សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ម្ចាស់ផ្ទះជួល កុំដំឡើងថ្លៃឈ្នួលផ្ទះ សម្រាប់កម្មករ កម្មការិនី
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំពាវនាវដល់ម្ចាស់ផ្ទះជួល ត្រូវរក្សាតម្លៃឱ្យបានសមរម្យ ពោលកុំដំឡើងថ្លៃផ្ទះជួលដល់កម្មករ កម្មការិនីរោងចក្រ។
សម្តេចតេជោ បានអង្វរកដល់ម្ចាស់ផ្ទះឈ្នួលមេត្តាខិតខំធ្វើយ៉ាងម៉េច គឺរក្សាតម្លៃសមល្មមដើម្បីឱ្យកម្មករកម្មការិនីអាចនៅបាន។ បើប្រឹងធ្វើអ្នកមានពេកតាមរយៈដែលយើងខ្វះការយកចិត្តទុកដាក់គិតគូរដល់កម្មករ កម្មការិនី គឺជារឿងដែលវាមិនសមរម្យ។
ជាមួយនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឱ្យម្ចាស់រោងចក្រសហគ្រាសទាំងអស់ ត្រូវយកចិត្តទុកដាក់គិតគូរសុខទុក្ខរបស់កម្មករនិយោជិតរបស់ខ្លួន បើកាលណាកម្មករមានសុខភាពល្អ នោះពួកគេ នឹងបំពេញការងារបានល្អទទួលបានលទ្ធផលល្អ ។
សម្តេចបានអំពាវនាវបែបនេះក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត នៅក្នុងតំបន់ សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (ROYAL GROUP PIINOM PENH SEZ) សរុបចំនួន ១៩.០០០នាក់ មកពីរោងចក្រ ម៉ាវ៉ល ហ្គាមិន (Marvel Garment), Rongwing Garment និង រោងចក្រ DNQIAN TEXTILE CAMBODIA នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ



