រដ្ឋមន្ត្រីស្តីទី ៖ ការងារអធិការកិច្ចជាវិស័យមួយដ៏មានសារៈសំខាន់

ភ្នំពេញ៖ ឯកឧត្តម ឆេង សារឿន រដ្ឋមន្រ្តីស្តីទី ក្រសួងទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ច មានប្រសាសន៍ថា ការងារអធិការកិច្ចជាវិស័យមួយដ៏មានសារៈសំខាន់ក្នុងការរួមចំណែកលើក កម្ពស់ការដឹកនាំ គ្រប់គ្រងរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។ ស្ថាប័នអធិការកិច្ច មាននៅស្ទើរគ្រប់ប្រទេសនៅក្នុងសកលលោក គ្រាន់តែមានការដាក់ឈ្មោះមិនដូចគ្នាទៅតាមបរិបទសង្គម ឬ តំបន់ភូមិសាស្រ្តតែប៉ុណ្ណោះ។ រដ្ឋាភិបាលនៃប្រទេសជាច្រើនបានបង្កើតស្ថាប័ន ឬអង្គភាព ដែលមាន បេសកកម្មស្រដៀងគ្នានឹងក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចកម្ពុជា។

ឯកឧត្តម ឆេង សារឿន ថ្លែងបែបនេះក្នុងឧ៌កាសតំណាង សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ច កាលពីរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈអធិការកិច្ចបឋមជំនាន់៥ វគ្គ៣+៤ នៅទីស្តីការក្រសួង។

លោក សោម បូរ៉ាន នាយកវិទ្យាស្ថាន បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈអធិការកិច្ចបឋមជំនាន់៥ វគ្គ៣+៤នេះ បានប្រព្រឹត្តទៅរយៈពេល ២សប្តាហ៍ ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ដោយមានសិក្ខាកាមទាំងនៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិចូលរួមសរុបចំនួន ៤៥នាក់ (ស្រ្តីចំនួន ១៤នាក់) ក្នុងនោះ អគ្គនាយកដ្ឋានអធិការកិច្ចចំនួន ៥នាក់ មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ចចំនួន ៦នាក់ និងក្រសួងស្ថាប័នចំនួន ១៧ ស្មើនឹង ៣៤នាក់ រួមមាន៖ ក្រសួងការពារជាតិ, មហាផ្ទៃ, ផែនការ, សាធារណការនិងដឹកជញ្ជូន, កសិកម្ម រុក្ខាប្រមាញ់និងនេសាទ, អប់រំ យុវជននិងកីឡា, សុខាភិបាល, វប្បធម៌និងវិចិត្រសិល្បៈ, ទេសចរណ៍, អភិវឌ្ឍន៍ជនបទ, រ៉ែនិងថាមពល, ពាណិជ្ជកម្ម, មុខងារសាធារណៈ, កិច្ចការនារី, ធនធានទឹក និង ឧតុនិយម, ប្រៃសណីយ៍និងទូរគមនាគមន៍, និងបរិស្ថាន។

ឯកឧត្តម ឆេង សារឿន ក៏បានផ្តាំផ្ញើរដល់សិក្ខាកាមទាំងអស់ដែលបានទទួល ការបណ្តុះបណ្តាលត្រូវយកចំណេះដឹង និងបទពិសោធន៍ថ្មីៗទាំងនោះទៅបំពេញការងារប្រកបដោយសម្បទា វិជ្ជាជីវៈ ដើម្បីជួយអភិវឌ្ឍអង្គភាព និងពង្រឹងប្រសិទ្ធភាពការងារឲ្យកាន់តែល្អប្រសើរ នោះវានឹងក្លាយជា ធាតុចូលមួយក្នុងការរួមចំណែកដល់ការលើកកម្ពស់អភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាល៕
ដោយ ថេត វិចិត្រ ,ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner