គណបក្សកម្លាំងប្រជាធិបតេយ្យ គាំទ្រការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញបដិសេធបណ្ដឹងតវ៉ារបស់គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ

ភ្នំពេញ៖ ក្នុងនាមថ្នាក់ដឹកនាំគណបក្សកម្លាំងប្រជាធិបតេយ្យ ព្រមទាំងសមាជិក សមាជិកា បានធ្វើការប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញដែលបានបដិសេធចោលបណ្ដឹងរបស់គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣នេះ គឺជារឿងត្រឹមត្រូវនិងតម្លាភាពសម្រាប់គណបក្សទាំងអស់ដែលបានចូលរួមចុះបញ្ជីឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។ នេះបើបើយោងតាមញ្ញត្តិគាំទ្ររបស់គណបក្សកម្លាំងប្រជាធិបតេយ្យ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។

នៅក្នុងញ្ញត្តិគាំទ្របានបន្តថា គណបក្សកម្លាំងប្រជាធិបតេយ្យ សូមគាំទ្រចំពោះការអនុវត្តច្បាប់របស់ក្រុមប្រឹក្សាធម្មនុញ្ញ ដោយផ្អែកលើនីតិរដ្ឋ និងគោលការណ៍សេរី ត្រឹមត្រូវ តម្លាភាព ពីព្រោះនីតិរដ្ឋពុំអាចឃ្លាតឆ្ងាយពីគោលការណ៍សេរី ត្រឹមត្រូវ តម្លាភាព បានទេ ការបដិសេធបស់ក្រុមប្រឹក្សាធម្មនុញ្ញបានធ្វើការថ្លឹងថ្លែងលើសេចក្តីសម្រេចរបស់ គជប និងការផ្ទៀងផ្ទាត់បានអនុវត្តទៅតាមមាត្រា២៧ និងមាត្រា៣១ នៃច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រយ៉ាងត្រឹមត្រូវបំផុត។

សូមជម្រាបថា ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចបដិសេធលើបណ្តឹងតវ៉ារបស់របស់គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ ដែលប្ដឹងជំទាស់តវ៉ាទៅនឹងសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានបដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣។ ការសម្រេចនេះ បានធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញបានប់កកិច្ចប្រជុំពេញអង្គរបស់ខ្លួន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។ ជាលទ្ធផលនៃកិច្ចប្រជុំ ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចដូចខាងក្រោម៖
១-ទទួលពាក្យបណ្តឹងចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ របស់ឈ្មោះ ទាវ វណ្ណុល ឈ្មោះ ហុង សុខហួរ និងឈ្មោះ គីមសួរ ភីរិទ្ធ តំណាងគណបក្សភ្លើងទៀន ទុកជាត្រឹមត្រូវតាមទម្រង់ច្បាប់ ប៉ុន្តែបដិសេធចោលដោយខុសនឹងគតិច្បាប់។
២-ទទួលពាក្យបណ្តឹងចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ របស់ឈ្មោះ ហ៊ាង គឹមសឿន ប្រធានស្តីទីគណបក្សមហាសាមគ្គីជាតិខ្មែរ ទុកជាត្រឹមត្រូវតាមទម្រង់ច្បាប់ ប៉ុន្តែបដិសេធចោលដោយខុសនឹងគតិច្បាប់៕
ដោយ៖ពលជ័យ

ads banner