វៀតណាមស្វែងរកការផ្គត់ផ្គង់អគ្គិសនីបន្ថែមពីចិន និងឡាវ ដើម្បីសម្រាលការខ្វះខាតថាមពលនៅរដូវក្តៅ

ហាណូយ៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍នៅថ្ងៃពុធនេះថា ក្រុមហ៊ុនអគ្គិសនីរបស់រដ្ឋវៀតណាម (EVN) នឹងបង្កើនការទិញអគ្គិសនីពីប្រទេសជិតខាង មានដូចជាចិន និងឡាវ ក្នុងគោលបំណងកាត់បន្ថយការខ្វះខាតថាមពល ដែលនឹងកើតឡើងក្នុងកំលុងរដូវក្តៅនេះ។

ក្រុមហ៊ុនចែកចាយអគ្គិសនីរបស់ប្រទេសវៀតណាម បានព្រមានអំពីការខ្វះខាតអគ្គិសនីក្នុងកំលុងរដូវក្តៅនេះ ដោយសារតែអាកាសធាតុក្តៅ និងស្ងួតខ្លាំង ជាពិសេសការថយចុះទិន្នផលសម្រាប់រោងចក្រវារីអគ្គីសនី និងម៉ាស៊ីនភ្លើងធ្យូងថ្ម ដែលនៅតែបន្តខូចព្រោះបញ្ហាបច្ចេកទេស។

អគ្គនាយកក្រុមហ៊ុនអគ្គិសនីរបស់រដ្ឋវៀតណាម (EVN) លោក Tran Dinh Nhan បាននិយាយថា EVN បានប្រើប្រាស់ប្រភពថាមពលដែលមានទាំងអស់ រួមទាំងជម្រើសដែលមានតម្លៃថ្លៃ ដូចជាម៉ាស៊ូត និងប្រេងឥន្ធនៈ ដើម្បីធានាបាននូវស្ថេរភាព និងសុវត្ថិភាពនៃប្រព័ន្ធថាមពល។

ផ្នែកមួយនៃខេត្តភាគខាងជើងនៃខេត្ត Quang Ninh គ្រោងនឹងចាប់ផ្តើមប្រើប្រាស់អគ្គិសនីទាំងស្រុង ដែលផ្តល់ដោយក្រុមហ៊ុនចិននៅខេត្ត Guangxi ភាគខាងត្បូងប្រទេសចិន គិតចាប់ពីថ្ងៃពុធនេះ រហូតដល់យ៉ាងហោចណាស់ខែកក្កដា។

នេះមិនមែនជាលើកទីមួយទេ ដែលវៀតណាមបានទិញអគ្គិសនីពីប្រទេសចិន ដើម្បីទប់ទល់នឹងការខ្វះខាតអគ្គិសនីនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ ទន្ទឹមគ្នា ក្រុមហ៊ុនអគ្គិសនីរបស់រដ្ឋវៀតណាម (EVN) ក៏នឹងបង្កើនការនាំចូលថាមពលពីប្រទេសឡាវផងដែរ តាមរយៈរោងចក្រវារីអគ្គិសនី Nam Kong និង Nam San ផងដែរ។

បើតាមក្រុមហ៊ុនអគ្គិសនីរបស់រដ្ឋវៀតណាម (EVN) ដោយសារខេត្តភាគខាងជើងប្រទេសចូលដល់រដូវក្ដៅ គិតចាប់ពីខែឧសភា ដល់ខែកក្កដា ការប្រើប្រាស់ថាមពលនៅក្នុងតំបន់នេះ ត្រូវបានគេព្យាករណ៍ថា នឹងកើនឡើង១៥ភាគរយ បើធៀបនឹងឆ្នាំមុន ដែលបណ្តាលឱ្យមានការខ្វះខាតអគ្គិសនីពី ១,៦០០ ទៅ ៤,៩០០មេហ្គាវ៉ាត់៕ ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner