រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច និងទូតអូស្រ្តាលី ជួបពិភាក្សាលើការងារលើកកម្ពស់ជនមានពិការភាព
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាឯកឧត្តម វង សូត និងលោក Justin Kevin Whyatt ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសអូស្រ្តាលីប្រចាំកម្ពុជា បានជួបពិភាក្សាគ្នាជុំវិញការលើកកម្ពស់ជនមានពិការភាពតាមរយៈកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ជំនួបនេះធ្វើឡើងនៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ខណៈអូស្ត្រាលីនិងកម្ពុជាមានទំនាក់ទំនងការទូតឈានដល់រយៈពេល ៧០ឆ្នាំ ហើយ ភាគីទាំងពីរ ក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការផ្នែកសង្គមកិច្ចផងដែរ។ នេះបើតាមការគូសបញ្ជាក់ពីអ្នកនាំពាក្យក្រសួងសង្គមកិច្ចឯកឧត្តម តូច ចាន់នី ។
នាឱកាសនោះ លោក Justin Kevin Whyatt សម្តែងក្តីរីករាយដែលឃើញកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទជនមានពិការភាពប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក លើកទី៥ ស្តីពីការអភិវឌ្ឍសហគមន៍តាមបែបបរិយាប័ន្ន(CBIDC)ប្រកបដោយជោគជ័យនាពេលកន្លងទៅ។ លោកឯកអគ្គរដ្ឋទូតសង្កត់ធ្ងន់ដូច្នេះថា៖«ចំណុចនេះកម្ពុជា បានរួមចំណែកចែករំលែកនូវការងាររបស់ខ្លួនជាមួយនឹងសហគមន៍។ សម្រាប់អូស្រ្តាលី ការធានាឱ្យមានបរិយាប័ន្នទៅលើពិការភាពនេះ គឺជាការងារសំខាន់ណាស់ក្នុងកម្មវិធីរបស់យើង»។
លោកបានសង្កេតឃើញថា តាមរយៈការដឹកនាំរបស់ឯកឧត្តម វង សូត ជារដ្ឋមន្ត្រី បានធ្វើកំណែទម្រង់ជាច្រើនក្នុងការលើកកម្ពស់ជនមានពិការភាព តាមរយៈផែនការជាតិនានា និងកម្មវិធីសាកល្បងផ្សេងៗ តួយ៉ាង ការផ្តល់បណ្ណក្រីក្រជូនជនមានពិការភាពជាដើម ដែលអូស្ត្រាលីចាំជួយគាំទ្រលើការងារទាំងនេះ។
ចំណែកឯកឧត្តម វង សូត បានបញ្ជាក់ថា ចំពោះវិស័យជនមានពិការភាព ក្រសួងសង្គមកិច្ចបាននិងកំពុងរៀបចំកែសម្រួលច្បាប់ស្តីពីជនពិការឱ្យមានលក្ខណៈកាន់តែប្រសើរ ស្របតាមស្ថានភាពជាក់ស្តែង ដោយសារច្បាប់ដែលបានធ្វើយូរមកហើយនេះមានចំណុចខ្លះមិនទាន់សមស្រប ដែលក្រសួងមានគោលដៅផ្តល់សេវាកាន់តែមានភាពងាយស្រួលនិងប្រសើរដល់ជនពិការ។
ឯកឧត្តម វង សូត រំពឹងថាតាមរយៈបេសកកម្មការទូតរបស់លោកឯកអគ្គរដ្ឋទូត Justin Kevin Whyatt នឹងជួយបំពេញដល់ទំនាក់ទំនងការទូតរវាងកម្ពុជានិងអូស្រ្តាលី ជាពិសេសកិច្ចសហប្រតិបត្តិការនានារួមទាំងជាមួយវិស័យសង្គមកិច្ចផង។
គួរជម្រាបជូនថា នៅខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ ស្ថានទូតអូស្តា្រលីប្រចាំកម្ពុជានៅទីក្រុងភ្នំពេញ មានគម្រោងនឹងដាក់ដំណើរកម្មវិធីថ្មីមួយបន្ថែមទៀត ពាក់ព័ន្ធនឹងជនមានពិការភាព ដែលស្ថានទូតរំពឹងនឹងធ្វើការជាមួយមន្ត្រីក្រសួងសង្គមកិច្ច ធ្វើយ៉ាងណាឱ្យកម្មវិធីនេះអាចផ្តើមបានក្នុងខែកញ្ញា ដូចការគ្រោងទុក៕
ដោយ៖ សំបាន ច័ន្ទដារ៉ា


