សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងដាក់បន្ថែមទណ្ឌកម្មលើកូរ៉េខាងជើង ជុំវិញសកម្មភាពអ៊ីនធើណិតខុសច្បាប់

សេអ៊ូល៖ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មបន្ថែមទៀត ប្រឆាំងនឹងកូរ៉េខាងជើង ជុំវិញសកម្មភាពអ៊ីនធើណិតខុសច្បាប់ ក្នុងការស្វែងរកថវិកាគាំទ្រដល់ការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ប្រទេសខ្លួន។

ក្រសួងការបរទេសកូរ៉េខាងត្បូងបានប្រកាសថា ខ្លួនទើបនឹងដាក់បញ្ចូលអង្គភាពចំនួន៣ និងបុគ្គលចំនួន៧រូបបន្ថែមទៀតទៅក្នុងបញ្ជីខ្មៅ។ អង្គភាពចំនួនពីរ ត្រូវបានគេរាយការណ៍ថា មានទំនាក់ទំនងជាមួយក្រសួងការពារជាតិកូរ៉េខាងជើង ឬគណបក្សពលករកំពុងកាន់អំណាច។

អង្គភាពទី៣ គឺជាសាលាបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យា និងអ៊ីនធើណិត។ ក្រសួងការបរទេសកូរ៉េខាងត្បូងបានបញ្ជាក់ថា អង្គភាពទាំងនេះ បានរកប្រាក់ដោយខុសច្បាប់ តាមរយៈការបញ្ជូនវិស្វករទៅកាន់ប្រទេសរុស្ស៊ី ចិន និងឡាវ ដើម្បីចូលរួមក្នុងការកសាងប្រព័ន្ធជួញដូររូបិយប័ណ្ណគ្រីបតូ។

បន្ថែមលើនេះ កូរ៉េខាងត្បូងក៏បានចោទប្រកាន់វិស្វករកូរ៉េខាងជើងដែរថា រកប្រាក់បានរាប់លានដុល្លារក្នុងមួយឆ្នាំ តាមរយៈការចេញទៅក្រៅប្រទេសក្រោមអត្តសញ្ញាណក្លែងក្លាយ ដើម្បីធ្វើការងារ។
ចំណែកក្រសួងហិរញ្ញវត្ថុអាមេរិកក៏បានប្រកាសដែរថា ខ្លួនបានដាក់ទណ្ឌកម្មអង្គភាពកូរ៉េខាងជើងចំនួន៤ និងបុគ្គលម្នាក់ ដោយចោទប្រកាន់ថា ពួកគេមានជាប់ពាក់ព័ន្ធក្នុងការលួចរូបិយប័ណ្ណគ្រីបតូ។

ជាមួយគ្នានេះ ក្រសួងហិរញ្ញវត្ថុអាមេរិក បានបញ្ជាក់ថា កូរ៉េខាងជើងបានធ្វើសកម្មភាពតាមអ៊ីនធើណិតក្នុងចិត្តគំនិតអាក្រក់ ដើម្បីស្វែងរកថវិកាគាំទ្រដល់កម្មវិធីអាវុធប្រល័យលោកខុសច្បាប់ និងកម្មវិធីមីស៊ីលផ្លោងរបស់ប្រទេសខ្លួន៕ ប្រភព៖ NHK ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner