ក្រុមហ៊ុន Adobe បញ្ចូលមុខងារ AI បំប្លែងរូបភាពពីអក្សរដាក់ដំណើរការលើកម្មវិធី Photoshop

អន្តរជាតិ៖ ក្រុមហ៊ុន Adobe កាលពីថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០២៣ បានប្រកាសច្របាច់បញ្ចូល មុខងារ បញ្ញាសិប្បនិម្មិតឬអេអាយ (AI) ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចបំប្លែងរូបភាព ដោយគ្រាន់តែវាយបញ្ចូលអក្សរ ឬ សារមួយ ចូលទៅក្នុងកម្មវិធី ហ្វូតូស៊ប(Photoshop )ប៉ុណ្ណោះ។ ការណ៍នេះធ្វើឱ្យ Adobe ក្លាយជាក្រុមហ៊ុនផលិតកម្មវិធីចុងក្រោយបង្អស់ទទួលយក និងពឹងផ្អែកលើបញ្ញាសិប្បនិម្មិត។

មុខងារបញ្ចូលថ្មីនេះមានឈ្មោះថា Firefly ហើយក្រៅតែពីបំប្លែងអក្សរទៅជារូបភាព មុខងារ ថ្មីនេះក៏អាចលុបផ្នែកណាមួយចេញពីរូបភាព និងមានសមត្ថភាព ផ្គូរផ្គងពន្លឺ ជាមួយនឹងរចនាបទរបស់រូបភាពដែលមានស្រាប់ដោយស្វ័យប្រវត្តិ។ នេះបើតាមអ្វីដែលក្រុមហ៊ុន Adobe បានបញ្ជាក់។

បច្ចុប្បន្ន មុខងារនេះស្ថិតនៅក្នុងតំណាក់កាលដាក់ឱ្យប្រើប្រាស់សាកល្បង ឬបេតារបស់ Photoshop។ ក្នុងតំណាក់កាលដាក់សាកល្បង ឧបករណ៍ថ្មីនេះមានការរឹតត្បិតមួយចំនួនដូចជា ការប្រើប្រាស់សម្រាប់អាជីវកម្ម មនុស្សក្រោមអាយុ ១៨ឆ្នាំ និងនៅក្នុងប្រទេសចិន ហើយវាអាចប្រើប្រាស់បានតែក្នុងភាសាអង់គ្លេសតែមួយគត់។

គួរជម្រាបថា Adobe មិនមែនជាក្រុមហ៊ុនបច្ចេកវិទ្យាដំបូងដែលបញ្ចូលឧបករណ៍AI ចូលទៅក្នុងកម្មវិធីរបស់ខ្លួននោះទេ ពោលគឺជាការដើរតាមគន្លងរបស់ក្រុមហ៊ុនយក្ស Google និង Microsoft ដែលក្រុមហ៊ុនទាំងពីរនេះបានបញ្ចូលមុខងារ AI ថ្មីៗទៅក្នុងកម្មវិធីស្វែងរក ក៏ដូចជា មុខងារ AI ផ្តល់សេវាកម្មសារឆ្លងឆ្លើយជាមួយអ្នកប្រើប្រាស់។

Adobe បានចាប់ផ្តើមសាកល្បង Firefly នៅក្នុងខែមីនា ប៉ុន្តែក្រុមហ៊ុនមួយនេះបាននិយាយថាខ្លួនបានពិសោធន៍ មុខងារកែសម្រួលដែលដំណើរការដោយ AI នេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

គួរបញ្ជាក់ថា ការរីកចម្រើនដ៏ខ្លាំងក្លានៃបច្ចេកវិទ្យា AI ឬបញ្ញាសិប្បនិម្មិត គឺជាក្តីកង្វល់ធំមួយ ក្នុងនោះអ្នកជំនាញជាច្រើនក៏បានគំរាមអំពីសមត្ថភាពរបស់វាក្នុងការជំនួសកម្លាំងពលកម្មរបស់មនុស្ស។ តាមរបាយការណ៍ថ្មីមួយបានបង្ហាញថា បញ្ញាសិប្បនិម្មិតនឹងប៉ះពាល់ដល់ការងារនៅសហរដ្ឋអាមេរិក រហូតដល់ ៨០ភាគរយ។
ជាឧទាហរណ៍ កាលពីដើមឆ្នាំនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិក IBM បានប្រកាសថា ខ្លួននឹងជ្រើសរើសតែបុគ្គលិកសម្រាប់តួនាទីផ្តល់សេវាកម្មដល់អតិថិជនប៉ុណ្ណោះ ហើយ AI នឹងជំនួសការងារក្នុងក្រុមហ៊ុននេះប្រមាណ ៧៨០០ កន្លែង៕ ប្រែសម្រួល៖ ស្រ៊ុន សិរីវឌ្ឍនៈ

ads banner