កម្ពុជា-វៀតណាម ចុះហត្ថលេខាលើកិច្ចព្រមពៀងរវាងយុវជនគណបក្សប្រជាជនកម្ពុជា និងសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ កម្ពុជានិងវៀតណាម បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលនិងមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ សម្រាប់ឆ្នាំ២០២៣-២០២៨ និងបានបង្ហាញនូវសុទិដ្ឋិនិយមក្នុងការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី។

ពិធីចុះហត្ថលេខានេះ បានធ្វើឡើងក្នុងកំលុងពេលឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ប៊ូយ ក្វាងហ៊ុយ (Bui Quang Huy) សមាជិកបម្រុងនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមនិងជាលេខាធិការទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ។  ពិធីនេះធ្វើឡើងនៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា (វិមាន ៧មករា) នាល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ខណៈឯកឧត្តម ប៊ូយ ក្វាងហ៊ុយ កំពុងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅកម្ពុជា។ នេះបើតាមគណនីហ្វេសប៊ុករបស់ឯកឧត្តម ហ៊ុន ម៉ាណែត។

ក្នុងជំនួបនោះឯកឧត្តម ហ៊ុន ម៉ាណែត  បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះការអញ្ជើញមកបំពេញទស្សនកិច្ចរបស់គណៈប្រតិភូគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ និងបានថ្លែងនូវការអបអរសាទរចំពោះការរៀបចំមហាសន្និបាតមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ  ដែលបានប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ និងផ្លែផ្កា។ ឯកឧត្តមក៏បានអបអរសាទរដល់ឯកឧត្តម  ប៊ូយ ក្វាងហ៊ុយ ដែលទទួលបាននូវការតែងតាំងជាផ្លូវការជាលេខាធិការទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ។

ជាការឆ្លើយតបឯកឧត្តម ប៊ូយ ក្វាងហ៊ុយ បានថ្លែងនូវការអបអរសាទរចំពោះសមិទ្ធផលធំៗជាច្រើនដែលកម្ពុជាសម្រេចបានក្នុងរយៈកាលកន្លងមក រួមមាន ការគ្រប់គ្រងយ៉ាងមានប្រសិទ្ធភាពនៃការរីករាលដាលនៃជំងឺកូវីដ១៩ ការបើកដំណើរការសេដ្ឋកិច្ច-សង្គមឡើងវិញជាប្រក្រតី ការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និង៤១ព្រមទាំងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ កិច្ចប្រជុំអន្តរ​សភាអាយប៉ាលើកទី៣២ ការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២  ការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ប្រកបដោយភាពជោគជ័យយ៉ាងត្រចះត្រចង់ ក៏ដូចជាការត្រៀមខ្លួនឆ្ពោះទៅការរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នាពេលឆាប់ៗខាងនេះផងដែរ។

 ឯកឧត្តម ប៊ូយ ក្វាងហ៊ុយ បានលើកឡើងថា៖«ភាពជោគជ័យទាំងនេះ ពិតជាបានលើកកម្ពស់នូវតួនាទី និងកិត្យានុភាពរបស់កម្ពុជាទាំងក្នុងក្របខ័ណ្ឌតំបន់ និងលើឆាកអន្តរជាតិ ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និង សម្តេចតេជោប្រធានគណបក្ស»។ ទន្ទឹមនឹងនេះ លោកក៏បានបង្ហាញនូវជំនឿជាក់ថា កម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា នៅខែកក្កដា ឆ្នាំ២០២៣ ប្រកបដោយភាពជោគជ័យផងដែរ។

ប្រភពដដែលខាងលើបន្តថា៖« ភាគីទាំងពីរបានបង្ហាញនូវសុទិដ្ឋិនិយមក្នុងការពង្រឹង និងពង្រីកនូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងយុវជនគណបក្សប្រជាជនកម្ពុជា និងមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ ស្របតាមស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រឹងមាំយូរអង្វែង ឱ្យកាន់តែល្អប្រសើរ និងឈានឆ្ពោះឡើងកម្រិតថ្មីមួយទៀត»៕

ដោយ៖ សុខ រក្សា

ads banner