អ.ស.ប ជំរុញឱ្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបើកទទួលជំនួយសង្គ្រោះសម្រាប់ជនរងគ្រោះដោយព្យុះស៊ីក្លូន ម៉ូកា
ណៃពិដោ៖ អង្គការសហប្រជាជាតិបានអំពាវនាវឱ្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បើកទទួល និងធានាថា ជំនួយសង្គ្រោះជីវិតអាចទៅដល់ផ្នែកខ្លះនៃប្រទេសមីយ៉ាន់ម៉ា ដែលរងគ្រោះដោយសារព្យុះស៊ីក្លូន ម៉ូកា។
ព្យុះស៊ីក្លូន ម៉ូកា បានពាំនាំមកនូវភ្លៀងធ្លាក់ជោគជាំ និងខ្យល់បក់បោកខ្លាំង ក្នុងល្បឿន១៩៥គីឡូម៉ែត្រក្នុងមួយម៉ោង វាយប្រហារប្រទេសមីយ៉ាន់ម៉ា និងបង់ក្លាដែសដែលនៅជិតខាងគ្នា កាលពីថ្ងៃទី១៤ ខែឧសភា បណ្តាលឱ្យមនុស្សស្លាប់កើនដល់១៤៥នាក់។

ឆ្លើយតបនឹងគ្រោះធម្មជាតិនេះ ប្រមុខសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក Volker Turk បានជំរុញឱ្យមេដឹកនាំយោធារបស់ប្រទេសមីយ៉ាន់ម៉ា អនុញ្ញាតឱ្យមានការវាយតម្លៃលើតម្រូវការបន្តទៅមុខ នៅពេលដែលប្រទេសអាស៊ីអាគ្នេយ៍មួយនេះ វិលត្រលប់ទៅរកប្រក្រតីភាពវិញ ក្រោយការវាយប្រហាររបស់ព្យុះស៊ីក្លូន ម៉ូកា។

លោក Turk បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវ យ៉ាងដូច្នេះថា វាគឺជារឿងការចាំបាច់ ដែលរបបយោធាមីយ៉ាន់ម៉ាគួរតែបោះបង់ចោលការារាំង ហើយអនុញ្ញាតឱ្យមានការវាយតម្លៃអំពីតម្រូវការ និងធានាឱ្យមានលទ្ធភាពទទួលបាន និងការផ្តល់ជំនួយ ក៏ដូចជាសេវាសង្គ្រោះជីវិត។

សូមរម្លឹកថា អង្គការសហប្រជាជាតិបានប្រកាសនាពេលថ្មីៗនេះថា ខ្លួនត្រូវការថវិកា ៣៧៥លានដុល្លារដើម្បីទទួលបានស្បៀងអាហារ ថ្នាំពេទ្យ និងការផ្គត់ផ្គង់ជំនួយផ្សេងទៀត ដល់មនុស្សរាប់លាននាក់ដែលរងផលប៉ះពាល់ដោយសារព្យុះស៊ីក្លូន ម៉ូកា ដែលបានបំផ្លិចបំផ្លាញផ្នែកខ្លះនៃប្រទេសមីយ៉ាន់ម៉ា និងបង់ក្លាដែស៕


ប្រភព៖ The Star និង AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា