ព្រឹកស្អែក សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយកម្មករ និយោជិត នៅ ក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ នឹងអញ្ជើញសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ (ROYAL GROUP PIINOM PENH SEZ) ប្រមាណ ១៩.០០០នាក់ មកពីរោងចក្រ ម៉ាវ៉ល ហ្គាមិន (Marvel Comment) ចំនួន ១៦ ០០០នាក់, រោងចក រ៉ុងវីន ហ្គាមិន (Rongwing Garment) ចំនួន ១៥០០នាក់ និងរោងចក្រ DNQIAN TEXTILE CAMBODIA ចំនួន ១ ៥០០នាក់។
តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុបភ្នំពេញ ត្រូវបានបង្កើតឡើងដំបូងនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០០៦ ដែលមានឈ្មោះថា «តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ» និងត្រូវបានផ្លាស់ប្ដូរឈ្មោះទៅជា «តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ» នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២២ ដោយមានអ្នកឧកញ៉ា គិត ម៉េង ជាប្រធានក្រុមប្រឹក្សាភិបាល។
តំបន់សេដ្ឋកិច្ចពិសេសនេះ មានទំហំផ្ទៃដី ៣៥៧ ហិកតា បានទុនវិនិយោគ ៧៤៥ លានដុល្លារ អាមេរិក មានរោងចក្រ សហគ្រាសសរុប ៩៨ កំពុងដំណើរការ ក្នុងនោះមកអ្នកវិនិយោទុនមកពីប្រទេសជប៉ុន ៤០ រោងចក្រ, ចិន ៣០រោងចក្រ, ថៃ ៦រោងចក្រ, ម៉ាឡេស៊ី ៤រោងចក្រ, សឹង្ហបូរី ៤រោងចក្រ, សហរដ្ឋអាមេរិក ៣រោងចក្រ, កម្ពុជា ៣រោងចក្រ, អូស្ត្រាលី ២រោងចក្រ, ហូឡង់ ២រោងចក្រ, កូរ៉េខាងត្បូង ១រោងចក្រ, ហ្វីលីពីន ១រោងចក្រ, ស៊ុយអែត ១រោងចក្រ, និងវៀតណាម ១រោងចក្រ ប្រើប្រាស់កម្មករនិយោជិតសរុប ៤១ ៣៧០នាក់ ទំហំទឹកប្រាក់នាំ ចេញបានកើនដល់ ៩៧៧លានដុល្លារអាមេរិកក្នុងឆ្នាំ២០២២។
ផលិតកម្ម និងសេវាកម្មសំខាន់ៗរួមមាន៖ បរិក្ខារ អគ្គិសនី និងអេឡិកត្រូនិក និងគ្រឿងបង្គុំ, កាត់ដេរសម្លៀកបំពាក់, ផលិតផលអាហារ និងភេសជ្ជៈ, សម្ភារវេចខ្ចប់ (ផ្លាស្ទិក ក្រណាត់ ក្រដាស), គ្រឿងបង្គុំរថយន្ត, សម្ភារៈប្រើប្រាស់ ប្រចាំថ្ងៃ, ផលិតផលធ្វើពីប្លាស្ទិក, ផលិតផលធ្វើ ពីលោហៈធាតុ, ចំណីសត្វ, គ្រឿងសំណង់, បោះពុម្ព, កែច្នៃសំណល់, គ្រឿងសម្អាង, ស្បែកជើង, ផលិតផលធ្វើពីស្បែក, ផលិតផលថ្នាំលាបពណ៌, គ្រឿងបន្លាស់រថយន្ត, ផ្ទៃពេជ្រ, សេវាកម្មនានា (ធនាគារ ភោជនីយដ្ឋាន)៕
ដោយ វណ្ណលុក