សហរដ្ឋអាមេរិកបដិសេធសំណើរបស់ថៃ ជុំវិញការបញ្ជាទិញយន្តហោះ F-35

បាងកក៖ រដ្ឋាភិបាលថៃបានបញ្ជាក់ថា សហរដ្ឋអាមេរិកបានច្រានចោលសំណើរបស់កងទ័ពអាកាសថៃ ក្នុងការបញ្ជាទិញយន្តហោះចម្បាំងបំបាំងកាយ F-35A ភ្លាមៗ ដោយលើកឡើងពីរយៈពេលរង់ចាំដ៏យូរ និងតម្រូវការនៃការវិនិយោគដ៏ច្រើននៅក្នុងហេដ្ឋារចនាសម្ព័ន្ធ និងការបណ្តុះបណ្តាលជាដើម។

អ្នកនាំពាក្យកងទ័ពអាកាសថៃ លោក Prapas Sornchaidee បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ដោយផ្អែកលើការបញ្ជាទិញបច្ចុប្បន្ន និងផែនការផលិតកម្មសម្រាប់យន្តហោះ F-35 ដែលផលិតដោយក្រុមហ៊ុន Lockheed Martin Corp វានឹងត្រូវចំណាយពេលយ៉ាងហោចណាស់ ១០ឆ្នាំ ដើម្បីបញ្ជូនយន្តហោះបំបាំងកាយដ៏ទំនើបនេះទៅឱ្យអ្នកទិញថ្មី។

លោកបន្តថា អ្នកទិញថ្មីក៏នឹងត្រូវការការវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធ ការបណ្តុះបណ្តាល និងប្រព័ន្ធសន្តិសុខ ដើម្បីអនុលោមតាមបទដ្ឋានរបស់សហរដ្ឋអាមេរិកផងដែរ។ លោក Prapas បន្ថែមថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកត្រូវបានបញ្ជូនទៅកងទ័ពអាកាសថៃ តាមរយៈឯកអគ្គរដ្ឋទូតអាមេរិក លោក Robert F. Godec។

សូមបញ្ជាក់ថា កងទ័ពអាកាសថៃបានស្វែងរកការបញ្ជាទិញយន្តហោះ F-35A ដើម្បីធ្វើទំនើបកម្មកងយន្តហោះចម្បាំងដែលមានវ័យចំណាស់របស់ខ្លួន ហើយដំបូងឡើយ បានត្រៀមថវិកាប្រហែល ៣៦៩លានបាតសម្រាប់កញ្ចប់ថវិកាក្នុងឆ្នាំនេះ។

ប្រទេសថៃនឹងបញ្ជាទិញយន្តហោះបំបាំងកាយលើកដំបូងចំនួន ២គ្រឿង ហើយគ្រោងនឹងបញ្ជាទិញយន្តហោះសរុបចំនួន ១២គ្រឿងនៅឆ្នាំ ២០៣២។ លោក Prapas បាននិយាយថា ជំនួសមកវិញ សហរដ្ឋអាមេរិកបានស្នើឱ្យប្រទេសថៃពិចារណាទិញយន្តហោះចម្បាំង F-15 និង F-16 ដើម្បីបំពេញតាមតម្រូវការកងទ័ពអាកាសរបស់ខ្លួន៕ ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner