គណបក្សនគរប្រជាធិបតេយ្យ គាំទ្រការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ

ភ្នំពេញ៖ គណបក្សនគរបប្រជាធិបតេយ្យ បានសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះសេចក្តីសម្រេចប្រកបដោយគតិយុត្តរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលចេញសេចក្តីប្រកាសសម្រេចបិទផ្លូវតវ៉ាបណ្ដឹងរបស់គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ ក្នុងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នាពេលខាងមុខដ៍ខ្លីនេះ។ ដោយហេតុថាគណបក្សទាំងពីរនេះ បានអនុវត្តប្រាសចាកនិងផ្ទុយពីច្បាប់ស្តីពីការបោះឆ្នោតនៅព្រះរាជាណាចក្រកម្ពុជា ដែលជានីតិរដ្ឋ ទទួលស្គាល់ដោយអង្គការអន្តរជាតិ និងអង្គការសហប្រជាជាតិ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់គណបក្សនគរបជាធិបតេយ្យ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣។

សេចក្តីថ្លែងការណ៍បន្តថា គួរកត់សម្គាល់តាមផ្លូវច្បាប់ថា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ គណកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប បានសម្រេចបដិសេធការចុះបញ្ជីគណបក្សភ្លើងទៀន ក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា។

ប្រភពបន្តទៀតថា តាមតថភាពកន្លងមកក៍ដូចជារហូតមកដល់បច្ចុប្បន្ន និងទៅអនាគត គណបក្សប្រឆាំង ដែលបច្ចុប្បន្នភាពជាគណបក្សភ្លើងទៀនបានដឹងខ្លួនយ៉ាងច្បាស់ណាស់ថា គណបក្សភ្លើងទៀន ខ្លួនឯងពុំអាចមានសមត្ថភាពគ្រប់គ្រាន់យកជ័យជម្នះលើគណបក្សប្រជាជនកម្ពុជា ដែលសម្ដេចតេជោ ហ៊ុន សែន ប្រធាន និងជានាយករដ្ឋមន្ត្រី ក្នុងព្រឹត្តិការណ៍បោះឆ្នោតជាតិជាសកលនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ។

អាស្រ័យហេតុនេះ គណបក្សភ្លើងទៀនតែងតែប្រើប្រាស់គ្រប់ឧបាយកលដ៍ស្មោគគ្រោកដើម្បីបោកបញ្ឆោតសាធារណជនជាតិ និងអន្តរជាតិ កុំឱ្យទទួលស្គាល់លទ្ធផលបោះឆ្នោតប្រកបដោយសេរី ត្រឹមត្រូវ យុត្តិធម៌ តម្លាភាព និង ប្រជាធិបតេយ្យ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ដូចដែលបានថ្លែងការណ៍ខាងលើនេះ គណបក្សនគរប្រជាធិបតេយ្យ សូមប្រកាសយ៉ាងមោះមុត គាំទ្រចំពោះសេចក្តីសម្រេចរបស់ គជប និង ក្រុមប្រឹក្សាធម្មនុញ្ញ មួយរយភាគរយ៕
ដោយ៖ពលជ័យ

ads banner