នោះ​បាន​​ស្លាប់​ទាំង​អស់​។ ទូកនេសាទ ​​​ឈ្មោះ​ Lu Peng Yuan Yu 028 បាន​ក្រឡាប់​ក្នុង​មហាសមុទ្រ​ឥណ្ឌា​ដោយ​សារ​​​ព្យុះ​ស៊ីក្លូន​​ Fabian កាល​ពី​ថ្ងៃ​ទី​ ១៦ ខែ​ឧសភា​ ដោយ​មាន​ជន​ជាតិ​ចិន​ ១៧ នាក់​ ឥណ្ឌូណេស៊ី​ ១៧ នាក់​ និងហ្វីលីពីន​ ៥ នាក់​ ជិះ​មុន​ពេលវា​លិច​។ ២​ ថ្ងៃ​ក្រោយ​ការ​ក្រឡាប់​ ក្រុម​អ្នក​ជួយ​សង្រ្គោះ​បាន​រក​ឃើញ​សាក​សព​មនុស្ស​២​នាក់​ ខណៈ​៣៧​នាក់​ផ្សេង​ទៀត​បន្ត​បាត់​ខ្លួន​។  ​ ​

​កង​ទ័ព​ជើង​ទឹក​ស្រី​លង្កា ​បាន​អះ​អាង​ថា​ អ្នក​មុជ​ទឹក​របស់​ខ្លួន​បាន​រក​ឃើញ​សាក​សព​មនុស្ស​២​​នាក់ ​និង​បាន​ប្រទះ​ឃើញ​មនុស្ស​ ១២​ នាក់​ទៀត​កាល​ពី​ថ្ងៃ​អង្គារ​ ដោយ​បាន​បង្ហាញ​​រូប​ថត​​​សំបក​ក្រហម​របស់​ទូក​ដែល​លិច​ហើយ​សាក​សព​ដែល​គេ​ទាញ​ចេញ​ពី​ទឹក​។ ​កង​ទ័ព​ជើង​ទឹក​ដដែល​និយាយ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា​ ដោយ​សារ​តែ​ការ​រលួយ​​នៃ​សាក​សព​ និង​​​​គ្រោះ​ថ្នាក់​ដល់​សុខភាព​​ចំពោះ​ក្រុម​អ្នក​មុជ​ទឹក​​ដែល​គ្មាន​ឧបករណ៍​ពាក់​ការពារ​គ្រប់​គ្រាន់​នោះ​ ខ្លួន​កំណត់​ថា​ ការ​ទាញ​យក​សាក​សព​ទាំង​អស់​ចេញ​នឹង​ធ្វើ​ឱ្យ​មាន​គ្រោះ​ថ្នាក់​ខ្លាំង​។ កង​ទ័ព​ជើង​ទឹក​ស្រី​លង្កា​បន្ត​ថា​ ខ្លួន​បាន​កំណត់​សាក​សព​ចំនួន​ ១២ ដែល​ជាប់​ក្នុង​ទូក​ ហើយ​​​ប្រគល់​​ឱ្យ​អាជ្ញាធរ​ចិន​។ ​មក​ទល់​ពេល​នេះ​ គេ​មិន​ទាន់​អាច​​កំណត់​អត្តសញ្ញាណ​នៃ​សាក​សព​ទាំង​អស់​​នៅ​ឡើយ​ទេ។

ជុំ​វិញ​បញ្ហា​នេះ​ ​អូស្ត្រាលី​​បាន​​បញ្ជូន​​យន្តហោះ​​​៣​​គ្រឿង​ និង​​កប៉ាល់​​៤​​គ្រឿង​ ​ទៅ​​ជួយ​​ក្នុង​​កិច្ច​ប្រឹង​ប្រែង​​ស្វែង​រក​ ​និង​​ជួ​យ​​សង្គ្រោះ​​ជា​អន្តរជាតិ​​​។ បើ​​តាម​ក្រសួង​ដឹក​ជញ្ជូន​របស់​ចិន​ ក្រុម​អ្នក​ជួយ​សង្គ្រោះ​បាន​​ស្វែង​រក​លើ​ផ្ទៃ​​ក្រឡា​ទឹក​ប្រហែល​ ៦៤ ០០០ គីឡូម៉ែត្រ​ការ៉េ​ ហើយ​មិន​រក​ឃើញ​សញ្ញា​​ពី​អ្នក​នៅ​រស់​នោះ​ទេ​។  ​

គួរ​គូស​បញ្ជាក់​ថា​ ​​ព្យុះ​ស៊ីក្លូន​ Fabian ​បាន​បក់​បោក​ខ្លាំង​​ដែល​ធ្វើ​ឱ្យ​កម្ពស់​ទឹក​សមុទ្រ​ហក់​ឡើង​រហូត​ដល់​​ ៧​ ម៉ែត្រ ​និង​ខ្យល់​បក់​ខ្លាំង​​ក្នុង​ល្បឿន​រហូត​ដល់​ ១២០ គីឡូម៉ែត្រ​/ម៉ោង ​ឆ្លង​កាត់​តំបន់​ដែល​ទូក​ Lu Peng Yuan Yu 028 កំពុង​ធ្វើ​ដំណើរ​។   ​ធាតុ​អាកាស​មិន​អំណោយ​ផលក្រោយ​ទូក​លិច​​ ក៏​បាន​​​​រារាំង​​កិច្ច​ខិត​ខំ​​ប្រឹង​ប្រែង​​ជួយ​​សង្គ្រោះផង​ដែរ​ ខណៈ​​​​​​​​មជ្ឈ​មណ្ឌល​​សម្រប​សម្រួល​​ការ​​សង្គ្រោះ​​រួម​ (JRCC) ​នៅ​​ទីក្រុង​​កង់បេរ៉ា បាន​​​ព្រមាន​​អំពី​​លក្ខខណ្ឌ​​ប្រឈម​ដល់​អាយុ​ជីវិត​សម្រាប់​ប្រតិបត្តិ​ការ​។

​ទូក​​នេសាទ​​​ Lu Peng Yuan Yu 028 គ្រប់​គ្រង​ដោយ​​​ក្រុម​ហ៊ុន​នេសាទ​រដ្ឋ​ចិន​ Penglai Jinglu ដែល​អាច​ធ្វើ​ការ​នេសាទ​ក្នុង​ដែន​សមុទ្រ​អន្តរជាតិ​។ ទូក​នេះ​បាន​ចេញ​ពី​ទីក្រុង​ ​​Cape Town ​នៃ​ប្រទេស​​អាហ្រ្វិក​ខាង​ត្បូង​កាល​ពី​ថ្ងៃ​ទី​ ៥​ ​ខែ​ឧសភា ​ឆ្ពោះ​​ទៅ​កាន់​ទីក្រុង​ប៊ូសាន​នៃ​ប្រទេស​កូរ៉េខាង​ត្បូង​។ នេះ​បើ​​យោង​តាម​គេហ​ទំព័រ​តាម​ដាន​ចរាចរណ៍​ផ្លូវ​សមុទ្រ​ ដែល​ចាប់​​ទីតាំង​របស់​ទូក​ Lu Peng Yuan Yu 028 ​ចុង​ក្រោយ​​​នៅ​ថ្ងៃ​ទី​ ១០​ ខែ​ឧសភា​ ភាគ​អាគ្នេយ៍​នៃ​​កោះ​ Reunion ដែល​ជា​កោះ​តូច​មួយ​របស់​បារាំង​ក្នុង​មហា​សមុទ្រ​ឥណ្ឌា៕

ប្រភព​៖ Sri Lanka Navy finds 14 bodies in capsized Chinese boat https://www.channelnewsasia.com/asia/capsized-chinese-fishing-boat-lu-peng-yuan-yu-14-bodies-found-3511326

ads banner