គណបក្សចលនាឆ្ពោះទៅមុខថៃ សម្លឹងមើលមុខតំណែងប្រធានសភា ដើម្បីជំរុញការផ្លាស់ប្តូរ
ថៃ៖ គណបក្សចលនាឆ្ពោះទៅមុខ (MFP) ដែលនាំមុខគេក្នុងការបោះឆ្នោតកាលពីជាងមួយសប្ដាហ៍មុន បានកំណត់គោលដៅរបស់ខ្លួនលើតំណែងប្រធានសភា ដើម្បីជំរុញការផ្លាស់ប្តូរដែលខ្លួនបានសន្យាជាមួយម្ចាស់ឆ្នោត រួមទាំងការតាក់តែងរដ្ឋធម្មនុញ្ញថ្មី។
សមាជិកសភាជាប់ឆ្នោតរបស់គណបក្សលោកស្រី Sirikanya Tansakun បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី ២៥ ខែឧសភា ថា MFP ត្រូវធានាឱ្យបាននូវតំណែងនេះ ដើម្បីពន្លឿននីតិវិធីច្បាប់នៅពេលបង្កើតរដ្ឋាភិបាលដឹកនាំប្រទេសបន្ទាប់ជាមួយក្រុមចម្រុះផ្សេងៗទៀត។ នេះបើតាមការស្រង់សម្ដីរបស់សារព័ត៌មាន CNA។
លោកស្រី Sirikanya បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា៖ «ក្រៅពីអំណាចនីតិប្រតិបត្តិ យើងមានរបៀបវារៈចំនួន៣ ដែលតម្រូវឱ្យយើងយកមុខតំណែងជាប្រធានផ្នែកនីតិបញ្ញត្តិ។ ទាំងនេះ រួមបញ្ចូលទាំងការជំរុញរបស់យើងលើ[កំណែទម្រង់ ឬបង្កើតច្បាប់]ចំនួន៤៥ (45 Bills) ដែលនឹងអនុញ្ញាតឱ្យយើងអនុវត្តគោលនយោបាយដែលយើងបានសន្យាក្នុងយុទ្ធនាការឃោសនា»។ លោកស្រីបន្តថា៖ «យើងនឹងអាចដំណើរការច្បាប់ដែលស្នើឡើងពីគណបក្សផ្សេងទៀត ឬដោយសាធារណជន បានយ៉ាងឆាប់រហ័ស»។
គួររំឮកថា គណបក្ស MFP បានឈ្នះការបោះឆ្នោតថ្នាក់ជាតិកាលពីថ្ងៃទី ១៤ ខែឧសភា ដោយយកឈ្នះទាំងគណបក្សធំៗដូចជាគណបក្សភឿថៃ ក្នុងសំឡេងឆ្នោតគាំទ្រ ១៥១ អាសនៈ។ នេះបើតាមលទ្ធផលបោះឆ្នោតចុងក្រោយរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ កាលពីថ្ងៃពុធ។ ក្រោយជ័យជម្នះជាប្រវត្តិសាស្រ្តនេះ MFP បានបង្កើតសម្ព័ន្ធភាពជាមួយគណបក្សនយោបាយចំនួន៧ ផ្សេងទៀត រួមទាំងគណបក្សភឿថៃ ដែលធ្វើឱ្យសម្ព័ន្ធភាពចម្រុះនេះមានសមាជិកសភា ៣១២ នាក់ ក្នុងសភាតំណាងរាស្រ្តដែលមានសមាជិកសរុប ៥០០ នាក់។
ខណៈការបង្កើតរដ្ឋាភិបាលមិនទាន់បានសម្រេចផង គណបក្ស MFP ក៏បានប្ដេជ្ញាចិត្តក្នុងការធ្វើសេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មី បន្ថែមពីលើការធ្វើកំណែទម្រង់ ឬបង្កើតច្បាប់ 45 Bills។ លោកស្រី Sirikanya បានពន្យល់កាលពីថ្ងៃព្រហស្បតិ៍ថា តាមរយៈការទទួលបានតំណែងប្រធានសភា គណបក្សនឹងអាចធានាបាននូវដំណើរការរលូននៃការធ្វើវិសោធនកម្មធម្មនុញ្ញ និងត្រួសត្រាយផ្លូវសម្រាប់សេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មី។
លោកស្រីបានបន្ថែមថា៖ «របៀបវារៈនេះមានសារៈសំខាន់ ដូចដែលគ្រប់គណបក្សចម្រុះបានយល់ព្រមហើយដើម្បីបញ្ចប់បេសកកម្មនេះ វាចាំបាច់ត្រូវមានសមាជិកច្រើនក្នុងសភា និងចាំបាច់ត្រូវមានប្រធានសភា ដែលមានការប្តេជ្ញាចិត្តច្បាស់លាស់ក្នុងការកែប្រែរដ្ឋធម្មនុញ្ញ»។
ទោះជាយ៉ាងណាក៏ដោយ ក៏មានការជំទាស់លើតំណែងសភារបស់គណបក្ស MFP ផងដែរ។ សមាជិកសភាម្នាក់មកពីគណបក្សភឿថៃ លោក Adisorn Piangket កាលពីថ្ងៃពុធ បានសម្តែងការប្រឆាំងរបស់លោកចំពោះការណ៍នេះ។ លោក Adisorn បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ខណៈគណបក្សភឿថៃរបស់លោកគាំទ្រមេដឹកនាំគណបក្ស MFP គឺលោក ភីតា លីមចារើនរ៉ាត ឱ្យក្លាយជានាយករដ្ឋមន្ត្រី បន្ទាប់នោះលោកមិនជឿថាអំណាចនីតិបញ្ញត្តិក៏ត្រូវស្ថិតនៅក្រោមបក្សនយោបាយដូចគ្នាដែរនោះទេ ទោះបីជាគណបក្ស MFP មានអាសនៈភាគច្រើនក្នុងសភាជាន់ទាបក៏ដោយ។
លោក Adisorn បានបន្តទៀតថា ៖ «បើមើលទៅសមាជិកគណបក្សទាំង២ ខ្ញុំជឿថា តំណែងប្រធានសភាសាកសមជាងសម្រាប់គណបក្សភឿថៃ»។ ប៉ុន្តែលោកថា តាមលក្ខណៈប្រជាធិបតេយ្យ តំណែងនេះគួរតែឆ្លងកាត់ការបោះឆ្នោតក្នុងសភា៕
ប្រែសម្រួលដោយ៖ ហួន ឌីណា
ប្រភព៖ Thai election winner Move Forward eyes House Speaker post to push through changes https://www.channelnewsasia.com/asia/thailand-move-forward-party-house-speaker-position-change-constitution-3514151