គណបក្សធម្មាធិបតេយ្យ៖ ការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញបដិសេធបណ្តឹងគណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ គឺជាការត្រឹមត្រូវ

ភ្នំពេញ៖ លោកស្រី ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ បានមានប្រសាសន៍ថ្លែងប្រាប់ AMS នៅរសៀលថ្ងៃទី២៥ ខែឧសភានេះថា ការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញបដិសេធបណ្តឹងតវ៉ារបស់របស់គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ គឺជាការត្រឹមត្រូវនៅលើផ្លូវច្បាប់។ គណបក្សធម្មាធិបតេយ្យ សួមគាំទ្រទាំងស្រុងចំពោះការសម្រេចនេះ។

លោកស្រីបានបញ្ជាក់ថា ច្បាប់សម្រាប់បង្កើតគណបក្ស គឺជារឿងសំខាន់ណាស់សម្រាប់អាយុជីវិតរបស់គណបក្សនីមួយៗ ហើយគណបក្សមួយថែរក្សាមិនបាននៃច្បាប់ដើម គឺជារឿងខុសឆ្គងធ្ងន់ណាស់ ហើយគណបក្សនោះនឹងក្លាយទៅជាគណបក្សខុសច្បាប់។ ដូច្នេះការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ គឺជារឿងត្រឹមត្រូវ និងមិនលំអៀងទៀតផង។

គណបក្សធម្មាធិបតេយ្យ បានបង្កើតឡើងតាំងពីឆ្នាំ១៩៩៨ផងដែរ ហើយស្នាក់ការគណបក្សរបស់លោកស្រីកាលនោះក៏មានបញ្ហាផងដែរ ដោយសារគេបិទទ្វារ ប៉ុន្តែលោកស្រីបានយកច្បាប់ដើមនោះតាមជាប់នឹងខ្លួន និងរក្សាបានច្បាប់ដើមរហូតមកដល់សព្វថ្ងៃនេះ។ គណបក្សភ្លើងទៀន កើតចេញពីគណបក្សសម រង្ស៊ី ឆ្នាំ១៩៩៨ដែរ ហើយក្រោយមកមដូរទៅជាគណបក្សភ្លើងទៀន យ៉ាងណាមិញលោកស្រីអត់យល់ថា មូលហេតុអ្វីដែលគេធ្វើឱ្យបាត់។ រីឯគណបក្សមហាសាមគ្គីជាតិខ្មែរ ក៏មិនគួរបានឯកសារនឹងដែរ ព្រោះគណបក្សនេះទៀបតែបង្កើតឡើងថ្មីទេ រឿងអីដែលបាត់ច្បាប់ដើមវាមិនសមហេតុផល។

ប្រធានគណបក្សធម្មាធិបតេយ្យ បានបញ្ជាក់ថា “ក្រុមប្រឹក្សាធម្មនុញ្ញបដិសេធលើបណ្តឹងរបស់គណបក្សទាំងពីរនេះ គឺជារឿងត្រឹមត្រូវបំផុត ហើយជាគំរូបសម្រាប់គណបក្សនានាត្រូវប្រយ័ត្នប្រយែងក្នុងការរក្សាច្បាប់ទម្លាប់របស់ខ្លួនផង។ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ គឺយើងមាន ១៨គណបក្សចូលរួមប្រកួតប្រជែង គឺវាគ្រប់គ្រាន់ទៅហើយ អត់មានចាំបាច់ទាល់តែមានគបក្សនេះបានអាចទៅរួច អត់គណបក្សនោះអាចទៅរួច។ គាត់មើលស្រាលច្បាប់ហ្នឹងហើយ បានជាមិនរក្សាទុកឯកសារគតិយុត្តិគណបក្សខ្លួនឯង។ សូម្បីឯកសារគតិយុត្តិខ្លួនឯងរក្សាមិនបានផង ហើយបើឡើងដឹកនាំប្រទេសរលាយប្រទេសបាត់ហើយ”៕
ដោយ៖ពលជ័យ

ads banner