សិក្ខាកាមទទួលបានការកើនប្រាក់ចំណូល២០ភាគរយ ក្រោយឆ្លងកាត់ការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចហូកា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ តាមរយៈការសិក្សាជាមួយសិក្ខាកាមដែលបានឆ្លងកាត់ការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា(Hoka) បានបង្ហាញថា មុនពេលបណ្តុះបណ្តាលសិក្ខាកាមទទួលបានប្រាក់ចំណូលប្រចាំជាមធ្យមខែចំនួន១៨៦ដុល្លារ ហើយនៅក្រោយទទួលបានការបណ្តុះបណ្តាល សិក្ខាកាមទទួលបានប្រាក់ចំណូលជាមធ្យមប្រចាំខែចំនួន ២២៣ ដុល្លារ មានការកើនឡើងប្រមាណ ២០ភាគរយ ស្មើនឹងប្រាក់កើនជាមធ្យមចំនួន ៣៦ដុល្លារ។

យោងតាមការផ្សព្វផ្សាយលើទំព័រហ្វេសប៊ុកដែលមានឈ្មោះថា «កម្មវិធីហូកា នៃគម្រោងអភិវឌ្ឍន៍ជំនាញ» នៅថ្ងៃទី ២៧ ខែឧសភានេះ បញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា ស្ថិតក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍ និងអង្គការ ស្វីសខន់ថាក់ ដើម្បីជំរុញការបណ្តាលបដិសណ្ឋារកិច្ចដល់យុវជនងាយរងគ្រោះ បុគ្គលិកជំនាញទាបអ្នកគ្រប់គ្រងនិងម្ចាស់អាជីវកម្មទេសចរណ៍ក្នុងខេត្តគោលដៅចំនួន១០ទូទាំងប្រទេស។

លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាន គ.គ.ហ. ប្រាប់ឱ្យដឹងថា ជាទូទៅនៅពេលដែលសិក្ខាកាមបានឆ្លងកាត់វគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា ទទួលបាននូវសេវាកម្មល្អប្រសើរជាងមុន។ លោកបន្តថា សិក្ខាកាមខ្លះទៀត បានទទួលនូវតំណែង ឬឋានៈនៅកន្លែងដែលពួកគេធ្វើការ ក្រោយពីទទួលបានវគ្គបណ្តុះបណ្តាលនេះ។ លោកថ្លែងថា៖« វគ្គបណ្តុះបណ្តាលរបស់យើង មិនមែនមានន័យថាចប់ភ្លាម យើងធ្វើ ស្ទង់មតិទេ ។ បី ឬ បួនខែក្រោយនៃការចប់វគ្គបណ្តុះបណ្តាល បានយើងធ្វើការស្ទង់មតិនៅក្រោយវគ្គ»។
កម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា (HoKa) ជាសមាសធាតុគោលមួយរបស់កម្មវិធីអភិវឌ្ឍន៍ជំនាញ (Skills Development Programme) របស់អង្គការ Swisscontact ដោយទទួលបានជំនួយឧបត្ថម្ភពីទីភ្នាក់ងារស្វីសសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ (SDC) សម្រាប់រយៈពេល ១២ឆ្នាំ ចាប់ពីឆ្នាំ២០១៦ ដល់២០២៨។

រហូតមកដល់បច្ចុប្បន្ន ក្រោមកិច្ចសហការដ៏ល្អជាមួយភាគីពាក់ព័ន្ធ គណៈកម្មការគ្រប់គ្រងគម្រោង ហូកា បានធ្វើការបណ្តុះបណ្តាលយុវជន យុវនារីកម្ពុជា អ្នកគ្រប់គ្រងនិងម្ចាស់អាជីវកម្មទេសចរណ៍បានជាង ៣ ០០០នាក់ នៅតាមខេត្តគោលដៅគម្រោងចំនួន១០ រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ មណ្ឌលគិរី រតនគិរី ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន ឧត្តរមានជ័យ និងបន្ទាយមានជ័យ។ ការបណ្តុះបណ្តាលនោះ លើជំនាញសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ ការិយាល័យជួរមុខ គេហកិច្ច ចុងភៅ មគ្គុទ្ទេសក៍ទេសចរណ៍ សហគមន៍ និងជំនាញឆុងកាហ្វេជាដើម៕ ដោយ៖ គឹមយុត្ថារ៉ូ

ads banner