ការស្លាប់ដោយសារជំងឺដាច់សរសៃឈាមកើនឡើង ជំរុញឱ្យជប៉ុនចាត់វិធានការទប់ស្កាត់បន្ទាន់

តូក្យូ៖ ការប្រែប្រួលអាកាសធាតុកំពុងឆក់យកអាយុជីវិតប្រជាជនមានវ័យចាស់នៅក្នុងប្រទេសជប៉ុន ខណៈដែលរដ្ឋាភិបាលគ្រោងនឹងដាក់ចេញវិធានការទប់ស្កាត់បញ្ហានេះ។

ក្រសួងបរិស្ថានជប៉ុនបានឱ្យដឹងថា ជាមធ្យមមានមនុស្សចំនួន ១,១៤៥នាក់បានស្លាប់ជារៀងរាល់ឆ្នាំ ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល នៅចន្លោះឆ្នាំ ២០១៧ និង ២០២១។ នៅឆ្នាំ ២០២០ តួលេខ ៨៦ភាគរយនៃអ្នកស្លាប់មានអាយុលើសពី ៦៥ឆ្នាំ។

ជាការឆ្លើយតប គណៈរដ្ឋមន្ត្រីរបស់ប្រទេសជប៉ុនគ្រោងនឹងអនុម័តលើផែនការមួយ ដែលបង្ហាញពីវិធានការ ដើម្បីប្រយុទ្ធប្រឆាំងនឹងការកើនឡើងចំនួនអ្នកស្លាប់ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល នេះបើយោងតាមមន្ត្រីក្រសួងបរិស្ថាន។ បើតាមសារព័ត៌មានជប៉ុន NHK ផែនការទប់ទល់នឹងកំដៅអាចនឹងត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រីនាសប្តាហ៍ក្រោយក្រោយនេះ។

ចំណាត់ការខាងលើ បានកើតមានឡើងចំពេលដែលការប្រែប្រួលអាកាសធាតុ កំពុងនាំឱ្យមានសីតុណ្ហភាពក្តៅខ្លាំង និងរលកកំដៅជាញឹកញាប់ ដែលប៉ះពាល់ដល់ប្រទេសទាំងអស់នៅជុំវិញពិភពលោក។ ជប៉ុនត្រូវបានគេចាត់ទុកថា ជាប្រទេសមានប្រជាជនវ័យចំណាស់ច្រើនជាងគេបំផុតមួយរបស់ពិភពលោក ក្នុងនោះមានប្រជាជនជិត ៣០ភាគរយមានអាយុលើសពី ៦៥ឆ្នាំ។

សូមបញ្ជាក់ថា បណ្តាប្រទេសជាច្រើនទៀតក្នុងតំបន់អាស៊ី មានដូចជាឥណ្ឌា វៀតណាម ហ្វីលីពីន និងថៃ ក៏បានរងគ្រោះដោយសារសីតុណ្ហភាពកើនឡើងខ្ពស់បំផុតក្នុងឆ្នាំនេះ។ គំរូអាកាសធាតុ El Nino ក៏អាចនាំមកនូវលក្ខខណ្ឌអាកាសកាន់តែក្តៅ និងស្ងួតនៅផ្នែកខ្លះនៃតំបន់អាស៊ី និងអូស្ត្រាលីផងដែរ៕ ប្រភព៖ The Straits Times ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner