វិស័យអទិភាព៤រួមមានៈមនុស្ស ផ្លូវថ្នល់ អគ្គិសនីនិងទឹក ត្រូវបានកំណត់ក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ក្នុងនិតិកាលទី៦ នៃរដ្ឋសភា

ខេត្តស្ទឹងត្រែង៖ វិស័យអទិភាព៤រួមមាន មនុស្ស ផ្លូវ ភ្លើងនិងទឹក ត្រូវបានកំណត់ក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និតិកាលទី៦នៃរដ្ឋសភា ដែកកំពុងត្រូវបានអនុម័តយ៉ាងខ្ជាប់ខ្ជួន ។នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងពិធីសម្ភោធដាក់ឲ្យដំណើរការរោងចក្រប្រព្រឹត្តកម្មទឹកស្អាត នៅក្នុងខេត្តស្ទឹងត្រែង ក្នុងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។

ឯកឧត្តមបានមានប្រសាសន៍បន្តថាៈផ្តើមចេញពីនេះ វិស័យទឹកស្អាតគឺនៅតែជាវិស័យអទិភាពមួយដែលត្រូវបន្តយកចិត្តទុកដាក់ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺពង្រីកវិសាលភាពនៃការផ្គត់ផ្គង់ទឹកស្អាតនៅក្នុងទីក្រុង ទីប្រជុំជនឲ្យបាន៩០%នៅឆ្នាំ២០២៣ និង១០០%ត្រឹមឆ្នាំ២០២៥ សម្រាប់បម្រើសេចក្តីត្រូវការរបស់ប្រជាជន តាមរយៈការអភិវឌ្ឍន៍ពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ទាំងផ្នែកសាធារណៈ និងផ្នែកឯកជនឈរលើលក្ខខណ្ឌ៤យ៉ាងគឺៈទឹកត្រូវតែមានគុណភាព ទឹកត្រូវតែមានសុវត្ថិភាព ទឹកត្រូវតែមាននិរន្តរភាព និងទឹកត្រូវតែមានថ្លៃសមរម្យ ។
ឯកឧត្តមបន្ថែមថាៈតាមរយៈគោលនយោបាយនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្ត តែងតែទទួលបានគាំទ្រ និងការបង្កលក្ខណៈប្រសើរពីរាជរដ្ឋាភិបាលកម្ពុជាដែលបានខិតខំជំរុញឲ្យមានការវិនិយោគប្រាក់ជាច្រើនរយលានដុល្លារសម្រាប់ការកសាងប្រព័ន្ធទឹកស្អាតជាបន្តបន្ទាប់នៅតាមបណ្តាទីរួមខេត្តនិងទីប្រជុំជនផ្សេងៗនៅទូទាំងប្រទេសតាមរយៈហិរញ្ញប្បទានពីដៃគូរអភិវឌ្ឍន៍ និងការចូលរួមពីវិស័យឯកជន ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ថាៈដោយទទួលបានកម្ចីឥណទានពីធនាគាអភិវឌ្ឍន៍អាស៊ី(ADB)ជាង៣៥លានដុល្លារសម្រាប់ប្រើប្រាស់លើ៧កន្លែងនោះ ដោយឡែកខេត្តស្ទឹងត្រែងទទួលបានប្រមាណ១៥លានដុល្លារ ក្នុងការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតដើម្បីផ្គត់ផ្គង់ដល់ការប្រើប្រាស់ ។ រួមជា
មួយគ្នានោះ គម្រោងផលិតទឹកស្អាតនេះ គឺមានការគាំទ្រទាំង
ស្រុងពីសម្តេចតេជោនាយរដ្ឋមន្រ្តី ទើបទទួលបានជោគជ័យ ។
លោក អ៊ែនថូនី ហ្គៀល ( Anthony Gill ) ប្រធានស្តីទីធនា
គារអភិវឌ្ឍន៍អាស៊ី (ADB) បានមានប្រសាសន៍ថាៈជាការពិតណាស់ ធនាគារអភិវឌ្ឍន៍អាស៊ី ពិតជាមានកិត្តិយសដែលបានជាដៃគូរជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ។ភាពជាដៃគូនេះ គឺកើតមានឡើងជាយូរណាស់មកហើយ ពោលគឺចាប់តាំងពីថ្នាក់ដឹកនាំមុនៗមកម៉្លេះ យើងខ្ញុំមានការប្តេជ្ញាចិត្តយ៉ាងមុតមាំដូចឯកឧត្តមទេសរដ្ឋមន្រ្តីផងដែរ ក្នុងការឈានទៅសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដោយធ្វើយ៉ាងណាឲ្យប្រជាជនទាំងអស់ទទួលបានទឹកស្អាតប្រើប្រាស់ ។ លោកអ៊ែនថូនី ស្នើរឲ្យប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង រួមចំណែកក្នុងការទទួលខុសត្រូវទៅលើរោងចក្រប្រព្រឹត្តកម្មទឹកស្អាតមួយនេះ ។
សូមបញ្ជាក់ថាៈរោងចក្រប្រព្រឹត្តកម្មទឹកស្អាតនេះ មានសមត្ថភាពអាចផ្គត់ផ្គង់ទឹកស្អាតមានសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង ប្រមាណ១២០០០ម៉ែត្រគីប ក្នុង១ថ្ងៃ និងត្រូវបានតភ្ជាប់ជូនប្រជាពលរដ្ឋចំនួន៤៦០០គ្រួសារនិងផ្តល់ជាប្រយោជន៍ដោយផ្ទាល់ដល់ប្រជាពលរដ្ឋចំនួន១៦៥០០នាក់ផងដែរក្នុងខេត្តស្ទឹងត្រែង ៕

ដេង ម៉ាវិន (ស្ទឹងត្រែង)

ads banner