ស្ថាប័នរាជរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធ កំពុងទស្សនកិច្ចក្នុងខេត្តចំនួនបួន ដើម្បីស្វែងយល់ពីការផ្លាស់ប្ដូររថយន្តដឹកកម្មករ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ដំណើរទស្សនកិច្ចរយៈពេលបួនថ្ងៃ ពីមន្រ្តីរាជរដ្ឋាភិបាល តំណាងសហជីព និងសង្គមស៊ីវិល ដើម្បីស្វែងយ​ល់ពីលទ្ធផលនិងផលជះលើការជំរុញនៃការ​ផ្លាស់ប្ដូររថយន្តដឹកទំនិញសម្រាប់ដឹកកម្មករនិយោជិតកម្ពុជា ទៅជារថយន្តដែលមានសុវត្ថិភាពប្រសើរជាង ក្នុងខេត្តចំនួនបួន។

បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា ដែលចុះថ្ងៃទី២៣ ខែឧសភានេះ បានឱ្យដឹងថា ដំណើរទស្សនកិច្ចស្វែងយល់ពីលទ្ធផល និងផលជះនៃកម្មវិធីលើកកម្ពស់សុ​វត្ថិភាពចរាចរណ៍នេះ ប្រព្រឹត្តិឡើងក្នុងខេត្តចំនួនបួនរួមមាន៖ ខេត្តកណ្ដាល ខេត្តស្វាយរៀង ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី២៣ ដល់ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣​​។

​ដំណើរទស្សនកិច្ច​នេះធ្វើឡើង​ក្នុង​គោលបំណងបង្ហាញពីលទ្ធផលនៃកម្មវិធីលើកកម្ពស់សុវត្ថិភាពច​រាចរណ៍សម្រាប់កម្មករនិយោជិតកម្ពុជា និងពិភាក្សាអំពីការអនុវត្តល្អ និងមេរៀនដែលរៀនសូត្របានទៅលើការជំរុញ «ការផ្លាស់ប្ដូរពីរថយន្តមិនមានសុវត្ថិភាព ទៅជារថយន្តដែលមានសុវត្ថិភាពប្រសើរជាង» ពីបណ្ដារោ​ងចក្រ តំណាងសម្ព័ន្ធសហជីព រាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល​ ដើម្បីអាចយកបទពិសោធន៍ល្អនេះ​ យកទៅអនុវត្តបន្តនៅក្នុងរោងចក្រផ្សេងទៀត។

អង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា បញ្ជាក់ថា ៖ «កម្មវិធីទស្សនកិច្ចនេះ ក៏មានការពិភាក្សាពីប​ញ្ហាប្រឈម លើកឡើងនូវដំណោះស្រាយ និងផែនការសកម្មភាពក្នុងការអនុវត្តគំនិតផ្ដួចផ្ដើមឱ្យមានការផ្លា​ស់ប្ដូរពីរថយន្តមិនមានសុវត្ថិភាព ទៅជារថយន្តដែលមានសុវត្ថិភាពប្រសើរជាង (រថយន្តក្រុង រថយន្តទេសចរណ៍ដឹកអ្នកដំណើរ ឬ​រថយន្តដែលមានកៅអីសមរម្យ) សម្រាប់រោងចក្រសាកល្បង»។

ជុំវិញរឿងនេះ លោក គង់  អាទិត្យ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (CCAWDU) បានឱ្យដឹងនៅថ្ងៃទី​២៤ ខែឧសភា ថា ដំណើរទស្សនកិច្ចនេះ វាជាឱកាសល្អ សម្រាប់ឱ្យស្ថា​ប័នពាក់ព័ន្ធបានសិក្សាស្វែងយល់ពីបញ្ហាប្រឈម។

លោកបន្តថា វាក៏ជាឱកាសមួយដែលអាចឱ្យស្ថាប័ន្ធទាំងនោះ បង្កើតជាជម្រើសល្អៗសម្រាប់ការផ្ដួចផ្ដើមនូវគម្រោង ឫផ្ដល់ដំណោះស្រាយថ្មីៗបន្ថែមសម្រាប់ជួយដល់កម្មករខណៈដែលកម្មករកំពុងធ្វើដំណើរតា​មរថយន្តដឹកទំនញ ហើយមកផ្លាស់ប្ដូរជារថយន្តក្រុងដែលមានសុវត្ថិភាពសម្រាប់កម្មករធ្វើដំណើរវិញ។

លោក គង់ អាទិត្យ បាន​លើកឡើងដែរ​ថា កន្លងមក ទោះបីជា​នៅតាមតំបន់ និងរោងចក្រមួយចំនួន មានកា​រផ្លា​ស់ប្ដូររថយន្តពីប្រភេទរថយន្តដឹកទំនិញសម្រាប់ដឹកកម្មករនិយោជិត ទៅជារថយន្តក្រុងដែលមានសុវត្ថិភាពប្រសើរជាងហើយក្ដី ប៉ុន្តែសម្រាប់អ្នកបើកបរវិញ នៅមិនទាន់គោរពច្បាប់ចរាចរណ៍ឱ្យពេញលេ​ញ​នៅឡើយ។

​លោកបញ្ជាក់ថា ៖ «ដំណើរទស្សនកិច្ចនេះ ​មានជម្រើសច្រើន មានករណីល្អៗច្រើនសម្រាប់ការផ្ដួចផ្ដើមជាគម្រោងណាមួយសម្រាប់ជួយបង្កើនគំនិតថ្មីៗ ឬ​ដំណោះស្រាយថ្មីៗសម្រាប់រថយន្តក្រុងសុវត្ថិភាពដឹកក​ម្មករ»។

លោកបន្ថែមថា ក្រោយដំណើរទស្សនកិច្ច សង្ឃឹមថារាជរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធអាចមានប្ដេជ្ញាចិត្តក្នុងវិ​និយោគបន្ថែមលើការងារសុវត្ថិការធ្វើដំណើររបស់កម្មករនិយោជិត ​ពិសេស​ការពង្រីកវិសាលភាពការអនុវ​ត្តទៅរោងចក្រផ្សេង តំបន់ផ្សេង ខេត្តផ្សេងទៀត ដែលទាក់ទងនឹងការផ្លាស់ប្ដូររថយន្តដឹកទំនិញ មកជារថយ​ន្តក្រុងដែលមានសុវត្ថិភាពប្រសើរជាងនេះផងដែរ។

​យោងតាមអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា បានបង្ហាញថា ជារៀងរាល់ថ្ងៃ នៅប្រទេសកម្ពុជាមាន​កម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងវិស័យផលិតស្បែកជើងប្រមាណជាង ៧០ម៉ឺននាក់ ដែលប្រឈមអាយុជីវិតខ្លួនឯងទៅនឹងហានិភ័យនៃការធ្វើដំណើរទៅមកកន្លែងការងារនៅលើដងផ្លូវដែ​លមានចរាចរណ៍កកស្ទះ និងប្រឈមនឹងគ្រោះថ្នាក់ដើម្បីស្វែករកចំណូលសម្រាប់ផ្គត់ផ្គង់ដល់គ្រួសារខ្លួ​នឯង។

អង្គការដដែលបានបន្តថា អ្នកស្លាប់ដោយសារតែគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជាប្រមាណជាង ២០ភាគរយ គឺជាកម្មករនិយោជិត ហើយក្នុងនោះមួយភាគធំ គឺស្ដ្រីដែលបានស្លាប់ដោយសារបញ្ហាគ្រោះថ្នាក់ចរាចរណ៍៕ ដោយ៖ ជា សុខនី

ads banner