រដ្ឋមន្រ្តីក្រសួងកសិកម្មសន្យាគៀងគរឲ្យមានការជួយពីវិស័យឯកជននិងគម្រោងអង្គការនានាដល់សហគមកសិកម្មក្នុងខេត្តស្ទឹងត្រែង

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានអញ្ជើញចុះទស្សនកិច្ច នៅសហគមកសិកម្មអ៊ំឃួមរុងរឿងបណ្តុំអាជីវកម្មម្នាស់សហគមកសិកម្មអូរពងមាន់នៅទីតាំងសហគ្រាសហ៊ែនក្រាហ្វធីតឃែស៊ូណាត់ស្ទឹងត្រែង ក្នុងពិធីទស្សនកិច្ចនិងសំណេះសំណាលនេះមានការអញ្ជើញចូលរួមពីសមាជិកនៃសហគមទាំង៤ប្រមាណ២០០នាក់។

តាមរបាយការលោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្មខេត្តស្ទឹងត្រែង បានបញ្ជាក់ថាៈ នៅទូទាំងខេត្តមានផ្ទៃដីសម្រាប់ដាំដុះដំណាំកសិកម្មមានជាង១សែនហិកតា ក្នុងនោះសម្រាប់ផ្ទៃដីដាំដំណាំស្វាយចន្ទីមានចំនួន៤៤៥២៧ហិកតានិងទទួលបានផលប្រមាណ៤០ពាន់តោនក្នុង១ឆ្នាំ។ដោយឡែកសម្រាប់សហគមកសិកម្មនៅទូទាំខេត្តស្ទឹងត្រែងមានចំនួន១៧សហគមដែលបានបង្កើត និងទទួលស្គាល់ជាផ្លូវការដោយក្រសួងកសិកម្មរុក្ខប្រមាញ់ និងនេសាទក្នុងនោះមានដើមទុនសរុបជាង៥៦៩លានរៀល។
សម្រាប់សហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទី ហ៊ែនក្រាហ្វធីតឃែស៊ូណាត់ស្ទឹងត្រែងទើបបានបង្កើតឡើងនៅលើទឹកដីឃុំស្រែក្រសាំងនៃស្រុកសៀមបូកខេត្តស្ទឹងត្រែង បានរួមចំណែកជួយទិញនូវផលិតផលគ្រាប់ស្វាយចន្ទីពីប្រជាកសិករនៅក្នុងតម្លៃសមរម្យខ្ពស់ជាងទីផ្សារ។

គួរកត់សម្គាល់ផងដែរថាៈសហគ្រាសនេះក៏បានទទួលយកកម្លាំងពលកម្មក្នុងមូលដ្ឋានជាពិសេសក៏បានចូលរួមលើកកម្ពស់ស្រ្តីម៉េម៉ាយឲ្យមានការងារធ្វើជៀសពីការចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេសដោយទទួលបាននូវប្រាក់បៀរវត្សសមរម្យ។
ទន្ទឹមនោះឯកឧត្តម រដ្ឋមន្រ្តីក្រសួងកសិកម្ម បានលើកទឹកចិត្តដល់បងប្អូនសហគមទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងការដាំដុះនៅលើផលិតកម្មរបស់ខ្លួន ជាមួយគ្នានេះផងដែរឯកឧត្តមក៏បានសន្យាថានឹងខិតខំគៀងគរឲ្យមានការជួយពីវិស័យឯកជនក៏ដូចជាតាមរយៈគម្រោងអង្គការនានាដើម្បីជួយដល់បងប្អូនសហគមនាថ្ងៃខាងមុខផងដែរ៕

ដេង ម៉ាវិន (ស្ទឹងត្រែង)

ads banner