ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញទស្សនកិច្ចសហគមន៍កសិកម្មរមទមសាមគ្គីមានជ័យ នៅឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចុះពិនិត្យសហគមន៍កសិកម្មរមទមសាមគ្គីមានជ័យ នៅឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ។

ឯកឧត្តមរដ្ឋមន្ត្រី បានមានមតិសំណេះសំណាលជាមួយសមាជិកសហគមន៍កសិកម្មរមទមសាមគ្គីមានជ័យ និងបានបង្ហាញនូវចំណាប់អារម្មណ៍ចំពោះខេត្តព្រះវិហារដែលមានសក្តានុពល ក្នុងការធ្វើកសិកម្មសរីរាង្គ ហើយជាគោលដៅគឺនឹងរៀបចំខេត្តនេះឱ្យទៅជាខេត្តផលិតស្រូវសរីរាង្គ ដែលមានតម្លៃទីផ្សារខ្ពស់ និងងាយប្រកួតប្រជែងទីផ្សារ។

បើតាម ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ក្រសួងនឹងជួយសហគមន៍កសិកម្មលើការងារទីផ្សារឱ្យកាន់តែប្រសើរតាមរយៈការពង្រឹងការធ្វើកសិកម្មតាមកិច្ចសន្យា និងការផ្តល់បច្ចេកទេសកសិកម្ម ។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំឱ្យមានការធ្វើផែនការច្បាស់លាស់ក្នុងការចិញ្ចឹម និងដាំដុះរបស់កសិករ ដើម្បីធានាការផ្គត់ផ្គង់តាមតម្រូវការទីផ្សារ ដោយធ្វើយ៉ាងណាចំណាយតិច ចំណេញច្រើន ។

តមក ឯកឧត្តម ឌិត ទីណា បានអញ្ជើញទស្សនកិច្ចស្ថានីយ៍ស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកោះកេរ្តិ៍ នៅភូមិស្វាយប៉ាត ឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ។

ក្នុងទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសំណេះសំណាល និងណែនាំឱ្យស្ថានីយ៍ពិនិត្យលទ្ធភាពពង្រីកការស្រាវជ្រាវបន្ថែម ដោយមិនផ្តោតតែលើដំណាំស្រូវប៉ុណ្ណោះទេ តែត្រូវគិតលើសត្វ សាកវប្បកម្ម និងវារីសត្វផងដែរ ព្រោះនេះជាការងារស្រាវជ្រាវសម្រាប់ការអភិវឌ្ឍ ដោយធ្វើយ៉ាងណាឱ្យមានការប្រើប្រាស់ធាតុចូលតិច កាត់បន្ថយចំណាយ ចំណេញច្រើន មានប្រសិទ្ធភាពនិងនិរន្តរភាពសេដ្ឋកិច្ច ៕ ប្រភព ៖ ក្រសួងកសិកម្ម