រដ្ឋនឹងបន្ថែមថវិកាទាំងការពិនិត្យផ្ទៃពោះ ការឆ្លងទន្លេ និងការឧបត្ថម្ភក្រោយសម្រាល ចាប់ពីខែសីហា តទៅ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានប្រកាថា រដ្ឋ នឹងចាប់ផ្ដើមអនុវត្តន៍គោលនយោបាយថ្មី សម្រាប់ស្ត្រីមានផ្ទៃពោះ ចាប់ពីពរពោះ និងឆ្លងទន្លេ គឺត្រូវផ្លាស់ប្ដូរ ដោយនឹងបន្ថែមថវិកាទាំងការពិនិត្យផ្ទៃពោះ និងការឆ្លងទន្លេ រួមទាំងការឧបត្ថម្ភក្រោយសម្រាលផងដែរ ចាប់ពីខែសីហា ឆ្នាំ២០២៣ តទៅ។

សម្តេចតេជោ បានបញ្ជាក់ថា ពីមុនកម្មការិនីទៅពិនិត្យសុខភាពពេលមានផ្ទៃពោះ គឺអត់អស់លុយទេ ដោយមានប័ណ្ណ ប ស ស ក៏ប៉ុន្តែឥឡូវចាប់ពីពេលនេះទៅពេលដែលទៅពិនិត្យគេឲ្យលុយយើងវិញ ។ សម្តេចថា ប្រហែលជាមានប្រទេសមិនច្រើនទេ ដែលគេធ្វើរឿងនេះ ដូច្នេះខ្ញុំសូមបញ្ជាក់ថា ឥឡូវយើងចាប់ផ្តើមអនុវត្ត ដែលទទួលបាន ៤ម៉ឺនរៀលនៅពេលនេះ ប៉ុន្តែចាប់ពីខែសីហាទៅគឺបានមកដល់ ៨ម៉ឺនរៀល។

សម្ដេចបន្ថែមថា ចាប់ពីខែសីហាទៅ ការអនុវត្តចំពោះស្ត្រីដែលមានផ្ទៃពោះ ទៅពិនិត្យផ្ទៃពោះម្ដងនៅមណ្ឌលសុខភាព នឹងទទួលបានប្រាក់ឧបត្ថម្ភ ៨ម៉ឺនរៀល ខណៈការឆ្លងទន្លេ និងទទួលបានចំនួន ៤០ម៉ឺនរៀល និងការថែទាំក្រោយឆ្លងទន្លេដោយការពិនិត្យសុខភាពម្ដងនៅមណ្ឌលសុខភាព និងទទួលបាន ៨ម៉ឺនរៀលបន្ថែមផងដែរ។

សម្ដេចបន្តថា ឥឡូវនេះ គឺអនុវត្តនូវគោលការណ៍ចាស់ ប៉ុន្តែចាប់ពីខែសីហា ទៅ គឺត្រូវអនុវត្តគោលការណ៍ថ្មីនេះ ។ នយោបាយនេះ គឺត្រូវអនុវត្តចាប់ពីស្ត្រី ដែលចាប់ផ្ដើមមានផ្ទៃពោះរហូតដល់កូនអាយុ២ឆ្នាំ ដោយ ១ឆ្នាំ រដ្ឋចំណាយប្រមាណ ១៣លានដុល្លាបន្ថែមទៀតពីលើការចំណាយថវិកាដ៏ច្រើនរបស់រាជរដ្ឋាភិបាលកន្លងទៅ ។

សម្ដេចតេជោបន្ថែមថា ទោះបីជាថវិកាប៉ុណ្ណេះនៅតិចតួច ក៏ប៉ុន្តែវាជាការចូលរួមចំណែកដល់អាហាររូបត្ថម្ភដល់ស្ត្រី ដែលឆ្លងទន្លេ ក៏ដូចជាកូនដែលកើតផងដែរ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី លើកឡើងបែបនេះក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត នៅក្នុងតំបន់ សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (ROYAL GROUP PIINOM PENH SEZ) សរុបចំនួន ១៩.០០០នាក់ មកពីរោងចក្រ ម៉ាវ៉ល ហ្គាមិន (Marvel Garment), Rongwing Garment និង រោងចក្រ DNQIAN TEXTILE CAMBODIA នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner