អាជ្ញាធរមីន ​ផ្សព្វផ្សាយអប់រំ​ពីគ្រោះថ្នាក់ដោយសារមីន និងយុទ្ធភណ្ឌគ្រឿងផ្ទុះ នៅតាមតំបន់ប្រឈម

អត្ថបទដោយ៖
CPA

បាត់ដំបង៖ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនបាន​លើកឡើងថា ជារៀងរាល់ឆ្នាំអាជ្ញាធរមីន​បាន​​សហការយ៉ាងជិតស្និទ្ធជាមួយក្រសួងស្ថាប័ន និងដៃគូពាក់ព័ន្ធ ​រៀបចំសារ និងផ្សព្វផ្សាយអប់រំអំពីគ្រោះថ្នាក់ដោយសារមីន និងយុទ្ធភណ្ឌគ្រឿងផ្ទុះ នៅតាមតំបន់ប្រឈមនឹងការរងគ្រោះថ្នា​ក់ និងរងផលប៉ះពាល់ដោយសារមីននិងគ្រាប់។

ឯកឧត្តម​​ថ្លែងដូចនេះក្នុង​ឱកាស​លោក​​ចូលរួម ក្នុង​កម្មវិធីបើកយុទ្ធនាការអប់រំអំពីគ្រោះថ្នាក់ដោ​យ​សា​​​រមីន និងយុទ្ធភណ្ឌគ្រឿងផ្ទុះនៅឃុំត្រឡាច ស្រុករុក្ខគីរី ខេត្តបាត់ដំបង នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។ យុទ្ធនាការនេះមានការចូលរួមពី​​ថ្នាក់ដឹកនាំ​​ខេត្តបាត់ដំបង រដ្ឋបាលស្រុករុក្ខគីរី ក្រុមការងារផែ​នការសកម្មភាពមីនខេត្តបាត់ដំបង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពល​រដ្ឋ ប្រមា​ណ​ ៤០០នាក់។

ឯកឧត្តម លី ធុជ មានប្រសាសន៍​ថា ការងារបោសសម្អាតមីន និងគ្រាប់ មិនត្រឹមតែបានចូលរួមផ្តល់​ដីសុវត្ថិភាព និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប៉ុណ្ណោះទេ ថែមទាំងបានចូលរួមដល់ការកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមបានយ៉ាងច្រើនផងដែរ គួបផ្សំជាមួយនឹ​ងការយកទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការជំរុញការងារផ្សព្វផ្សាយអប់រំការយល់ដឹង​ពីមីន និ​ងយុ​ទ្ធភណ្ឌគ្រឿងផ្ទុះនៅតាមមូលដ្ឋាន។  

ឯកឧត្តមបានបញ្ជាក់ឱ្យដឹងដែរថា​ជារៀងរាល់ឆ្នាំអាជ្ញាធរមីន​សហការយ៉ាងជិតស្និទ្ធជាមួយក្រសួង​ស្ថា​ប័ន និងដៃគូពាក់ព័ន្ធរួមមាន ក្រសួងមហាផ្ទៃ ក្រសួងអប់រំ យុវជន និងកីឡា កាកបាទក្រ ហមកម្ពុជា ប៉ូលិស អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់, CMAC, NPMEC, HALO Trust, MAG, CSHD, CMVIS, SOS តែងតែរៀបចំសារ និងផ្សព្វផ្សាយអប់រំអំពីគ្រោះថ្នាក់ដោយសារមីន និងយុទ្ធភណ្ឌគ្រឿងផ្ទុះ។

«ការផ្សព្វផ្សាយ អប់រំនេះ ធ្វើឡើយ​នៅតាមតំបន់ប្រឈមនឹងការរងគ្រោះថ្នាក់ និងរងផលប៉ះពាល់ដោយសារមីន និងគ្រាប់ ​ពិសេសតំបន់ដែលមានប្រជាពលរដ្ឋអាស្រ័យផលច្រើន ដើម្បីក្រើនរំឮក និ​ងផ្សព្វផ្សា​យដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានយល់ដឹងបន្ថែម​ពីការគ្រោះថ្នាក់ជាយកថាហេតុ»។ នេះបើតាម​ការ​លើកឡើងបន្ថែម​ពី​​ឯកឧត្តម លី ធុជ។​

នាឱកាសនោះដែរ​ឯកឧត្តម លី ធុជ ក៏​បានអំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋទាំងអស់ ​បន្តយកចិត្តទុកដាក់ និ​ងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះតំបន់សង្ស័យ និងគ្រាប់មិនទាន់ផ្ទុះស្ថិតនៅរាយប៉ាយ ដែល​មិនបានកំណត់ជាតំបន់គ្រោះថ្នាក់នៅឡើយ។  ​

យោងតាម​របាយការណ៍​របស់​​អាជ្ញាធរមីន បាន​​ឱ្យដឹងថា រយៈពេល៥ឆ្នាំ ពីឆ្នាំ២០១៨-២០២២ ប្រជាពលរដ្ឋបានទទួលសារអប់រំអំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះពីប្រតិបត្តិករជាតិនិងអន្តរជាតិ ចំនួន ៥ ៤៣២ ១១៩ នាក់។​ ​​ដោយឡែក ក្នុងត្រីមាសទី១ ឆ្នាំ២០២៣ ប្រជាពលរដ្ឋចំនួន ៥៧៤ ០៩៥ នាក់ បានទទួលសារអប់រំនេះផងដែរ៕​

ដោយ៖ នាង សុគន្ធា

ads banner