រដ្ឋមន្ត្រីក្រសួងកសិកម្ម អញ្ជើញពិនិត្យខ្សែសង្វាក់ផលិតកម្ម របស់សហគមន៍កែច្នៃគ្រាប់ស្វាយចន្ទី និងបណ្តុំអាជីវកម្មម្នាស់ទឹកឃ្មុំ ក្នុងខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំក្រសួង កាលពីរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញចុះពិនិត្យសហគមន៍កែច្នៃគ្រាប់ស្វាយចន្ទី នៅភូមិកោះក្រូច ឃុំស្រែក្រសាំង និងបណ្តុំអាជីវកម្មម្នាស់ទឹកឃ្មុំ ស្ថិតនៅឃុំអូរឫស្សីកណ្តាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យឯកឧត្តមអភិបាលខេត្តស្ទឹងត្រែងជួយគាំទ្រពលរដ្ឋលើដំណាំឧស្សាហកម្មក្នុងខេត្តទាំងស្វាយចន្ទី និងម្នាស់ ទាំងក្នុងខ្សែច្រវាក់ផលិតកម្ម និងការកែច្នៃ ដូចជាការកែច្នៃទឹកម្នាស់ឬស្រាម្នាស់ និងការកែច្នៃគ្រាប់ស្វាយចន្ទី ជាដើម ។
លើសពីនេះទៀត គឺការសម្របសម្រួល ដើម្បីឱ្យកសិករទទួលបានប្រាក់កម្ចីសម្រាប់ផលិតកម្ម អាជីវកម្ម ដែលមានការប្រាក់ទាប ដើម្បីពង្រីកអាជីវកម្ម ពិសេសការទិញទំនិញឱ្យទាន់សភាពការណ៍ កាត់បន្ថយចំណាយ លក់បានថ្លៃ បានចំណូល មានចំណេញ មានប្រសិទ្ធភាពនិងនិរន្តរភាពសេដ្ឋកិច្ច។ ការងារគឺទាមទារឱ្យមានការសិក្សាពីខ្សែច្រវាក់ផលិតកម្ម និងទីផ្សារ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ និងតម្លៃល្អ ដែលអាចឱ្យកសិករទទួលបានចំណូល និងប្រាក់ចំណេញពេញមួយឆ្នាំ ៕ ប្រភព៖ក្រសួងកសិកម្ម




