ក្រសួងសុខាភិបាល កំពុងពង្រឹង និងពង្រីកសេវាសុខាភិបាលឱ្យកាន់តែមានប្រសិទ្ធភាព
ពោធិសាត់៖ ក្រសួងសុខាភិបាលកំពុងពង្រឹងនិងពង្រីកសេវាសុខាភិបាលឱ្យកាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាព ឱ្យកាន់តែជិតប្រជាពលរដ្ឋ ជាពិសេសនៅគ្រប់មូលដ្ឋានសុខាភិបាលសាធារណៈ ដើម្បីឱ្យប្រជាពលរដ្ឋបានទទួលសេវាពិនិត្យ និងព្យាបាលជំងឺរ៉ាំរ៉ៃផ្សេងៗផងដែរ។នេះបើយោងតាមឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារថ្មីនៃមណ្ឌលសុខភាព ហ៊ុន សែន ថ្មដា ស្ថិតនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣នេះ ក្រោមជំនួយឥតសំណងរបស់មូលនិធិថែទាំសុខភាពអន្តរជាតិ KOFIH នៃសាធារណរដ្ឋកូរ៉េ។ ពិធីសម្ពោធអគារថ្មីនេះ ក៏មានការចូលរួមពីឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ទី ថានី តំណាងរាស្រ្តមណ្ឌលខេត្តពោធិ៍សាត់ និងលោក Song Yonggun នាយកគម្រោង KOFIH ប្រចាំប្រទេសកម្ពុជា ។
រដ្ឋមន្រ្តីសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង បានលើកឡើងក្នុងពិធីសម្ពោធថា ក្រសួងសុខាភិបាលកំពុងពង្រឹង និងពង្រីកសេវាសុខាភិបាលឱ្យកាន់តែមានប្រសិទ្ធភាព គុណភាព សុវត្ថិភាព និងឱ្យកាន់តែជិតប្រជាពលរដ្ឋ ជាពិសេសនៅគ្រប់មូលដ្ឋានសុខាភិបាលសាធារណៈមានផ្តល់សេវាពិនិត្យ តាមដាន និងព្យាបាលជំងឺរ៉ាំរ៉ៃ ដូចជាជំងឺទឹកនោមផ្អែម និងជំងឺលើសសម្ពាធឈាមជាដើម ដោយរាល់ការចំណាយជាបន្ទុករបស់រដ្ឋ ចំពោះប្រជាពលរដ្ឋក្រីក្រ ឬមានបណ្ណមូលនិធិសមធម៌។
ឯកឧត្តមឱ្យដឹងទៀតថា រាជរដ្ឋាភិបាលក៏បានផ្តល់ការឧបត្ថម្ភបន្ថែមជាសាច់ប្រាក់ដល់ស្រ្តីមានផ្ទៃពោះដែលមានបណ្ណប.ស.ស ឬមូលនិធិសមធម៌ រហូតដល់កូនមានអាយុ២ឆ្នាំ ដើម្បីឈានទៅសម្រេចការគ្របដណ្តប់សុខភាពជាសកល ពោលគឺគ្មាននណាម្នាក់ត្រូវបានទុកចោល ដោយមិនទទួលបានសេវាថែទាំសុខភាពនោះទេ។
ប្រធានមូលនិធិកូរ៉សម្រាប់ការថែទាំសុខភាពអន្តរជាតិប្រចាំកម្ពុជាលោក Song Yonggun បានមានប្រសាសន៍ថា សម្រាប់ KOFIH នឹងបន្តភាពជាដៃគូដ៏រឹងមាំជាមួយក្រសួងសុខាភិបាលកម្ពុជា តាមរយៈការពង្រឹងនិងពង្រីកសកម្មភាពបន្ថែមទៀត ដើម្បីជួយពង្រឹងនិងពង្រីកហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល និងលើកកម្ពស់សុខភាពមាតា និងទារក៕
ដោយ៖ ជា សុខនី

