សម្ដេចតេជោ ហ៊ុន សែន ៖ កម្ពុជាកំពុងបញ្ជូនវ៉ាក់សាំងកូវីដ-១៩ ជាង ១លានដូស ទៅមីយ៉ាន់ម៉ា
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថាពេលនេះកម្ពុជាកំពុងតែបញ្ជូនវ៉ាក់សាំងកូវីដ-១៩ ជាង ១លានដូស រួមជាមួយនឹងបរិក្ខារពេទ្យមួយចំនួន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ខណៈប្រទេសមីយ៉ាន់ម៉ា នៅមានអ្នកឆ្លង ហើយខ្វះខាតវ៉ាក់សាំង ។
សម្ដេចថា ក្នុងពេលដែលកម្ពុជា បានធូរស្បើយពីជំងឺកូវីដ-១៩ បច្ចុប្បន្ន វ៉ាក់សាំងការពារជំងឺនេះនៅសល់ច្រើនក្នុងឃ្លាំង ដែលជាហេតុអនុញ្ញាតឲ្យរាជរដ្ឋាភិបាលកម្ពុជា អាចផ្ដល់ជាជំនួយទៅដល់ប្រទេសជាមិត្តបាន ហើយពេលនេះ លោកជំទាវ យស់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ក៏កំពុងហោះហើរទៅកាន់ប្រទេសមីយ៉ាន់ម៉ាដែរ ។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានប្រកាសដូច្នេះក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត នៅក្នុងតំបន់ សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (ROYAL GROUP PIINOM PENH SEZ) សរុបចំនួន ១៩.០០០នាក់ មកពីរោងចក្រ ម៉ាវ៉ល ហ្គាមិន (Marvel Garment), Rongwing Garment និង រោងចក្រ DNQIAN TEXTILE CAMBODIA នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ


