អនុស្សានៈយោគយល់គ្នាដើម្បីផ្តល់អាហារូបករណ៍ដល់និស្សិតខ្មែរទៅរៀននៅប្រទេសចិន


ភ្នំពេញ៖ សមាគមកម្ពុជាចិន ដើម្បីផ្លាស់ប្ដូរការអប់រំ ទើបនឹងបង្កើតមជ្ឈមណ្ឌល​សិក្សានៅ​ប្រទេស​ចិន ដើម្បីស្វែងរកកិច្ចសហការជាមួយដៃគូនៅប្រទេសចិន ក្នុងការស្នើសុំអាហារូបករណ៍​ជូនសិស្សនិស្សិតកម្ពុជា និងសម្របសម្រួលឱ្យពួកគេ បានទៅសិក្សានៅប្រទេសចិន ខណៈ​បច្ចុប្បន្ន​មាន​ដៃគូសហការជាង ១០០សាលាហើយ។ នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចឯកឧត្តម ហុង ឡុង​នាយកខុទ្ទកាល័យសម្តេចកិត្តិសង្គបណ្ឌិត ម៉ែន​ សំអន​  អញ្ជើញជាអធិបតីចុះអនុស្សានៈ​យោគយល់គ្នារវាងក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ចនិងសមាគមកម្ពុជាចិនដើម្បីផ្តល់អាហារូបករណ៍ដល់និស្សិតទៅរៀននៅប្រទេសចិន។

លោក សរ រិទ្ធី អគ្គលេខាធិការសមាគមកម្ពុជាចិន ដើម្បីផ្លាស់ប្ដូរការអប់រំ បានឱ្យដឹងថា គោលបំណងនៃការបង្កើតមជ្ឈមណ្ឌលនេះ គឺដើម្បីស្វែងរកកិច្ចសហការ​ជាមួយដៃគូ/សាកល​វិទ្យាល័យ នៅប្រទេសចិន ក្នុងការស្នើសុំអាហារូបករណ៍​ជូនសិស្សនិស្សិតកម្ពុជា និងសម្រប​សម្រួលឱ្យពួកគេ បានទៅសិក្សានៅប្រទេសចិន សំដៅធ្វើយ៉ាងណាផ្លាស់ប្ដូរការ​សិក្សារបស់​សិស្សនិស្សិត ក៏ដូចជារួមចំណែក​ក្នុងការអភិវឌ្ឍធនធានមនុស្ស ដែលជាកត្តាចាំបាច់​ក្នុងការអភិវឌ្ឍ​សង្គមជាតិ។

លោកអគ្គលេខាធិការបានបន្តថា បច្ចុប្បន្នសមាគមកំពុងស្វែងរកដៃគូ ផ្ដល់អាហារូបករណ៍​នៅប្រទេសចិន ដែលមកដល់ពេលនេះ មានសាកលវិទ្យាល័យជាង ១,០០០ហើយដែលបាន​ទំនាក់ទំនង ក្នុងនោះមានជាង១០០សាលា គឺបានឯកភាពផ្ដល់អាហារូបករណ៍​ដល់សិស្ស​និស្សិតកម្ពុជា។ លោកបន្តទៀតថា នៅពេលទទួលបាន​អាហារូបករណ៍​ពីដៃគូនៅប្រទេសចិន​ហើយ មជ្ឈមណ្ឌលសិក្សនៅប្រទេសចិននឹងផ្ដល់ ជូនអាហារូបករណ៍ទាំងនោះទៅ​រាជរដ្ឋាភិបាល​កម្ពុជា សមាគមអាហារូបករណ៍សម្ដេចតេជោ អ.ម.ត ដើម្បីបែងចែកផ្ដល់ជូន​សិស្សនិស្សិតក្រីក្រ ដែលមានបំណងចង់ទៅសិក្សានៅប្រទេសចិន។
បើតាមលោក សរ រិទ្ធី សមាគមកម្ពុជា​ចិន​ដើម្បីផ្លាស់ប្ដូរការអប់រំ ក៏មានកម្មវិធីបំពាក់​បំប៉នភាសាចិន ជូនសិស្សនិស្សិតកម្ពុជា មុននឹងបញ្ជូនពួកគេទៅសិក្សា​នៅប្រទេសចិន​នោះដែរ។ នេះជាឱកាសរបស់សិស្សនិស្សិតកម្ពុជា ក្នុងការទទួលបានឱកាស​ទៅសិក្សានៅ​ប្រទេសចិន ការទទួលបានព័ត៌មាន ការត្រៀមខ្លួន ព្រមទាំងចំណេះដឹងបន្ថែមភាសាចិន។
លោកអគ្គលេខាធិការបញ្ជាក់ទៀតថា ក្នុងជំហានដំបូងនេះ សមាគមកម្ពុជាចិនដើម្បីផ្លាស់ប្ដូរ​ការអប់រំមានអាហារករណ៍សរុប២០០កន្លែង ហើយប្រសិនបើការងារនេះជោគជ័យ សមាគមនឹងបន្តស្នើសុំបន្ថែមលើសពីជំហានដំបូងនេះសម្រាប់ផែនការបន្តបន្ទាប់ទៅមុខទៀត។ សមាគមកម្ពុជាចិនដើម្បីផ្លាស់ប្ដូរការអប់រំ ក៏បានផ្ដល់អាហារូបករណ៍ចំនួន២០កន្លែង ជូនទៅខុទ្ទកាល័យសម្តេចកិត្តិសង្គបណ្ឌិត ម៉ែន​ សំអន​  អន ដើម្បីពិនិត្យលើលទ្ធភាព និងបែងចែកទៅឱ្យសិស្សនិស្សិតណាខ្លះក្នុងការបញ្ជូនទៅសិក្សានៅប្រទេសចិននាពេលខាងមុខ។
ជំនាញដែលផ្ដល់អាហារូបករណ៍នោះ គឺមានច្រើនវិស័យ ដូចជាទេសចរណ៍ រដ្ឋបាល​សាធារណៈ កសិកម្ម បច្ចេកវិទ្យា ធុរកិច្ច នយោបាយ ប៉ុន្តែសមាគមចាប់​អនុវត្តវិស័យអាទិភាព​ចាំបាច់មុនគេ ហើយសមស្របទៅនឹងកម្រិតរបស់សិស្សនិស្សិតកម្ពុជា ពិសេសគឺឆ្លើយតប​ទៅនឹងតម្រូវការទីផ្សារការងារ ពីព្រោះនៅកម្ពុជាមានទីផ្សារការងារ​ច្រើនណាស់ដែលកំពុង​ត្រូវការបុគ្គលិកជំនាញ។ នេះបើតាមការបន្ថែមរបស់លោក សរ រិទ្ធី។
មួយវិញទៀតថា សមាគមកម្ពុជាចិន ដើម្បីផ្លាស់ប្ដូរការអប់រំ នឹងរៀបចំឱ្យមាន​ពិព័រណ៍អប់រំអន្តរជាតិលើកដំបូង ដែលគ្រោងធ្វើឡើងចាប់ពីថ្ងៃទី៣-៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅកោះពេជ្រ រាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយព័ត៌មាន ដល់សិស្សនិស្សិតកម្ពុជា​ពីឱកាសទទួលបានការសិក្សា តាមរយៈអាហារូបករណ៍នៅប្រទេសចិន។

សិស្សនិស្សិតកម្ពុជានឹងបានឈ្វេងយល់ពីសាកលវិទ្យាល័យ និងគ្រឹះស្ថានអប់រំនៅប្រទេសចិន​កាន់តែច្បាស់ ពិសេសគឺឱកាសទទួលបានអាហារូបករណ៍ ទៅសិក្សានៅទីនោះ។ គួរជម្រាបថា កិច្ចខិតខំរបស់សមាគមកម្ពុជាចិន​ដើម្បីផ្លាស់ប្ដូរការអប់រំ ក៏ដូចជាការបង្កើតឱ្យមាន​មជ្ឈមណ្ឌលសិក្សនៅ​ប្រទេសចិននេះ គឺស្របទៅនឹងស្មារតីរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក លី ខឺឈាំង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន ដែលមានបំណងចង់ជំរុញការបណ្ដុះបណ្ដាល និងអភិវឌ្ឍធនធានមនុស្ស ខណៈមិត្តភាពកម្ពុជា-ចិនគឺជាមិត្តភាពរឹងមាំដូចដែកថែប៕ ដោយ ថេត វិចិត្រ

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner