ជិតបីឆ្នាំ រដ្ឋាភិបាលចំណាយថវិកាជាងមួយពាន់លានដុល្លារ ជួយដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ អំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ប្រាក់ឧបត្ថម្ភជាងមួយពាន់លានដុល្លារអាមេរិក ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ជូនប្រជាពលរដ្ឋគោលដៅគិតត្រឹមខែឧសភា ឆ្នាំ២០២៣ តាមរយៈការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុង អំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ ដល់គ្រួសារជាង ៧០ ម៉ឺនគ្រួសារ។

គិតចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី២៤ខែឧសភា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុង អំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ ដោយបានចំណាយថវិកាជាង ៤ ២២៧ ប៊ីលានរៀល ស្មើនឹងប្រមាណជាង
១០៥៦ លានដុល្លារអាមេរិក។

នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ស្តីពីលទ្ធផលនៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ សម្រាប់ជុំទី១៣ លើកទី១ និងការបើកសាច់ប្រាក់ជុំទី១៣ លើកទី២។

ក្រសួងសង្គមកិច្ច បានលើកឡើងទៀតថា ចំពោះការបើកផ្តល់ប្រាក់ឧបត្ថម្ភជុំទី១៣ លើកទី២ នឹងត្រូវចាប់ផ្តើមពីថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ ដែលមានរយៈពេល៣០ថ្ងៃ។

ប្រភពដដែលបញ្ជាក់ថា ៖ «ចំពោះគ្រួសារដែលបានផ្ទៀងផ្ទាត់ទាំង៣៥លើករួចហើយ អាចទៅបើកប្រាក់ឧបត្ថម្ភនៅតាមវីងដោយមិនតម្រូវឱ្យទៅសាលាឃុំ សង្កាត់ សារជាថ្មីទៀតទេ។
ឯគ្រួសារក្រីក្រ និងងាយរងគ្រោះដែលមានបណ្ណសមធម៌មានសុពលភាពដែលមិនទាន់បានផ្ទៀងផ្ទាត់ទាំង១៣ជុំ (៣៥លើក) និងគ្រួសារក្រីក្រដែលទើបទទួលបានបណ្ណសមធម៌ថ្មីអាចទៅផ្ទៀងផ្ទាត់នៅសាលាឃុំ សង្កាត់ ដើម្បីទទួលបានការឧបត្ថម្ភសាច់ប្រាក់ក្នុងជុំទី១៣ លើកទី២នេះ»។

ជាមួយគ្នានេះដែរ ក្រសួងសង្គមកិច្ច ក៏បានលើកឡើងផងដែរថា ចំពោះបណ្ណសមធម៌ដែលអស់សុពលភាពចំនួនប្រាំបួន រាជធានី ខេត្ត ដែលមាន រាជធានីភ្នំពេញ ខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ធំ ក្រចេះ ស្ទឹងត្រែង សៀមរាប បន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ក្រសួងផែនការបានសម្រេចបន្តសុពលភាពប័ណ្ណសមធម៌រហូតដល់ពេលក្រសួងផែនការរៀបចំធ្វើបច្ចុប្បន្នភាពទិន្នន័យគ្រួសារក្រីក្រឡើងវិញ។

ទន្ទឹមនឹងនេះដែរ ក្រសួងសង្គមកិច្ចក៏បានអំពាវនាវជាថ្មីផងដែរ ដោយកុំចាញ់បោកគណបក្សនយោបាយ ឬជនឆបោកមួយចំនួន ដែលបានលើកឡើងថា រាជរដ្ឋាភិបាលនឹងធ្វើការដកបណ្ណក្រីក្រ និងបញ្ឈប់បើកប្រាក់ដល់គ្រួសារដែលទទួលផលពីកម្មវិធីដោយសារការប្រកាន់និន្នាការនយោបាយ។

ឯកឧត្តម ឈួរ សុបញ្ញា អគ្គនាយកមូលនិធិជាតិជំនួយសង្គម នៃក្រសួងសង្គមកិច្ច បានលើកឡើងកាលពីពេលថ្មីៗនេះថាការឧបត្ថម្ភសាច់ប្រាក់ដល់ជនក្រីក្របានចែកចេញជាបីប្រភេទដែលគ្រួសារនីមួយៗនឹងទទួលបានសាច់ប្រាក់ទៅតាមទំហំគ្រួសារ ក្នុងនោះជាមធ្យម ទទួលបានពី២០ ម៉ឺន រៀល ដល់១០០ដុល្លារអាមេរិក សម្រាប់មួយគ្រួសារ ក្នុងមួយខែ។ឯកឧត្តមបានលើកឡើងថា គ្រួសារទាំងនោះ ជាជនក្រីក្រនៅទីប្រជុំជនក្នុងរាជធានីភ្នំពេញ ជនក្រីក្រនៅទីប្រជុំជនក្រៅរាជធានីភ្នំពេញ និងជនក្រីក្រនៅជនបទ ។

ឯកឧត្តម ឈួរ សុបញ្ញា បានបញ្ជាក់ថា៖«នេះជាការដែលផ្តល់ដោយផ្អែកលើមូលដ្ឋាននៃការសិក្សាលើប្រាក់ចំណូល ដែលការសិក្សានេះមានការចូលរួមពីធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី»។

សូមរំឮកផងដែរថា កាលពីថ្ងៃទី២២ ខែឧសភា កន្លងមកនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសពីការដាក់ឱ្យអនុវត្តក្របខ័ណ្ឌគោលនយោបាយស្ត្រីជាមួយកម្មការិនីមានផ្ទៃពោះដោយរាជរដ្ឋាភិបាល នឹងផ្តល់ការឧបត្ថម្ភបន្ថែមទៀត ដល់កម្មការិនីទាំងអស់ចាប់ពីពេលចាប់ផ្តើមមានផ្ទៃពោះដំបូង រហូតដល់កូនមានអាយុពីរ ឆ្នាំ៕ ដោយ៖ នាង សុគន្ធា

ads banner