ក្រសួងធនធានទឹក ជូនដំណឹង ស្តីពីការព្យាករកម្ពស់ទឹកជំនន់ទន្លេមេគង្គលើកទី១ ប្រចាំឆ្នាំ២០២៣

ភ្នំពេញ ៖ នៅព្រឹក ថ្ងៃសៅរ៍ ទី ២៧ ខែឧសភា ឆ្នាំ២០២៣នេះ ក្រសួង ធនធាន ទឹក និង ឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពី ការព្យាករកម្ពស់ទឹកជំនន់ទន្លេមេគង្គលើកទី១ ប្រចាំឆ្នាំ២០២៣។

ជាមួយគ្នានោះ ក្រសួង ធនធាន ទឹក បានគូសបញ្ជាក់ថា បន្ទាប់ពីបានធ្វើការតាមដាន អង្កេត ស្រាវជ្រាវលើស្ថានភាពអាកាសធាតុ និងស្ថានភាពទឹកជំនន់ទន្លេមេគង្គជាច្រើនឆ្នាំបន្តបន្ទាប់រួចមក ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូន ដំណឹង អំពីការព្យាករកម្ពស់ទឹកជំនន់ទន្លេមេគង្គលើកទី ១ ប្រចាំឆ្នាំ ២០២៣ ដូចខាងក្រោម ៖

១- ស្ថានភាពទូទៅនៃអាកាសធាតុក្នុងតំបន់ ៖
យោងតាមការសង្កេត ពិនិត្យទៅលើបាតុភូតធម្មជាតិ និងការព្យាករស្ថានភាពអាកាសធាតុ ក្នុងតំបន់សម្រាប់ឆ្នាំ ២០២៣ រួចមកឃើញថា ៖

  • ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ ២០២៣ ស្ថានភាពភ្លៀងនៅអាងទន្លេមេគង្គ រួមទាំងកម្ពុជាមានកម្រិតប្រហាក់ប្រហែលមធ្យមច្រើនឆ្នាំ ដោយសារតែឥទ្ធិពលអែលនីណូ (El Nino) មានត្រឹម ៦០% និងបាតុភូតអែនសូ (Neutral) មាន ៤០% ដែលជាបាតុភូតអន្តរកាលចន្លោះរវាងបាតុភូតអែលនីណូ (El Nino) និងបាតុភូតឡានីណា (La Nina) ។
  • ចាប់ពីខែឧសភា រហូតដល់ខែវិច្ឆិកា ឆ្នាំ ២០២៣ បាតុភូតអែលនីណូ (El Nino) មាន ៨០% និងបាតុភូតអែនសូ (Neutral) មានត្រឹមតែ ២០% ។

ផ្អែកតាមការវិវដ្តយ៉ាងរហ័សនៃបាតុភូតអែលនីណូ (El Nino) ក្នុងរយៈពេលចុងក្រោយនេះ បាន ធ្វើឲ្យស្ថានភាពអាកាសធាតុក្នុងរដូវវស្សាឆ្នាំ ២០២៣ ជួបនឹងរបបទឹកភ្លៀងធ្លាក់មិនបានរាយប៉ាយល្អ ភ្លៀងអាចមានក្នុងកម្រិតពីតិចទៅមធ្យម និងផ្នែកខ្លះជាបង្គួរ ជាមួយភ្លៀងធ្លាក់ភាគច្រើនជាលក្ខណៈផ្ទាល់ (Localize rain) មិនជាប្រព័ន្ធ ទាំងនៅក្នុងអាងទន្លេមេគង្គ និងនៅក្នុងប្រទេសកម្ពុជា ។

២- ស្ថានភាពទឹកទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាប ៖

ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ ២០២៣ ទឹកទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាប មានស្ថានភាពដូចខាងក្រោម ៖

  • ទន្លេមេគង្គ-ស្ទឹងត្រែង ទឹកមានកម្ពស់ខ្ពស់ជាងមធ្យមច្រើនឆ្នាំ ប្រមាណ ០,២៧ ម៉ែត្រ ។
  • ទន្លេមេគង្គ-ក្រចេះ ទឹកមានកម្ពស់ខ្ពស់ជាងមធ្យមច្រើនឆ្នាំ ប្រមាណ ០,៤០ ម៉ែត្រ ។
  • ទន្លេមេគង្គ-កំពង់ចាម ទឹកមានកម្ពស់ប្រហាក់ប្រហែលនឹងមធ្យមច្រើនឆ្នាំ ។
  • រាជធានីភ្នំពេញ ស្ថានីយជលសាស្រ្តទន្លេបាសាក់-ចតុមុខ ទឹកមានកម្ពស់ប្រហាក់ប្រហែល នឹងមធ្យមច្រើនឆ្នាំ ។
  • ទឹកក្នុងបឹងទន្លេសាប នៅស្ថានីយក្រគរ-កំពង់លួង ទឹកមានកម្ពស់ទាបជាងមធ្យមច្រើនឆ្នាំ ប្រមាណតែ ០,០៧ ម៉ែត្រ ។

ផ្អែកតាមលក្ខណៈខាងលើ ស្ថានភាពទឹកទន្លេមេគង្គសម្រាប់ដើមឆ្នាំ ២០២៣ នេះ នៅទន្លេមេគង្គផ្នែកខាងលើខេត្តកំពង់ចាម ទឹកមានកម្រិតកម្ពស់ខ្ពស់ជាងមធ្យមច្រើនឆ្នាំ, នៅទន្លេមេគង្គផ្នែកខាងក្រោម ទឹកមានកម្រិតកម្ពស់ប្រហាក់ប្រហែលនឹងមធ្យមច្រើនឆ្នាំ។ រីឯនៅទន្លេបាសាក់ និងបឹងទន្លេសាប ទឹកមានកម្រិតកម្ពស់ទាបជាងមធ្យមច្រើនឆ្នាំបន្តិចបន្តួច ។
៣- ការព្យាករទឹកជំនន់ទន្លេមេគង្គលើកទី ១ ប្រចាំឆ្នាំ ២០២៣ ៖

យោងលើស្ថានភាពអាកាសធាតុក្នុងតំបន់ ដែលកំពុងទទួលឥទ្ធិពលពីបាតុភូតអែលនីណូ (El Nino) បើទោះបីជាស្ថានភាពទឹកទន្លេនៅដើមឆ្នាំ ២០២៣ នេះ មានស្ថានភាពប្រសើរប្រហាក់ប្រហែលនឹងមធ្យមភាគច្រើនឆ្នាំក្តី តែបន្តទៅមុខទឹកភ្លៀងដែលនឹងកើតមាននៅអាងទន្លេមេគង្គ រួមទាំងកម្ពុជាផងនោះ មានការថយចុះទាបជាងមធ្យមភាគច្រើនឆ្នាំ ដែលជាកត្តានាំឲ្យទឹកជំនន់ទន្លេមេគង្គនៅឆ្នាំនេះ មានលក្ខណៈតូច ។ តាមការព្យាករទឹកជំនន់ទន្លេមេគង្គលើកទី ១ បានបង្ហាញថា នៅស្ថានីយជលសាស្ត្របាសាក់-ចតុមុខ សម្រាប់ឆ្នាំ ២០២៣ នេះ ទឹកអាចនឹងមានកម្ពស់ត្រឹមតែ ៨,៣៥ ម៉ែត្រ ដែលចាត់ទុកជាប្រភេទជំនន់តូច៕ដោយ៖ ភារ៉ា និងប៊ុនធី

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner