អាជីវកម្មមួយពង្រីកវិសាលភាពទីផ្សារត្រីខ្មែរនិងជួយកសិករចិញ្ចឹមត្រីដោយការកែច្នៃជាផលិតផលស្តង់ដារ
កំពង់ចាម៖ សិប្បកម្មមួយ នៅខេត្តកំពង់ចាម បានជួយពង្រីកវិសាលភាពទីផ្សារត្រីរបស់កសិករបានស្ទើរតែមួយស្រុក តាមរយៈការកែច្នៃកសិផលទាំងនោះ ទៅជាផលិតផលក្រៀម មានផលិផលស្តង់ដារ ទីផ្សារខ្ពស់ អាចលក់ទៅកាន់រោងចក្រ និងដាក់លក់តាមផ្សារទំនើបនៅក្រុងភ្នំពេញបាន។

អ្នកស្រី ធឿន ស្រីនី ជាម្ចាស់សិប្បកម្មដែលកែច្នៃ ប្រហុក ផ្អក ត្រីងៀតជាច្រើនប្រភេទ បានឱ្យដឹងថា អាជីវកម្មរបស់ខ្លួនបានវិវត្តពីរបរជាលក្ខណៈគ្រួសារមកក្លាយជាសិប្បកម្មមួយនិងកំពុងព្យាយាមខ្លាំងឡើងៗ ដើម្បីឱ្យសហគមន៍របស់ខ្លួនទាំងមូលមានទីផ្សារល្អ។
អ្នកស្រីបានរៀបរាប់ឱ្យដឹងថា៖ «ខ្ញុំបានចាប់ផ្តើមធ្វើជាលក្ខណៈគ្រួសារ ជាង ១០ឆ្នាំមកហើយ តែខ្ញុំទើបតែបានចុះបញ្ជីជាសហគ្រាសទើបបាន ១ឆ្នាំទេ កាលពីមុនខ្ញុំលក់នៅក្នុងផ្សារ ស្គន់ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ហើយសម្រាប់ជំនាញកែច្នៃនេះ គឺចេះពីម្ដាយតមក»។

ពាក់ព័ន្ធទៅនឹងការកែច្នៃត្រី អ្នកស្រី ធឿន ស្រីនី បានឱ្យដឹងថា លោកស្រីប្រើប្រាស់វត្ថុធាតុដើមដូចជា ត្រីអណ្ដែង ត្រីប្រា ត្រីឆ្តោ ដែលចេញពីស្រុកជើងព្រៃផ្ទាល់ សម្រាប់ការផលិត និងម្យ៉ាងដោយសារលោកស្រីព្យាយាមធ្វើយ៉ាងណាឱ្យសហគមន៍របស់ខ្លួនទាំងមូលមានទីផ្សារត្រីជាមុនសិន។
អ្នកស្រី បានបញ្ជាក់ថា៖ «សហគមន៍ជាអ្នកផ្គត់ផ្គង់ខ្ញុំរាល់ថ្ងៃនេះមានជារបៀបអ្នកចិញ្ចឹម ខ្ញុំផ្ដោតសំខាន់លើត្រីចិញ្ចឹម ទោះបីត្រីធម្មជាតិជាស្នូលមួយនៃផលិតផលទាំងអស់ហ្នឹងក៏ដោយ គ្រាន់តែថា គោលដៅដែលយើងផ្ដួចផ្ដើមទីផ្សាររាល់ថ្ងៃនេះគឺត្រីចិញ្ចឹម។ ដោយសារតែនៅក្នុងស្រុកនេះទីផ្សារត្រីចិញ្ចឹមសម្រាប់កសិករគឺមិនទាន់មានទេ។ អ៊ីចឹង! ខ្ញុំខិតខំប្រឹងប្រែងបំបែករឿងនឹងមួយឱ្យគេបានស្គាល់ ឱ្យគេទទួលស្គាល់ ត្រីចិញ្ចឹមមានគុណភាពល្អ មានអនាម័យ ទាំងគុណភាពទាំងស្តង់ដារ អញ្ចឹងទៅ»។

អ្នកស្រី ធឿន ស្រីនី បានបន្តទៀតថា៖ «បច្ចុប្បន្ននេះកសិករចិញ្ចឹមត្រីដែលផ្គត់ផ្គង់មកសហគមន៍ខ្ញុំគឺមានច្រើនដែរ គឺ១ស្រុកជើងព្រៃ»។
ដោយឡែក ទាក់ទិនទៅនឹងការផលិត ឬកែច្នៃឯណោះវិញអ្នកស្រី ថា បច្ចុប្បន្នសហគ្រាសឈ្មោះ ធឿន ស្រីនី របស់អ្នកស្រី ផលិតត្រីស្ងួតគ្រប់ប្រភេទប្រមាណ ២០០គីឡូក្រាមក្នុងមួយថ្ងៃ។
អ្នកស្រីបានឱ្យដឹងថា៖ «សម្រាប់ទំហំនៃការផលិតដោយសារបច្ចុប្បន្ននេះសេដ្ឋកិច្ចថយចុះ បើពីមុនផលិតបានច្រើន ព្រោះខ្ញុំមិនមែនកែច្នៃតែត្រីងៀតទេ ខ្ញុំក៏លក់ជាត្រីស្រស់ថែមទៀត ពោលគឺលក់ទាំងស្រស់ និងកែច្នៃតែម្ដង បើគិតទៅការផលិតថយចុះមកត្រឹម ៣០ភាគរយ នៃកាលពីមុនទេ»។

ចំណែកឯទីផ្សារនៃការលក់ត្រីកែច្នៃ សិប្បកម្មរបស់អ្នកស្រីអាចលក់បានតាម៣ជម្រើស ទី១គឺលក់ទៅផ្សារ និងលក់ចូលផ្សារទំនើបនៅភ្នំពេញ ទី២គឺលក់ចេញទៅតាមរោងចក្រនៅស្រុកជើងព្រៃ ទី៣ គឺការលក់ទៅម៉ូយៗដែលលក់បន្តមកយកដល់កន្លែងតែម្ដង។
ដ្បិតថាមានទីផ្សារច្រើនហើយក្តី តែលោកស្រីគិតថាមិនទាន់គ្រប់គ្រាន់នៅឡើយទេ ខណៈលោកស្រីមានមហិច្ឆតាចង់ឱ្យគេស្គាល់ឱ្យបានច្រើនបន្ថែមទៀត។អ្នកស្រីបាននិយាយថា៖ «ចង់ឱ្យគេដឹងថាសិប្បកម្មរបស់ខ្មែរមានផលិតផលស្តង់ដារ និងអនាម័យខ្ពស់ ខ្ញុំយល់ថាពលរដ្ឋខ្មែរនៅមិនទាន់ទទួលស្គាល់ថាផលិតផលខ្មែរជាផលិតផលល្អនៅឡើយ ហេតុនេះទើបខ្ញុំបន្តខិតខំឱ្យគេទទួលស្គាល់បន្ថែមទៀត»។
ចំណែកគម្រោងវិញអ្នកស្រី ធឿន ស្រីនី បានឱ្យដឹងថា៖ «ទៅថ្ងៃមុខក្រៅពីជួយសហគមន៍ ខ្ញុំមានគម្រោង អភិវឌ្ឍន៍បន្ថែមទៀតទៅលើការវេចខ្ចប់ ស្តង់ដារគ្រប់គ្រាន់ មិនថា បន្លែ ផ្លែឈើ ឬត្រឹមត្រីទេ ក៏ចង់ផលិតឱ្យបានល្អដូចគេ ខ្ញុំមានគម្រោងហើយ ណាមួយប្រជាពលរដ្ឋនៅជុំវិញខ្ញុំនេះមានអ្នកអត់ការងារធ្វើច្រើនណាស់ អ៊ីចឹង! ហើយបានជាខ្ញុំមានគម្រោងធ្វើរឿងនឹងបន្ថែមទៀត»។
អ្នកស្រី ក៏បានបញ្ជាក់ថា នេះហើយជាមូលហេតុសំខាន់ដែលលោកស្រីដាក់បេះដូង កែច្នៃត្រីនេះ គឺដោយសារលោកស្រីមើលឃើញថាកសិករនៅក្នុងស្រុកដែលចិញ្ចឹមត្រី គ្មានទីផ្សារ ម្យ៉ាងកសិករដែល រួចរាល់ពីរបរស្រែចម្ការ អាចធ្វើការនៅកន្លែងកែច្នៃរបស់អ្នកស្រី បានប្រាក់ខែ និងប្រាក់កម្រៃបន្ថែមទៀត៕ ដោយៈ ស្រ៊ុន សិរីវឌ្ឍនៈ