វៀតណាមប្រយុទ្ធប្រឆាំងនឹងជំងឺផ្លាស្ទិកនៅឈូងសមុទ្រ Ha Long
ហាឡុង៖ ឈូងសមុទ្រ Ha Long របស់ប្រទេសវៀតណាម ដែលមានថ្មកំបោរ និងកោះជាង ១,៦០០ ព័ទ្ធជុំវិញដោយព្រៃត្រូពិច ហើយត្រូវបានដាក់បញ្ចូលជាតំបន់បេតិកភណ្ឌធម្មជាតិពិភពលោករបស់អង្គការយូណេស្កូ បច្ចុប្បន្នកំពុងទទួលរងនូវផលប៉ះពាល់ ដោយសារតែកាកសំណល់របស់មនុស្ស។
អ្នកស្រី វូ ធី ធីញ អាយុ ៥០ឆ្នាំ ដែលធ្វើការជិតមួយទសវត្សរ៍ ជាអ្នករើសសំរាមបាននិយាយយ៉ាងដូច្នេះថា ខ្ញុំមានអារម្មណ៍នឿយហត់ណាស់ ព្រោះខ្ញុំប្រមូលសំរាមនៅឈូងសមុទ្រពេញមួយថ្ងៃ ដោយមិនមានពេលវេលាច្រើនទេ។ ខ្ញុំត្រូវធ្វើដំណើរពី ៥ ទៅ ៧ដងតាមទូកជារៀងរាល់ថ្ងៃ ដើម្បីប្រមូលសំរាមទាំងអស់នេះ។
ចាប់តាំងពីដើមខែមីនាមក សំរាមចំនួន ១០,០០០ម៉ែត្រគូប ដែលគ្រប់គ្រាន់សម្រាប់បំពេញអាងហែលទឹកអូឡាំពិកចំនួន ៤ ត្រូវបានប្រមូលពីចេញទឹក នេះបើយោងតាមក្រុមប្រឹក្សាភិបាលគ្រប់គ្រងឆ្នេរសមុទ្រ Ha Long របស់វៀតណាម។ បញ្ហាសំរាមបានក្លាយជាវិបត្តិដ៏រសើបរបស់នវៀតណាម ជាពិសេសក្នុងរយៈពេលពីរខែកន្លងមកនេះ។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ អាជ្ញាធរវៀតណាមបានបញ្ជាឱ្យកប៉ាល់ចំនួន ២០គ្រឿង ទូកចំនួន ៨គ្រឿង និងក្រុមមនុស្សរាប់សិបនាក់ ចាប់ផ្តើមប្រតិបត្តិការបោសសម្អាតសំរាម។
បញ្ហាកាកសំណល់បានកើតមានឡើងបន្ទាប់ពីភ្ញៀវទេសចរជាង ៧លាននាក់ បានមកទស្សនាថ្មកំបោរដ៏អស្ចារ្យនៃឈូងសមុទ្រ Ha Long នៅឆ្នេរសមុទ្រភាគឦសាននៃប្រទេសវៀតណាមកាលពីឆ្នាំ ២០២២។ ហើយអាជ្ញាធរសង្ឃឹមថា ចំនួនភ្ញៀវទេសចរនឹងកើនឡើងដល់ ៨,៥លាននាក់នៅក្នុងឆ្នាំ ២០២៣នេះ ខណៈដែលបញ្ហាសំរាម ក្នុងនោះមានទាំងកាកសំណល់មនុស្ស និងប្លាស្ទិក នៅតែជាក្តីកង្វល់ដ៏ធំបំផុត៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា





