អភិបាលខេត្តបាត់ដំបង បានអញ្ជើញប្រកាសផ្សព្វផ្សាយអនុក្រឹត្យស្ដីពីការកាត់ឆ្វៀលផ្ទៃដីតំបន់៣ នៅក្នុងភូមិ សាស្ត្រឃុំចំនួន៤ របស់ស្រុកសង្កែ

ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋរស់នៅតាមបណ្តាឃុំចំនួន៤ ក្នុងស្រុកសង្កែ ខេត្តបាត់ដំបង បានសម្តែងនូវក្តីរំភើប រកអ្វីប្រៀបពុំបាន ក្នុងឱកាសដែល ឯកឧត្តមសុខ លូ អភិបាលខេត្ត អញ្ជើញប្រកាសផ្សព្វផ្សាយនូវអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ស្តីពីការកាត់ឆ្វៀលផ្ទៃដីតំបន់៣ និងការកែសម្រួលផ្ទៃដីតំបន់៣ ដែលស្ថិតក្នុងភូមិសាស្ត្រ ស្រុកសង្កែ ខេត្តបាត់ដំបង ដែលបានធ្វើឡើងនៅក្នុងបរិវេណ វត្តអូរមុនី ឃុំអន្លង់វិល ស្រុកសង្កែ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ។

ខេត្តបាត់ដំបង មានស្រុកចំនួន០៤ ដែលពាក់ព័ន្ធ និងត្រូវការកាត់ឆ្វៀលដី និងកែសម្រួលព្រំប្រទល់ផ្ទៃដី រួមមាន៖ ស្រុកសង្កែ, មោងឫស្សី, ស្រុកថ្មគោល ,និង ស្រុកឯកភ្នំ។

ឯកឧត្តម អភិបាលខេត្តបាត់ដំបង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី ដែលជានិច្ចជាកាលសម្ដេចតែងតែគិតគូរដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើការអាស្រ័យផលលើដីតំបន់២ តំបន់៣ ទាំងនេះជាយូរណាស់មកហើយ ។

សូមបញ្ជាក់ថា ៖ នៅក្នុងស្រុកសង្កែ បានធ្វើការកែសម្រួលដីតំបន់២មកតំបន់១ ចំនួន៥០៩,៦១ហិកតា ស្មើនឹង១០៧គ្រួសារ ហើយដីតំបន់២ដែលបានចុះបញ្ជីលក្ខណ:ប្រព័ន្ធរួចហើយមានចំនួន១ ៣៣៩,៦៨ហិកតាស្មើនឹង១ ០៧៩ក្បាលដី ក៏ត្រូវបានទទួលស្គាល់ ជាតំបន់១ និងដើម្បីឲ្យមានលក្ខណ:ស្របច្បាប់ជូនបងប្អូនប្រជាពលរដ្ឋ ៕ អ៊ុក សំអាន

ads banner