គ.ជ.ប. អញ្ជើញតំណាងគណបក្សនយោបាយដែលចូលរួមក្នុងការបោះឆ្នោត ដើម្បីពិនិត្យទំហំសញ្ញាសម្គាល់ និងឈ្មោះ ដាក់នៅលើសន្លឹកឆ្នោត

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងអញ្ជើញតំណាងគណបក្សនយោបាយដែលចូលរួមក្នុងការបោះឆ្នោត ដើម្បីពិនិត្យទំហំសញ្ញាសម្គាល់ និងឈ្មោះគណបក្សនយោបាយជាអក្សរពេញ អក្សរកាត់ ដែលត្រូវដាក់នៅលើសន្លឹកឆ្នោត នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។

សេចក្តីជូនដំណឹងរបស់គ.ជ.ប នៅថ្ងៃទី ២៦ ខែឧសភានេះបានឱ្យដឹងថា ការអញ្ជើញតំណាងគណបក្សនយោបាយដែលចូលរួមក្នុងការបោះឆ្នោតនេះ ដើម្បីឱ្យការរៀបចំទំហំសញ្ញាសម្គាល់ (Logo) និងឈ្មោះគណបក្សនយោបាយជាអក្សរពេញ អក្សរកាត់ ដែលត្រូវដាក់នៅលើសន្លឹកឆ្នោត មានភាពត្រឹមត្រូវ ច្បាស់លាស់ និងមានការបញ្ជាក់ទទួលស្គាល់ដោយគណបក្សនយោបាយសាមីនីមួយៗ ។

លោក ញៀន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊ុនស៊ិនប៉ិច ប្រាប់ឱ្យដឹងនៅថ្ងៃទី ២៧ ខែឧសភាថា គណបក្សបានរៀបចំក្រុមការងាររួចហើយ ដើម្បីទៅចូលរួពិនិត្យទំហំសញ្ញាសម្គាល់ និងឈ្មោះគណបក្សនយោបាយជាអក្សរពេញ អក្សរកាត់ ដែលត្រូវដាក់នៅលើសន្លឹកឆ្នោតនេះ តាមរយៈការអញ្ជើញរបស់ គ.ជ.ប. ។

លោកបន្តថា ជាទូទៅគណបក្ស តែងតែចូលរួមនូវរាល់កិច្ចប្រជុំទាំងឡាយ ដែលរៀបចំដោយ គ.ជ.ប និងអនុវត្តតាមការណែនាំ បញ្ជា និងនីតិវិធីរបស់គ.ជ. ប ដើម្បីធ្វើយ៉ាងណាឱ្យដំណើការនៃការបោះឆ្នោតប្រព្រឹត្តិទៅដោយរលូន ត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌។

ជាមួយគ្នានេះ គិតត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ គ.ជ.ប បានសម្រេចទទួលស្គាល់ជាផ្លូវការអ្នកសង្កេតការណ៍ជាតិ សរុបចំនួន ២៩ ១៦៤ រូប មកពី ១១ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងភ្ញៀវពិសេស ដើម្បីចូលរួមសង្កេតមើលដំណើរការបោះឆ្នោត និងកំពុងពិនិត្យពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិមួយចំនួនទៀត ។

គ.ជ.ប បញ្ជាក់ថា ការដាក់ និងការទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ និងអ្នកសង្កេតការណ៍អន្តរជាតិ ចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣៕ ដោយ៖ គឹម យុត្ថារ៉ូ

ads banner