អ.ស.ប៖ មនុស្សជាងមួយលាននាក់នៅស៊ូម៉ាលី បានផ្លាស់ទីលំនៅក្នុងរយៈពេលបួនខែ

អ.ស.ប៖ ទីភ្នាក់ងារមនុស្សធម៌បាននិយាយកាលពីថ្ងៃពុធ ទី២៤ ខែឧសភា ថា ប្រជាជនសូម៉ាលីទូទាំងប្រទេសសជាង១លាននាក់បានផ្លាស់ទីលំនៅក្នុងរយៈពេលត្រឹមតែជាង ៤ ខែប៉ុណ្ណោះ ដោយសារតែគ្រោះរាំងស្ងួត ទឹកជំនន់ និងជម្លោះ។

ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) និងក្រុមប្រឹក្សាជនភៀសខ្លួនន័រវេស (NRC) បាននិយាយថា មនុស្សប្រហែល ៤៣៣ ០០០ នាក់ បានចាកចេញពីផ្ទះរបស់ខ្លួនទាំងបង្ខំនៅ ចន្លោះពីថ្ងៃទី១ មករា ដល់ថ្ងៃទី ១០ ខែឧសភា ខណៈការបះបោររបស់ក្រុមរដ្ឋអ៊ិស្លាម និងការប៉ះទង្គិចគ្នាផ្សេងទៀតក្នុងតំបន់ផ្ដាច់ខ្លួន សូម៉ាលីឡង់ (Somaliland) បានផ្ទុះឡើង។

ក្នុងរយៈពេលដូចគ្នានេះ ទីភ្នាក់ងារមនុស្សធម៌ទាំង២ បាននិយាយក្នុងសេចក្ដីថ្លែងការណ៍រួមដដែលថា មនុស្សជាង ៤០៨ ០០០ នាក់ បានផ្លាស់ទីដោយសារតែទឹកជំនន់ ខណៈជាង ៣១២ ០០០ នាក់ទៀត បានផ្លាស់ទីលំនៅដោយសារតែគ្រោះរាំងស្ងួត។

គួរបញ្ជាក់ថា សូម៉ាលី និងប្រទេសជិតខាងនៅតំបន់ស្នែងអាហ្វ្រិកផ្សេងទៀតរួមមានអេត្យូពី និងកេនយ៉ា បានទទួលរងនូវគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតដែលមិនធ្លាប់ក្នុងរយៈពេល៤ទសវត្សរ៍ បន្ទាប់គ្មានភ្លៀងធ្លាក់គ្រប់គ្រាន់ក្នុងរយៈពេល៥ឆ្នាំជាប់ៗគ្នា ដែលធ្វើឱ្យមនុស្សរាប់លាននាក់ខ្វះខាត ប៉ះពាល់ដំណាំ និងសត្វពាហនៈស្លាប់។

កាលពីថ្ងៃពុធផងដែរ ប្រធានអង្គការសហប្រជាជាតិ លោក អង់តូនីញូវ ហ្គូតទែរ៉េស និងរដ្ឋាភិបាលពិភពលោកបានជួបប្រជុំគ្នានៅទីក្រុងញូវយ៉កក្នុងសន្និសីទមួយ ដើម្បីស្វែងរកមូលនិធិជំនួយចំនួន ៧ ប៊ីលានដុល្លារ ដើម្បីជួយអ្នកដែលត្រូវការជំនួយនៅទូទាំងតំបន់។

ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយកាលពីសប្តាហ៍មុនថា មនុស្សយ៉ាងហោចណាស់ ៤៣,៣ លាននាក់នៅតំបន់ស្នែងអាហ្វ្រិក ត្រូវការជំនួយសង្គ្រោះ និងទ្រទ្រង់ជីវិត។ ហើយបើយោងតាម UNHCR និង NRC ចំនួនមនុស្សផ្លាស់ទីលំនៅគិតតែក្នុងប្រទេសសូម៉ាលីតែឯង ឥឡូវនេះមានចំនួន ៣,៨ លាននាក់ ហើយ ៦,៧ នាក់ត្រូវការជំនួយស្បៀងអាហារ។ ទីភ្នាក់ងារទាំង២បន្តថា ក្មេងៗជាងកន្លះលាននាក់ ខ្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ៕ ប្រែសម្រួល៖ ហួន ឌីណា

ads banner