អង្គការ WWF៖ ចំនួនសត្វរំពេរទន្លេនៅក្នុងតំបន់មេគង្គ បានកើនឡើងក្នុងឆ្នាំ ២០២៣នេះ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖​ អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​សត្វ​ព្រៃនិង​ធម្មជាតិ ​ឬ​ហៅ​កាត់​ថា ​WWF ​កម្ពុជា បានប្រកាសឱ្យដឹងថា ចំនួនសត្វរំពេរទន្លេនៅក្នុងតំបន់មេគង្គក្នុងឆ្នាំ២០២៣នេះ បានកើនឡើងដល់ចំនួន ៧១ក្បាល ឬស្មើ​ប្រមាណជិត ១៣០ ភាគរយ។ ​

​យោងតាម​អង្គការ WWF នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ស្ថានភាពសត្វរំពេរទន្លេនៅក្នុងតំបន់មេគង្គស្ថិតក្នុងចំនួនមួយថេរក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ដោយអ្នកវិទ្យាសាស្ត្របានកត់ត្រា​ទុកវត្តមានរបស់សត្វនេះសរុបចំនួន ៧១ ក្បាល ព្រមទាំងកូនសត្វរំពេរទន្លេដែលទើបនឹងញាស់មានសុ​ខភាពល្អចំនួនបីក្បាលទៀត ក្នុងឆ្នាំ២០២៣ នេះ។

អង្គការ WWF បានបន្តថា៖ «ទិន្នន័យ​នេះ គឺយោងតាមសេចក្តីរាយថ្មីមួយកាលពីដើមសប្តាហ៍នេះស្តីពីកា​រគ្រប់គ្រងសំបុក និងរាប់ចំនួនសត្វរំពេរទន្លេនៅក្នុងតំបន់ទីជម្រកនៃព្រៃទេសភាពទន្លេមេគង្គ ដែលដឹកនាំអនុវត្តដោយក្រុមអ្នកស្រាវជ្រាវនៃអង្គការWWF នៅចន្លោះខែកុម្ភៈដល់ខែមេសា ឆ្នាំ២០២៣ ដោយមានការចូលរួមពីសមាជិកសហគមន៍មូលដ្ឋានក្នុងសកម្មភាពការងារផងដែរ»។ ​

ជាមួយគ្នានេះ អង្គការដដែលក៏បានធ្វើការបញ្ជាក់ទៀតថា ចំនួនសត្វរំពេរទន្លេក្នុងឆ្នាំ២០២៣នេះ ជាចំ​នួ​ន​កើនឡើង ដល់ទៅប្រមាណជិត ១៣០ ភាគរយ បើប្រៀបធៀបជាមួយនឹងលទ្ធផលតាមដានចំនួនសត្វនេះ​ទទួលបានកាលពីប្រាំពីរឆ្នាំមុន ពោលគឺពីចំនួនត្រឹមតែ ៣១ក្បាល ក្នុងឆ្នាំ ២០១៦ កើនដល់ ចំនួន ៧១ក្បាល ក្នុងឆ្នាំ ២០២៣នេះ។

​បច្ចុប្បន្នសត្វរំពេរទន្លេព្រមទាំងកូនទាំងនេះ កំពុងរស់នៅយ៉ាងសុខសាន្តក្នុងសម្បុកសរុបចំនួន ៣១សម្បុកដែលស្ថិតក្រោមការការពារដោយសហគមន៍មូលដ្ឋានដែលរស់នៅជាប់នឹងតំបន់ទីជម្រកតាមដងទន្លេមេគង្គក្នុងខេត្តក្រចេះ និងស្ទឹងត្រែង។​

សត្វរំពេរទន្លេ ត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វងាយរងគ្រោះក្នុងបញ្ជីក្រហម IUCN សត្វរំពេរទន្លេជាបក្សីដ៏កម្រមួយប្រភេទនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ នៅក្នុងប្រទេសកម្ពុជា ចំនួនសត្វនេះបានថយចុះយ៉ាងខ្លាំង រហូតដល់ទៅជាង ៨០ភាគរយ ក្នុងរយៈពេល ២០ឆ្នាំ ចុងក្រោយ ដោយមូលហេតុចំបងៗនៃការធ្លាក់ចុះ ភាគច្រើនបណ្តាលមកពីសកម្មភាពរបស់មនុស្ស។ នេះបើតាមការបញ្ជាក់បន្ថែមពីអង្គការWWF។​

អង្គការ WWF ក៏បានចាត់ទុកដែរថា លទ្ធផលនៃការតាមដានសត្វរំពេរទន្លេនាពេលនេះ គឺជាភស្តុតាងមួយដែលបង្ហាញថា ចំនួនសត្វនេះបានចាប់ផ្តើមកើនឡើងវិញបន្តិចហើយ ដែលជាការផ្តល់នូវក្តីសង្ឃឹមសម្រាប់ការអភិរក្សប្រភេទសត្វដ៏កម្រនេះនៅក្នុងប្រទេសកម្ពុជា និងពិភពលោក។

​ពាក់ព័ន្ធនឹងរឿងនេះដែរ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថាន មានប្រសាសន៍​ថា ក្នុងនាម​ជាអ្នកអភិរក្ស លោក​ពិតជាមានក្តីរំភើប ចំពោះការកើនឡើងនៃចំនួនសត្វរំពេរទន្លេ ដែលជាប្រភេទសត្វកម្ររបស់ប្រ​ទេសកម្ពុជា។ ការកើនឡើងនេះ ដោយសារតែការចូលរួមការពារ និងអភិរក្សពីប្រជាពលរដ្ឋ ខ​ការយល់ដឹងរ​បស់​ប្រជាពលរដ្ឋចំពោះប្រភេទសត្វកម្រមួយនេះ ទន្ទឹមនឹងការខិតខំការពារជំរករបស់សត្វរំពេរផងនោះ ធ្វើឱ្យ​ប្រភេទសត្វកម្រមួយនេះអាចមានលទ្ធភាពបន្តពូជជាបន្តបន្ទាប់។​

​ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា៖ «កន្លងមក សត្វរំពេរទន្លេ បានទទួលរងនូវកត្តាគំរាមកំហែងចម្បងៗចំពោះការរស់រានរបស់សត្វបក្សីនេះ រួមមាន ការយាយីដល់ទីជម្រកធម្មជាតិរបស់វាបណ្តាលមកពីស​កម្មភាពមនុស្ស ដូចជាការដាក់អន្ទាក់ ការបាញ់ និងការបំផ្លាញសម្បុកសត្វដោយសត្វពាហនៈ និងសត្វរំពារផ្សេងៗជាដើម»។ ​

ហេតុនេះឯកឧត្តមអ្នកនាំពាក្យក៏បានធ្វើការអំពាវនាវទៅកាន់ប្រជាពលរដ្ឋ ​ពិសេសអ្នក​រស់នៅតាមដងទន្លេមេគង្គ ​បន្តចូលរួមអភិរក្ស និងការពារសត្វទាំងអស់នេះ ដើម្បីជំរុញឱ្យទន្លេមេគង្គកាន់តែមានភាពទាក់ទាញ​ពីភ្ញៀវទេសចរ ពិសេសជួយឱ្យពលរដ្ឋបានស្គាល់ និងបានដឹងពីសក្កានុពលនៃសត្វកម្រមួយនេះកា​ន់តែច្បាស់ថែមទៀត។

 កន្លងមកក្រុមអ្នកអភិរក្សទាមទារត្រូវតែមានការសកម្មភាពអភិរក្សមួយដ៏រឹងមាំ ដើម្បីការពារប្រភេទបក្សីនេះឱ្យរួចផុតពីការដាច់ពូជនៅប្រទេសកម្ពុជា ហើយក៏អំពាវនាវឱ្យអ្នកពាក់ព័ន្ធទាំង​អស់ចូលរួមសម្រាប់ការពាររំពេរទន្លេ របស់កម្ពុជា៕ ដោយ៖បូរ ពេជ្យហ្សាលីន

ads banner