ក្រុមប្រឹក្សាធម្មនុញ្ញ៖ ការបដិសេធចោលបណ្តឹងរបស់គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ គឺអនុវត្តយ៉ាងខ្ជាប់ខ្ជួនស្របតាមស្មារតីរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ

ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣នេះ ក្រុមប្រឹក្សាធម្មនុញ្ញ បានចេញសេចក្តីថ្លែងការណ៍ចាត់ទុកការបដិសេធចោលបណ្តឹងរបស់គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ ទាក់ទងនឹងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧កន្លងមកនេះ គឺអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសមត្ថកិច្ចរបស់ខ្លួន ស្របតាមស្មារតីរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ព្រមទាំងបទដ្ឋានគតិយុត្តិពាក់ព័ន្ធនានា។

ក្នុងនាមជាស្ថាប័នកំពូលរបស់ជាតិ ដែលមានសមត្ថកិច្ចធានាការពារការគោរពរដ្ឋធម្មនុញ្ញ ក្រុមប្រឹក្សាធម្មនុញ្ញ ឈរលើឧត្តមគតិច្បាប់ក្នុងការអនុវត្តសមត្ថកិច្ចរបស់ខ្លួន ស្របតាមគោលការណ៍ គ្រឹះនៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស សិទ្ធិមនុស្ស និងនីតិរដ្ឋ ។

ការសម្រេចលើពាក្យបណ្តឹងទាក់ទងនឹងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ កន្លងមកនេះ ក្រុមប្រឹក្សាធម្មនុញ្ញអនុវត្ត យ៉ាងខ្ជាប់ខ្ជួននូវសមត្ថកិច្ចរបស់ខ្លួន ស្របតាមស្មារតីរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ព្រមទាំងបទដ្ឋានគតិយុត្តិពាក់ព័ន្ធនានា ដែលធានានូវការគោរពគោលការណ៍ ប្រជាធិបតេយ្យ សេរីពហុបក្ស ក្នុងនោះគណបក្សនយោបាយទាំងអស់ ត្រូវបានផ្ដល់ឱកាសនិងសិទ្ធិ ស្មើៗគ្នាចំពោះមុខច្បាប់ ដោយគ្មានការរើសអើង។

ក្នុងការអនុវត្តរដ្ឋធម្មនុញ្ញជិត៣០ឆ្នាំកន្លងមក គ្រប់ស្ថាប័នជាតិនិងសមាសភាគសង្គមទូទៅ បាននិងកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមស្មារតីនៃរដ្ឋធម្មនុញ្ញ ហើយលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស សិទ្ធិមនុស្សលើគន្លងនីតិរដ្ឋ បាននិងកំពុងចាក់ឫសក្នុងសង្គម ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញ ក្នុងការចូលរួមជីវភាពនយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ របស់ប្រទេសជាតិ ក្រោមដំបូលន រដ្ឋធម្មនុញ្ញ និងសុខសន្តិភាព៕

ads banner