ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញចូលរួម បិទសិក្ខាសាលា ស្តីពីការពង្រឹងសមត្ថភាពអនុវត្តការងារសម្រាប់គ្រប់មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ជំហានទី២
ខេត្តព្រះសីហនុ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលា ស្តីពីការពង្រឹងសមត្ថភាពអនុវត្តការងារសម្រាប់គ្រប់មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ (ជំហានទី២) នៅខេត្តព្រះសីហនុ ។

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានរំឭកឡើងវិញនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី នៃ កម្ពុជាថា៖ គ្រប់ក្រសួងស្ថាប័ន ត្រូវខិតខំវិនិយោគឱ្យបានច្រើនបន្ថែមទៀត ទៅលើការបណ្តុះបណ្តាលធនធានមនុស្ស ព្រោះថាបើសិនគ្មានធនធានមនុស្សទេ ប្រទេសជាតិយើងមិនអាចអភិវឌ្ឍន៍បានឡើយ។ ហេតុដូច្នេះហើយ ចាប់ពី ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យរៀបចំកម្មវិធីកសាងសមត្ថភាពមន្ត្រីរាជការ លើជំនាញវិជ្ជាជីវៈ និងបច្ចេកទេសឌីជីថល រួមទាំងការផ្តល់អាហារូបករណ៍សម្រាប់មន្ត្រី ការរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាឌីជីថល ចាប់ពីជំនាញមូលដ្ឋានដល់ជំនាញឯកទេស និងកម្មវិធីចែករំលែកបទពិសោធការអនុការងារជាក់ស្តែង។

ឯកឧត្តមរដ្ឋមន្ត្រី ជម្រាបជូនអង្គពិធីអំពីការដោះស្រាយបញ្ហាប្រឈម និងវឌ្ឍនភាពការងារវិស័យប្រៃសណីយ៍ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគន៍និងព័ត៌មាន ជាពិសេសផែនការសកម្មភាពដើម្បីពង្រឹងការអនុវត្តគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថល និងគោលនយោបាយរដ្ឋាភិបាលឌីជីថល។

ក្នុងពិធីនេះ ឯកឧត្ដមរដ្ឋមន្ត្រីក៏បានដាក់ចេញអាទិភាព ក្នុងការពង្រឹងនិងពង្រីកហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ដើម្បីគាំទ្រដល់ការផ្ដល់សេវាសាធារណ: ក្នុងខេត្តព្រះសីហនុ និងគម្រោងតម្លើង Wi-Fi សាធារណៈ ដោយឥតគិតថ្លៃ នៅតំបន់ឆ្នេរ និងទីប្រជុំជនអាទិភាពផ្សេងទៀត ៕





ដោយ ង៉ាន់ ទិត្យ