ប្រតិភូយុវជនគណបក្សប្រជានកម្ពុជាអញ្ជើញសួរសុខទុក្ខ ឯកឧត្តម ឡុង វិសាលោ ដល់គេហដ្ឋាន

ភ្នំពេញ៖ ប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលដឹកនាំដោយ ឯកឧត្តម ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានផ្នែកឃោសនាអប់រំនៃយុវជនគណបក្សថ្នាក់កណ្តាល តំណាងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០២៣ បានអញ្ជើញសួរសុខទុក្ខឯកឧត្តម ឡុង វិសាលោ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី ដល់គេហដ្ឋាន នៅសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ឯកឧត្តម ឡុង វិសាលោ មានប្រសាសន៍ថា៖ គ្រួសារយើងខ្ញុំពិតជាមានក្តីរំភើបរីករាយយ៉ាងខ្លាំងឥតឧបមា ដោយមិនអាចយកអ្វីមកប្រៀបផ្ទឹមបានឡើយ ដែលថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជាពិសេសឯកឧត្តមហ៊ុន ម៉ាណែត ដែលបានចាត់ឯកឧត្តម ចាយ បូរិន ជាតំណាងដឹកនាំប្រតិភូមកសួរសុខទុក្ខរូបខ្ញុំ និងក្រុមគ្រួសារដល់លំនៅដ្ឋាន។

ឯកឧត្តម បានបញ្ជាក់ពីការគាំទ្រចំពោះបេក្ខភាព សម្តេចតេជោ ជានាយករដ្ឋមន្ត្រីអាណត្តិទី៧ និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្រ្តីបន្តវេននាពេលអនាគត។

ឯកឧត្តមប្រធានប្រតិភូ បានសម្តែងការកោតសសើរនូវចំណេះដឹង ទេពកោសល្យ បទពិសោធន៍ការងារយ៉ាងច្រើនឥតគណនារបស់ឯកឧត្តម ឡុង វិសាលោ និងការលះបង់កម្លំាងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងការចូលរួមចំណែកបម្រើគណបក្ស ក៏ដូចជា ការស្តារ កសាង និងអភិវឌ្ឍប្រទេសជាតិជារៀងរហូតមក ៕

ដោយ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner