មូលនិធិជាតិជំនួយសង្គម គ្រោងបញ្ចប់ការអប់រំផ្សព្វផ្សាយសុខភាពមាតា ទារក ដល់មន្ត្រីមូលដ្ឋាន នាដើមខែមិថុនាខាងមុខនេះ
ភ្នំពេញ៖ មូលនិធិជាតិជំនួយសង្គម គ្រោងនឹងបញ្ចប់ការរៀបចំវគ្គបណ្ដុះបណ្ដាលដល់មន្ត្រីមូលដ្ឋានស្ដីពី«សៀវភៅគោលការណ៍ណែនាំអប់រំផ្សព្វផ្សាយសុខភាពមាតា ទារក និងអាហារូបត្ថម្ភ» នាដើមខែមិថុនាខាងមុខនេះ ខណៈដែលវគ្គបណ្ដុះបណ្ដាលនេះ បានរៀបចំឡើងនៅទូទាំងខេត្តប្រទេសកម្ពុជា។
ឯកឧត្តម ឈួរ សុបញ្ញា អគ្គនាយកមូលនិធិជាតិជំនួយសង្គម បានឱ្យដឹងថា ការរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី «សៀវភៅគោលការណ៍ណែនាំអប់រំផ្សព្វផ្សាយសុខភាពមាតា ទារក និងអាហារូបត្ថម្ភសម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ» ជូនដល់មន្ត្រីមូលដ្ឋាន ដែលមានភារកិច្ចជាអ្នកកាន់សាច់ប្រាក់ជូនដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ បានធ្វើឡើងនៅគ្រប់ស្រុក ឃុំ/សង្កាត់ គ្រប់ខេត្ត ទាំង២៥រាជធានី/ខេត្ត ក្នុងប្រទេសកម្ពុជា។

ឯកឧត្តមបន្តថា គោលបំណងនៃការរៀបចំវគ្គបណ្ដុះបណ្ដាលនេះ ទី១ ជាការផ្សព្វផ្សាយអំពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ។ ទី២ បណ្ដុះបណ្តាលមន្ត្រីមូលដ្ឋាន ឱ្យយល់អំពីវិធីសាស្ត្រនៃការផ្លាស់ប្តូរឥរិយាបទរបស់អ្នកទទួលផល ដើម្បីឱ្យអ្នកទទួលផល ពួកគាត់ចេះគ្រប់គ្រងនូវផែនការថវិកាដែលយកចេញពីរាជរដ្ឋាភិបាល និងមួយទៀតដើម្បីឱ្យពួកគាត់ចេះប្រើប្រាស់ថវិកានោះ យកទៅពង្រីកប្រព័ន្ធអាហារូបត្ថម្ភសម្រាប់កុមារ។ គោលបំណងទី៣នៃវគ្គបណ្ដុះបណ្ដាលនេះ លោកថា ក៏ជាការជំរុញឱ្យមានការថែទាំសុខភាពរបស់ស្ដ្រីមានផ្ទៃពោះផងដែរ។
ឯកឧត្តមបញ្ជាក់ថា គិតមកដល់ពេលនេះ ការចាប់ផ្ដើមនៃវគ្គបណ្ដុះបណ្ដាលដែលបានអនុវត្តរយៈពេលជិតមួយខែហើយ តាំងពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣កន្លងមកនេះ បានបង្ហាញថា ការផ្ដល់វគ្គបណ្ដុះបណ្ដាលទៅដល់មន្ត្រីមូលដ្ឋាន ដែលទទួលបន្ទុកលើការងារឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ គឺបានគ្របដណ្ដប់ទៅលើឃុំ/សង្កាត់ចំនួន ៨០ភាគរយហើយ នៃក្របខ័ណ្ឌស្រុក/ខណ្ឌទូទាំងប្រទេស ដែលបានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី «សៀវភៅគោលការណ៍ណែនាំអប់រំផ្សព្វផ្សាយសុខភាពមាតា ទារក និងអាហារូបត្ថម្ភសម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ»។ លោកបានបន្ថែមថា ហើយមូលនិធិជាតិជំនួយសង្គម នឹងគ្រោងបញ្ចប់ការផ្ដល់វគ្គបណ្ដុះបណ្ដាលជូនមន្ត្រីមូលដ្ឋាន នៅគ្រប់ខេត្តទាំងអស់ក្នុងប្រទេសកម្ពុជា នាដើមខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ។

សូមបញ្ជាក់ថា ចាប់តាំងពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំមក អ្នកទទួលផលមានចំនួនសរុបជាង ៣១ម៉ឺននាក់ ក្នុងនោះស្ដ្រីមានចំនួនសរុប ២០ម៉ឺននាក់ និងកុមារអាយុក្រោម ២ឆ្នាំ មានចំនួនសរុប ១១ម៉ឺននាក់ ដោយបានចំណាយសាច់ប្រាក់ឧបត្ថម្ភសរុបចំនួន ២៤.២៧ លានដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមការបញ្ជាក់របស់លោក ឈួរ សុបញ្ញា អគ្គនាយកនៃមូលនិធិជាតិជំនួយសង្គម៕ ដោយ៖ ជា សុខនី